34 C
Phnom Penh

GMAC ស្នើ​ពន្យារពេល​ចរចា​ប្រាក់ឈ្នួល សម្រាប់​ឆ្នាំ២០២១ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថាGMAC បាន​ស្នើ​រដ្ឋាភិបាល​ពន្យារពេល​ក្នុង​ការ​ជជែកគ្នា​អំពី​បញ្ហា​ប្រាក់ឈ្នួល​អប្ប​រមា សម្រាប់​ឆ្នាំ២០២១ ដោយ​អនុវត្ត​ប្រាក់ឈ្នួល​ឆ្នាំ​ចាស់​ឆ្នាំ២០២០នេះ រហូតដល់​ស្ថានភាព​វិស័យ​នេះ​វិលត្រឡប់​ទៅ​រក​ភាព​ប្រសើរ។

ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃម្សិលមិញ GMAC លើកឡើង​ថា​ការចរចា​ប្រាក់​ប្រាក់ឈ្នួល​សម្រាប់​ឆ្នាំ២០២១ គួរ​ត្រូវ​បា​នព​ន្យា​ពេល រហូតដល់​វិស័យ​មួយ​នេះ អាច​ត្រឡប់ទៅ​សភាព​ដើម​វិញ។GMAC បាន​លើកឡើង​ទៀត​ថា ស្ថិតនៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​វិស័យ​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​កំពុង​មាន​ភាព​ផុយ​ស្រួយ និង​មាន​ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​វិលត្រឡប់​ទៅ​រក​សភាព​ដើម​វិញ ឬក៏​អាច​និយាយ​បាន​ថា​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​នូវ​វិស័យ​នេះ ត្រូវ​ចំណាយពេល​យូរ។

លើស​ពីនេះ​ទៀត មាន​រោងចក្រ សហគ្រាស​ជាច្រើន​ក្នុង​វិស័យ​នេះ បានសម្រេច​ចិត្ត​ព្យួរការងារ​និង​មាន​រោងចក្រ​ជាច្រើន​កំពុង​បិទទ្វារ។ បញ្ហា​នេះ GMAC ថា​យន្តការ​គាំទ្រ​នានា​ដល់​វិស័យ​នេះ ឬការ​ផ្អាក​ជា​បណ្តោះអាសន្ន​ក្នុង​ការ​ចរ​ចារ​ប្រាក់ឈ្នួល​ឆ្នាំ២០២១គឺជា​វិធានការ​ចាំបាច់ក្នុង​ការ​រក្សា​លំនឹង​ដល់​វិស័យ​នេះ​មិន​ឱ្យ​ដួល​រលំ ហើយ​មានជីវិត​បន្ត​ទៀត ព្រមទាំង​ជួយ​រក្សា​ការងារ​ជូន​បង​ប្អូន​នយោ​ជិត​ផង​ដែរ។

បច្ចុប្បន្ន​ប្រាក់ឈ្នួល​អប្ប​រមា​របស់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង មាន​ចំនួន១៩០ដុល្លារ​ក្នុង​មួយ​ខែ។ទោះបីជា​យ៉ាងនេះ​ក្តី ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ី​ណា លើកឡើង​ថា ផល​ប៉ះពាល់​ដោយសារ​កូ​វីដ មាន​ដូចគ្នា​រវាង និយោជក និង​កម្មករ​និយោជិត តែ​កម្មករ​ហាក់​រង​ផល​ប៉ះពាល់​ធ្ងន់ជាង​និយោជក ព្រោះ​ផលប្រយោជន៍​មួយចំនួន​ដែល​កម្មករ​ធ្លាប់​ទទួល​បាន​ពីមុន​មក ត្រូវ​បាន​ឈប់​ផ្តល់​អោយ។បន្ថែម​ពីនេះ ប្រាក់​រំលឹក​អតីតភាព​ការងារ​មុន​ឆ្នាំ២០១៩ និង​ប្រាក់បំណាច់​ការងារ​ឆ្នាំ២០២០ ដែល​នឹង​ត្រូវ​បើក​នៅក្នុង​ខែមិថុនា​នេះ ក៏​ត្រូវ​បា​នព​ន្យា​ពេល​ទៅ​ឆ្នាំ២០២១ វិញ។

ដោយឡែក​លោក​ថា ខាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ចង់​អោយ​ពន្យា​ពេល​ចរចា​ប្រាក់ឈ្នួល សម្រាប់​ឆ្នាំ២០២១ ថែមទៀត។លោក​បន្ត​ថា ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​បែបនេះ បើ​មិន​មានលទ្ធភាព​ក្នុង​ការ​លើកទឹកចិត្ត​បន្ថែម​ដល់​កម្មករ​ទេ ក៏​មិន​គួរ​កាត់បន្ថយ​ឬពន្យា​ពេល​ផ្តល់​នូវ​ផលប្រយោជន៍​ដែល​កម្មករ​ធ្លាប់​ទទួល​បាន​នោះ​ឡើយ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស