32.9 C
Phnom Penh

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បន្ត​អំពាវនាវ​ឱ្យ​អឺរ៉ុប​ពន្យារពេល​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថាGMAC និង​សមាគម​ស្បែកជើង​នៅ​កម្ពុជា​ហៅ​កាត់​ថា CFA បាន​ស្នើ​ទៅ​សហភាព​អឺរ៉ុប​ជាថ្មី​ទៀត ដោយ​សុំ​ពន្យារពេល​ក្នុង​ការអនុវត្ត​ន៍​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​% ពី​កម្ពុជា។

សេចក្ដីថ្លែង​ការណ៍​របស់ GMAC និងCFA ដែល​ស្នើ​អឺរ៉ុប​បន្ថែម​ទៀត​នេះ គឺ​សុំ​ឲ្យ​រង់ចាំ១២ខែ​ទៀត ចាំ​យកពន្ធ២០​% ដែល​គណៈកម្មការ​អឺរ៉ុប​បានសម្រេច​កាលពី​ខែកុម្ភៈ ហើយ​នីតិវិធី​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​ពី​ខែសីហា​ទៅ។

ការសម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគរយ​នេះ គឺ កំណត់​ទៅលើ​មុខទំនិញ​ប្រមាណ៤០ប្រភេទ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​កម្ពុជា​ត្រូវ​បង់ពន្ធ​លើ​ទំនិញ​ទាំងនោះ​ប្រមាណ១រយ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។

ការសម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA ២០ភាគរយ​នេះ ជា​ការព្រមាន​របស់​សហភាព​អឺរ៉ុប​មក​លើ​រដ្ឋាភិបាល​លោក​ហ៊ុន សែន ក្រោយពេល​ពួក​គេ​រក​ឃើញថា​រដ្ឋាភិបាល​នេះ​មិនបាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើយ នូវ​លំហ​សិទ្ធិ សេ​រី​ភាព​ពពលរដ្ឋ ការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស សិទ្ធិ​ការងារ​ជាដើម។សមាគម​ទាំងពីរ​នេះ ព្រួយបារម្ភ​ថា វិស័យ​កាត់ដេរ​នៅ​កម្ពុជា នឹង​កាន់តែ​ដុនដាប ហើយ​អាច​នឹង​ដួល​រលំ ក្រោយ​បាត់​ផ្នែក​ណាមួយ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ។

ក្រុម​អ្នក​តំណាង​នយោ​ជក មើលឃើញ​ថា អ្នកបញ្ជា​ទិញ​នឹង​ងាក​ការ​បញ្ជាទិញ​ទៅកាន់​ប្រទេស​ដែល​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពេញលេញ ដែល​នឹង​ធ្វើ​ឱ្យ​វិស័យ​ឧស្សាហ៍​កម្ម​កាត់ដេរ អាច​ប្រឈម​ហា និ​ភ័យ​ខ្ពស់​សម្រាប់​សង្គមជាតិ​ទាំងមូល ខណៈ​ដែល​វិស័យ​នេះ​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ជាតិ​មួយ​ផ្នែក ដោយ​ជួយ​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ជិត១លាន​កន្លែង ហើយ​បើ​វិស័យ​នេះ​ដួល​រលំ​ពលរដ្ឋ​កម្ពុជា​រាប់​លាន​នឹង​រង​ផល​បះ​ពាល់។

ទោះបីជា​យ៉ាងនេះ​ក្តី​មកទល់​ពេល​បច្ចុប្បន្ន​រដ្ឋាភិបាល នៅ​មិនទាន់​បង្ហាញ​ជំហរ​បន្ទន់ឥរិយាបថ​ណាមួយ ដើម្បី​ការពារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មិន​ឱ្យ​បាត់បង់​ឡើយ។ ផ្ទុយទៅវិញ​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​តែ​ផ្កើន​សហភាព​អឺរ៉ុប និង​សហគមន៍​អន្តរជាតិ​ផ្សេងទៀត តាមរយៈ​តាម​កម្ទេច​មតិ​រិះគន់ ពិសេស​ក្រុម​បក្ស​ប្រឆាំង​ឥត​ឈប់ឈរ។

កាលពី​ថ្ងៃទី១ ខែមិថុនា លោក​ហ៊ុន សែន បាន​បន្ត​ព្រមាន​កម្ទេច​ក្រុម​បក្ស​ប្រឆាំង​ឱ្យ​វិនាស​សាបសូន្យ តាមរយៈ​ការប្រើ​យុទ្ធសាស្ត្រ​កាត់​ក្បាល បំបែក​ដងខ្លួន​ពួក​បក្ស​សង្រ្គោះ​ជាតិ​ឱ្យ​អស់ ប្រសិនបើ​ពួក​គេ​ហ៊ាន​យក​បញ្ហា​នៃ​វិបត្តិ​ជំងឺ​កូ​វីដ១៩ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់ លោក។

ក្រុម​អ្នក​តាមដាន​សង្គម​នៅតែ​ផ្តល់​អនុសាសន៍​ឱ្យ​អ្នកនយោបាយ​ខ្មែរ ពិសេស​ប្រមុខ​ដឹកនាំ វិល​ទៅ​ការ​ចរ​ចារ​រវាង​ខ្មែរ​និង​ខ្មែរ ដើម្បី​បញ្ចៀស​គ្រោះអាសន្ន​សេដ្ឋកិច្ច ដែល​នឹង​ឈាន​ទៅ​រក​វិបត្តិ​សង្គម​កាន់តែ​ធ្ងន់ធ្ងរ។ជាមួយគ្នា​នេះ យុទ្ធសាស្ត្រ​តាម​កម្ទេច​ក្រុម​បក្ស​ប្រឆាំង​នោះ នឹង​មិនបាន​ប្រយោជន៍អ្វី​សម្រាប់​ជាតិ​ឡើយ មានតែ​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​ភាព​បែកបាក់​ជាតិ​កាន់តែ​ខ្លាំង​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស