40.6 C
Phnom Penh

ចិន​ផ្តល់​មូលនិធិ​ពិសេស​កិច្ច​សហប្រតិបត្តិ​ការ​មេគង្គ​-ឡាន​ឆាង​ឆ្នាំ២០២០ ជាង៧លាន​ដុល្លារ​ដល់​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​សាធារណរដ្ឋ ប្រជាមានិត​ចិន បានសម្រេច​ផ្តល់​មូលនិធិ​ពិសេស​សំរាប់​កិច្ច​សហប្រតិបត្តិ​ការ​មេគង្គ​-ឡាន​ឆាង​ឆ្នាំ២០២០ ជាង៧លាន​ដុល្លារ ដល់​កម្ពុជា សម្រាប់​គម្រោង​ថ្មី​ចំនួន២០បន្ថែម​ទៀត។

ការសម្រេច​នេះ​ធ្វើឡើង ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្តី​ពី​គម្រោង​កិច្ច​សហប្រតិបត្តិ​ការ​សម្រាប់​មូលនិធិ​ពិសេស លើ​កិ​ច្ច​សប្រ​តិប​ត្តិ​ការ​មេគង្គ​-ឡាន​ឆាង ២០២០ ដែល​ចុះហត្ថលេខា​ដោយ រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា លោក​ប្រាក់ សុ​ខុន ជាមួយ​ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​លោក វ៉ាង វិន​ធាន នៅ​ទី​ស្តី​ការក្រ​សួង​នា​ព្រឹក​ថ្ងៃទី ២៣ ខែមិថុនា។

ថ្លែង​ក្នុង​ពិធី​នោះ លោក​ប្រាក់ សុ​ខុន មានប្រសាសន៍​ថា ថវិកា​បាន​ពី​គម្រោង​ទាំងនេះ នឹង​បន្ត​រួមចំណែក​ដល់​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​អភិវឌ្ឍន៍​ជនបទ ធនធានទឹក កសិកម្ម ការ​តភ្ជាប់​ផ្លូវអាកាស ការអប់រំ បេតិកភណ្ឌ​វប្បធម៌ ជាដើម។ លោក​បង្ហាញ​នូវ​សេចក្តី​រីករាយ​ដោយ​ថា បើ​ទោះបីជា​មានផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​វិ​បត្ដិ​កូ​វីដ​-១៩ ក៏ដោយ ក៏​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​-ចិន ទាំង​កម្រិត​ទ្វេភាគី និង​ពហុភាគី គឺ​នៅតែ​រក្សា​បាន​នូវ​ភាព​សំខាន់។លោក​បន្ត​ថា ប្រទេស​ចិន បាន​ចាត់ទុក​ប្រទេស​កម្ពុជា ជាអាទិភាព​ចម្បង​ក្នុង​ការចូលរួម​ចំណែក​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ និង​កាត់បន្ថយ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​-សង្គម។លោក​ប្រាក់ សុ​ខុន លើកឡើង​ថា នៅក្នុង​ពេលវេលា​ដ៏​លំបាក​នៃ​ការ​រាតត្បាត​ជំងឺ​ជាស​កល​នេះ ពិធី​ចុះ​ផ្តល់​មូលនិធិ​ពិសេស​នេះ គឺ​ទាន់ពេល​វេលា និង​មាន​សារៈសំខាន់​បំផុត ដើម្បី​បង្ហាញ​ពី​ភាពរឹងមាំ​របស់​កម្ពុជា​-ចិន ព្រមទាំង​អះអាង​ជាថ្មី​នូវ​មូលដ្ឋាន​ដ៏​រឹងមាំ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​មេគង្គ ឡាន​ឆាង។

យ៉ាងនេះ​ក្តី កិច្ច​សហប្រតិបត្តិ​ការ​មេ​គង​-ឡាន​ឆាង ត្រូវ​បាន​ក្រុម​អ្នកឃ្លាំមើល​សង្គម​យល់ឃើញ​ថា គម្រោង​នេះ​នៅតែ​មាន​បញ្ហា​ចោទឡើង ត្បិត​ប្រទេស​ចិន​នៅតែ​ក្តោប​ក្តាប់​ទន្លេមេគង្គ​ផ្នែក​ខាងលើ នឹង​បាន​ធ្វើ​ទំនប់​វារីអគ្គិសនី​ជាច្រើន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្ទៃ​ទឹក​ផ្នែក​ខាងក្រោម ពិសេស​ប៉ះពាល់​ប្រទេស​ចំនួន៥នៅ​ជាប់​ទន្លេមេគង្គ​ផ្នែក​ខាងក្រោម រួមមាន​ប្រទេស​មី​យ៉ា​ម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម។

បញ្ហា​ប្រឈម​ដែល​កើតឡើង​ពី​ការ​រាំង​ខ្ទប់​ផ្ទៃ​ទឹក​ផ្នែក​ខាងលើ បាន​ធ្វើ​ឱ្យ​ប៉ះពាល់ ដល់​បណ្តា​ប្រទេស​នៅ​ផ្នែក​ខាងក្រោម ដូចជា​ភាពរាំងស្ងួត គ្រោះ​ទឹកជំនន់ ប៉ះពាល់​ដល់​បរិស្ថាន ជីវចម្រុះ ពិសេស​ធ្វើ​ឱ្យ​ទិន្នផល​ត្រី​ថយ​ចុះ ជាដើម​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស