38 C
Phnom Penh

កម្ពុជា​បន្ត​ទាមទារ​ឱ្យ​វៀតណាម​រុះរើ​តង់​ចេញពី​តំបន់​មិនទាន់​ឯកភាព​គ្នា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស អះអាង​ថា​កម្ពុជា​នៅតែ​ប្រកាន់​ជំហរ​ទាមទារ​ឱ្យ​ភាគី​វៀតណាម​ដក​តង់​ដែល​បោះ​ដោយ​ឯកតោភាគី​នៅ​តំបន់​មិនទាន់​ឯកភាព​គ្នា​ចេញ​ឱ្យ​អស់ និង​ត្រូវ​ធ្វើឡើង​ឱ្យ​បាន​ឆាប់រហ័ស។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី២៣មិថុនា អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង មានប្រសាសន៍​ថា កម្ពុជា​នៅតែ​ទាមទារ​ឱ្យ​ភាគី​វៀតណាម​រុះរើ​តង់​ដែល​បោះនៅ​តំបន់​មិនទាន់​ឯកភាព​គ្នា​ឱ្យ​អស់ និង​ឱ្យ​បាន​ឆាប់ ត្បិត​កន្លងមក​កម្ពុជា​ធ្លាប់​បាន​ផ្ញើ​កំណត់​ទូត​ទៅ​ភាគី​វៀតណាម​ម្តង​ករណី​បោះតង់៣១ទីតាំងនៅ​ភូមិសាស្ត្រ​ខេត្តកណ្តាល​ក្នុង​តំបន់​មិនទាន់​ឯកភាព​គ្នា និង​ឯកតោភាគី។លោក​បន្ថែម​ថា ការ​បោះតង់​ជា​បណ្តោះអាសន្ន​ក្រោម​ហេតុផល​ដើម្បី​ការពារ​ជំងឺ​កូ​វីដ១៩ ពីសំណាក់​ភាគី​វៀតណាម​អាច​ធ្វើ​ទៅ​បាន គឺ​បោះ​ក្នុងទឹក​ដី​របស់​ខ្លួន​នៅ​តំបន់​ដែល​ឯកភាព​គ្នា​រួច​ប៉ុណ្ណោះ ដោយ​មិន​អាច​បោះតង់​នៅ​តំបន់​មិនទាន់​ឯកភាព​គ្នា​នោះ​ឡើយ។

កាលពី​ថ្ងៃទី១០មិថុនា ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​ព្រំដែន​កម្ពុជា លោក ហ៊ូ សា​គុណ បាន​អះអាង​ក្នុង​ពិធី​មួយ​ថា យោធា​វៀតណាម ចូល​មក​បោះតង់ នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា ដោយ​ឯកតោភាគី​ចំនួន ២៥៦ កន្លែង នៅក្នុង​តំបន់​មិនទាន់​ឯកភាព​គ្នា ចាប់តាំងពី​ជំងឺ​កូ​វីដ១៩បាន​ផ្ទុះឡើង។យ៉ាងនេះ​ក្តី កាលពី​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា បាន​លើកឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ថា ករណី​វៀតណាម​បោះតង់ ៣១ទីតាំង​ជាប់​ព្រំដែន​កម្ពុជា​-វៀតណាម ក្នុង​ខេត្តកណ្តាល​កាលពី​ខែមីនា​នោះ គឺ​ភាគី​វៀតណាម​បាន​រុះរើ​តង់​ទាំងនោះ​ចេញ​តាំងពី​មុន​ថ្ងៃទី១៣ ខែឧសភា ហើយ​ការ​បោះតង់​ផ្សេងទៀត​ធ្វើឡើង​ក្នុងទឹក​ដី​ក្រោម​ការគ្រប់គ្រង​របស់​វៀតណាម​ប៉ុណ្ណោះ។

ទោះបីជា​យ៉ាងណាក៏ដោយ អភិបាលខេត្ត​កណ្តាល​លោក គង់ សោភ័ណ្ឌ ថ្លែងប្រាប់​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យVOD នៅ​ថ្ងៃ​អង្គារ៍​នេះ ថាម​កទល់​ពេល​បច្ចុប្បន្ន ភាគី​វៀតណាម​បាន​រុះរើ​តង់​ចំនួន៧ប៉ុណ្ណោះ ដោយឡែក​តង់​ចំនួន២៤ទីតាំង​ទៀត​នៅ​មិនទាន់​រុះរើ​ចេញពី​តំបន់​មិនទាន់​ឯកភាព​គ្នា​នោះ​ឡើយ។ ប្រភព​ដដែល​បន្ត​ថា ខាង​អាជ្ញាធរ​ខេត្ត និង​កងកម្លាំង​ព្រំដែន​កម្ពុជា​នៅតែ​ជំរុញ​ឱ្យ​ភាគី​វៀតណាម​រុះរើ​តង់​ចេញពី​តំបន់​មិនទាន់​ឯកភាព​គ្នា​ឱ្យ​អស់ ហើយ​ការងារ​នេះ​ធ្វើឡើង​ដោយ​យកចិត្ត​ទុកដាក់​បំផុត និង​ត្រួតពិនិត្យ​ជាប្រចាំ ដោយ​លោក​សង្ឃឹមថា​ភាគី​វៀតណាម​នឹង​ព្រម​រុះរើ​តង់​ទាំងនោះ​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​ផង​ដែរ។

កាលពី​ថ្ងៃទី ១២ខែមិថុនា ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិ​តេយ្យ​ហៅ​កាត់​ជា​ភាសាអង់គ្លេស​ថាSMD បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​មួយ ដោយ​ជំរុញ​ទៅ​ដ្ឋា​ភិបាល​លោក​ហ៊ុន សែន ត្រូវលើ​កយក​បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយ​វៀតណាម​ពេលនេះ ដាក់​ទៅកាន់​សហប្រធាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១។ លើស​ពីនេះ ក៏​ត្រូវលើ​កយក​ករណី​មួយចំនួន​ទៀត ដូចជា​ចង្កោម​កោះត្រល់​ជាដើម ដាក់​ប្តឹង​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​តែម្តង។ដោយឡែក ករណី​បោះតង់​របស់​យោធា​វៀតណាម កើនឡើង​ចំនួន ២៥៦ នៅ​តាម​ព្រំ​កម្ពុជា ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិ​តេយ្យ​យល់ឃើញ​ថា គឺជា​ការរំលោភ​ឈ្លានពាន​លើ​អធិបតេយ្យ និង​បូរណភាពទឹកដី​ខ្មែរ ព្រមទាំង​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្ថេរ​ភាព និង​សន្តិភាព​ក្នុង​តំបន់​អាស៊ាន​ទៀតផង។ក្រៅពី​ទាមទារ​ឱ្យ​អាជ្ញាធរ​ខ្មែរ​បន្ត​ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ ទាហាន​វៀតណាម ត្រូវ​រុះរើ​ជំរុំ និង​តង់​ទាំងអស់​ចេញពី​ព្រំដែន​កម្ពុជា SMD ក៏​ទាម​ទា​រដ្ឋាភិបាល​លោក​ហ៊ុន សែន ត្រូវ​ពិចារណា​ឡើងវិញ ជំរុញ​ការ​ដាក់​«មោក្ខ​ភាព» នូវ​កិច្ច​ព្រមព្រៀង និង​សន្ធិសញ្ញា​មិន​ស្មើភាព​គ្នា រវាង​កម្ពុជា​-វៀតណាម​កាលពី​ពេល​កន្លងមក​ទាំងអស់​ផង​ដែរ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស