27 C
Phnom Penh

ម្ពុជា អះអាង​ថាស​កម្ម​ជន​នយោបាយ​ថៃ​ម្នាក់​គឺ​លោក Wanchalearm បាន​បាត់​ដំណឹង​ពី​កម្ពុជា​តាំងពី​ឆ្នាំ២០១៧

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​កម្ពុជា ឱ្យ​ដឹង​ថាម​កទល់​ពេលនេះ កម្ពុជា​តាមរយៈ​ក្រសួងមហាផ្ទៃ នៅ​មិនទាន់​មាន​តម្រុយ​ណាមួយ​អំពី​ការ​បាត់ខ្លួន​សកម្មជន​នយោបាយ​ថៃ​ម្នាក់​គឺ​លោក វ៉ាន់​ឆា​ឡឺម សា​ត់​ស័ក្កសិទ្ធ (Wanchalearm Satsaksit​) នៅ​ក្រុងភ្នំពេញ​នៅឡើយ ដោយ​ថា បុរស​រូប​នេះ​បាន​បាត់​ដំណឹង​ពី​កម្ពុជា​តាំងពី​ឆ្នាំ២០១៧មក​ម្លេះ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក កុយ គួង បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី២៣ ខែមិថុនា​នេះ​ថា កន្លងមក​កម្ពុជា​ធ្លាប់​បំភ្លឺ​ទៅ​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា ជុំវិញ​ពាក្យ​ចចាមអារ៉ាម​ករណី​បាត់ខ្លួន​សកម្មជន​នយោបាយ​ថៃ​នៅ​ក្រុងភ្នំពេញ ប៉ុន្តែ​ខាង​របាយការណ៍​របស់​អន្តោប្រវេសន្ត​នៃ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា​លោក Wanchalearm Satsaksit បាន​បាត់​ដំណឹង​តាំងពី​ឆ្នាំ២០១៧ម្លេះ ហើយ​ខាង​ក្រសួង​ការបរទេស​ក៏បាន​បំភ្លឺ​តាម​បច្ចេកទេស​ជំនាញ​នេះ​ទៅកាន់​ភាគី​ថៃ​ហើយ​ដែរ។លោក​ថា ពាក្យ​ចចាម​រ៉ាម​រឿង​បាត់ខ្លួន​បុរស​រូប​នោះ​ក្នុង​ពេល​ថ្មី​ៗនេះ ពុំមែន​ជា​រឿង​ពិត​ឡើយ ប៉ុន្តែ​លោក​ថា​ខាង​ជំនាញ​នៃ​ក្រសួងមហាផ្ទៃ​នឹង​បន្ត​ស្រាវជ្រាវ​ករណីនេះ​បន្ថែម​ទៀត។

ការ​អះអាង​នេះ​ធ្វើឡើង ក្រោយពេល​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​បាន​ផ្ញើ កំណត់​ទូត​មួយ​មក​ក្រសួង​ការបរទេស ដោយ​ស្នើសុំ​ឱ្យ​ភាគី​កម្ពុជា ពិនិត្យ និង​ផ្ទៀងផ្ទាត់​មើល​ករណី​ចាប់ជំរិត​សកម្មជន​នយោបាយ​ថៃ​លោក វ៉ាន់​ឆា​ឡឺម ដើម្បី​ចង់​ដឹង​ថា វា​ពិតជា​មាន​ករណី​ចាប់ជំរិត ដូចជា​ការ​ចុះផ្សាយ​ដែរ​ទេ។កាលពី​ថ្ងៃទី ៥ មិថុនា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Right Watch បាន​ស្នើ​ឱ្យ​កម្ពុជា​ស៊ើបអង្កេត​លើ​ករណី​ចាប់ជំរិត​សកម្មជន​នយោបាយ​ថៃ លោក វ៉ាន់​ឆា​ឡឺម ដែល​បាន​បាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី ៤ ខែមិថុនា ខណៈ​លោក​បាន​ចេញទៅ​ទិញ​អាហារ​នៅ​ម្តុំ​ខុន​ដូ​របស់​លោក​ស្នាក់នៅ​កណ្តាល​ក្រុងភ្នំពេញ។

Human Right Watch បានឱ្យ​ដឹង​ថា ករណី​ចាប់ជំរិត​នេះ កើតឡើង​មួយថ្ងៃ​ក្រោយ​ប៉ុណ្ណោះ បន្ទាប់ពី​លោក វ៉ាន់​ឆា​ឡឺម បាន​ចេញ​វីដេអូ ឃ្លី​បមួយ ដោយ​និយាយ​ជា​ភាសា​ថៃ រិះគន់​មេដឹកនាំ​ប្រទេស​ថៃ​បច្ចុប្បន្ន គឺ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចារ ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បានឱ្យ​ដឹង​ថា លោក វ៉ាន់​ឆា​ឡឺម គឺជា​សកម្មជន​នយោបាយ​ថៃ​ម្នាក់ និង​ជាសកម្ម​ជន​នយោបាយ​គាំទ្រ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថា​ក់​ស៊ីន ស៊ី​ណា​វ៉ាត់ ដែល​តែង​រិះគន់​របប យោធា​ដែល​ដឹកនាំ​ប្រទេស​សព្វថ្ងៃ និង​របប​រាជា​និយម​ថៃ ។លោក វ៉ាន់​ឆា​ឡឺម បាន​រត់គេច​ខ្លួន​មក​សម្ងំ​រស់នៅ​កម្ពុជា តាំងពី​ខែឧសភា ឆ្នាំ២០១៤ ក្រោយពី​យោធា​ថៃ​តាម​ចាប់ខ្លួន​លោក​៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស