28 C
Phnom Penh

ពលរដ្ឋ​រិះគន់​ចំពោះ​ភាពយឺត​យ៉ាវ នៃ​ការ​បំពេញ​នីតិវិធី​ផ្ទេរ​កម្មសិទ្ធិ​កាត់ឈ្មោះ​រថយន្ត របស់​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​នាំគ្នា​រអ៊ូរទាំ ចំពោះ​នីតិវិធី នៃ​ការ​បំពេញបែបបទ​ផ្ទេរ​កម្មសិទ្ធិ ឬកាត់ឈ្មោះ​រថយន្ត ពី​ម្ចាស់​ដើម ទៅ​ម្ចាស់​កម្មសិទ្ធិ​បន្ត របស់​មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ថា​មាន​ភាពយឺត​យ៉ាវ ឬអូស​បន្លាយពេល​យូរថ្ងៃ​ពេក។

​ពួក​គេ​ស្នើ​ដល់ លោក បូរី វង្ស​សា​និត្យ ប្រធានមន្ទីរ​សាធារណការ និង​ដឹក​ជញ្ចូន​ខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​ពិនិត្យ​ដំណើរការ នៃ​កសរ​អនុវត្ត​នីតិវិធី របស់​មន្ត្រី​កហរោម​ឱវាទ ដើម្បី​ឈាន​ទៅ​ពន្លឿន​ការផ្ទេរ​កម្មសិទ្ធិ រថយន្ត ជូន​ពួក​គាត់​ឲ្យបាន​ឆាប់។

ក្រុម​ប្រជាពលរដ្ឋ និ​យាយ​ចំៗ​ថា ការ​កកស្ទះ និង​ភាពយឺត​យ៉ាវ ទៅលើ​សំណុំ​ឯក​សសរ​ស្នើ​ផ្ទេរ​កម្មសិទ្ធិ ឬកាត់ឈ្មោះ​រថយន្ត​នៅ​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ នេះ គឺ​បាន​កកស្ទះ​នៅកន្លែង​ត្រួតពិនិត្យ​បច្ចេកទេស​ទិន្នន័យ​រថយន្ត​តែម្តង។ម្ចាស់​រថយន្ត​ដែល​បាន​ដាក់​សំ​ណើរ​សុំ​ផ្ទេរ​កម្មសិទ្ធិ​រថយន្ត​មួយចំនួន បាន​អះអាង​ថា ឯកសារ​ទាំងអស់ ដែល​ពួក​គាត់​បាន​បំពេញ​រួច រួមមាន ការ​បង់ពន្ធ​ប្រថាប់ត្រា​នៅ​សាខា​ពន្ធដារ​ខេត្ត និង​ការ​បង់ប្រាក់​សេវា​ផ្ទេរ​កម្មសិទ្ធិ​នៅ​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​បែរជា ឯកសារ​មួយចំនួន បាន​ជាប់​គាំង​យូរថ្ងៃ​នៅកន្លែង​ត្រួតពិនិត្យ​បច្ចេកទេស រថយន្ត​ទៅវិញ។

ចំពោះ​ករណី​ជាប់​គាំង​នេះ ប្រជាពលរដ្ឋ បាន​ទទូច​ដល់​លោក បូរី វង្ស​សា​និត្យ ប្រធានមន្ទីរ​សាធារណការ និង​ដឹក​ជញ្ចូន​ខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​ពិនិត្យ​ពន្លឿន និង​ជួយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ដាក់​សំណើ​រកា​ត់​ឈ្មោះ ឬផ្ទេរ​កម្មសិទ្ធិ​ទាំងនោះ​វិញ។ ជាង​នេះ​ទៀត ប្រសិនបើ​ក្នុងករណី មាន​ឯកសារ​ណាមួយ​មិន​គ្រប់គ្រាន់ ឬខ្វះចន្លោះ ក្នុង​ការ​បំពេញបែបបទ​សុំ​ផ្ទេរ​កម្មសិទ្ធិ ឬកាត់ឈ្មោះ​រថយន្ត​នេះ សូម​ជួយ​ប្រាប់ ឬណែនាំ​ពួក​គាត់​បំពេញបន្ថែម ដោយ​មិន​ត្រូវ​បង្កក ឬផ្អឹប​ឯកសារ​ចោល​នោះ​ទេ។

ពាក់ព័ន្ធ​នឹង​ការ​កាត់ ឬផ្ទេរ​ឈ្មោះ​កម្មសិទ្ធិ​រថយន្ត​នេះ ក្រោយ​ការ​ជូនដំណឹង របស់ក្រ​សួង​សាធារណការ និង​ដឹកជញ្ជូន​អំពី​ការផ្ទេរ​កម្មសិទ្ធិ​រថយន្ត​ពី​ម្ចាស់​ដើម​នេះ គេ​សង្កេតឃើញ​ថា មាន​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ជាច្រើន នាំគ្នា​ចូល​ទៅ​បំពេញ​នីតិវិធី​តាម​ការ​ជូនដំណឹង​នោះ មួយ​ថ្ងៃ​ៗមាន​ចំនួន​រាប់​រយ​គ្រឿង។

យ៉ាងនេះ​ក្តី ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ អះអាង​ថា ឯកសារ របស់​ពួក​គាត់ ដែល​យឺតយ៉ាវ​នេះ គឺ​នៅកន្លែង​មន្ត្រី​ជំនាញ​ពិនិត្យ​បច្ចេកទេស​រថយន្ត មុន​ពេល​បញ្ជូន​បន្ត​ទៅ​ថ្នាក់ដឹកនាំ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​ដើម្បី​ពិនិត្យ​សម្រេច​ចុងក្រោយ។​ពួក​គេ​និយាយ​ថា ចំពោះ​លិខិត​បទ​ដ្ឋាន​ផ្សេង​ៗ ដែល​បាន​ដាក់​សំ​ណើរ​ផ្ទេរ​កម្មសិទ្ធិ ឬកាត់ឈ្មោះ​រថយន្ត​នេះ គឺ​ពួក​គាត់ បាន​អនុវត្ត​ស្របតាម​នីតិវិធី ដោយមាន​ចុះ​ថ្ងៃខែ​ឆ្នាំ​ត្រឹមត្រូវ ប៉ុន្តែ​ប្រសិនបើ​ពិតជា​ត្រូវ​អូស​បន្លាយពេល​យូរថ្ងៃ ឬមាន​បញ្ហា​បច្ចេកទេស​អ្វីមួយ គឺ ថ្នាក់ដឹកនាំ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ អាច​ជូនដំណឹង ដល់​ពលរដ្ឋ​ឲ្យ​ពួក​គាត់​បានដឹង​អំពី​ពេលវេលា​ពិតប្រាកដ នៃ​ចំនួន​ថ្ងៃ​ក្នុង​ការផ្ទេរ​កម្មសិទ្ធិ ឬការ​កាត់ឈ្មោះ​ម្ចាស់​កម្មសិទ្ធិ​រថយន្ត​ពី​ម្ចាស់​ដើម ទៅ​ម្ចាស់​គ្រប់គ្រង​បន្ត ដើម្បី​បង្ការ​កុំ​ឲ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និង​គោលការណ៍​របស់ក្រ​សួង​សាធារណការ និង​ដឹកជញ្ជូន​ផង​ដែរ។

គេហទំព័រ “កម្ពុជា​ថ្ងៃនេះ​” www.camday.news បាន​ដកស្រង់​សម្តី របស់​មន្ត្រី​ទទួលខុសត្រូវ​ផ្នែក​ត្រួតពិនិត្យ​ទិន្នន័យ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ មក​ចុះផ្សាយ​បាន​ឲ្យដឹង​ថា ការ​យឺត​យូរ​ខ្លះ​ៗ ក្នុង​ការផ្ទេរ​កម្មសិទ្ធិ​រថយន្ត​នេះ គឺ​ដោយសារ​ការ​ផ្ទៀងផ្ទាត់​ឯកសារ​តាម​នីតិវិធី ត្រូវ​ធ្វើ​យ៉ាង​លំអិត ឬភាព​យឺតយ៉ាវ​ខ្លះ​បណ្តាល​មក​ពី​ម្ចាស់​រថយន្ត​មួយចំនួន នៅ​ខ្វះ​ឯកសារ សម្រាប់​ផ្ទេរ​កម្មសិទ្ធិ ឬកាត់ឈ្មោះ​រថយន្ត​ទាំងនោះ។

យ៉ាងនេះ​ក្តី មន្ត្រី​បច្ចេកទេស​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​ថា នឹង​ខិតខំ​ធ្វើការ​ដោះស្រាយ​ពន្លឿន លើ​ការងារ​ផ្ទេរ​កម្មសិទ្ធិ ឬកាត់ឈ្មោះ​រថយន្ត ជូន​ប្រជាពលរដ្ឋ ឲ្យបាន​ឆាប់​តាមដែល​អាច​អនុវត្ត​ទៅ​បាន។កន្លងមក​នេះ ក្រសួងសាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បាន​ប្រកាស​ណែនាំ​ថា ចំពោះ​ការផ្ទេរ​កម្មសិទ្ធិ​យានយន្ត ដែល​រក​ម្ចាស់​ដើម​មិនឃើញ នឹង​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

ផ្តើម​ពី​បញ្ហា​នេះ ក្រសួងសាធារណការ និង​ដឹកជញ្ជូន ក៏បាន​ផ្ញើ​សារ​កើន​រំឮក​ជាថ្មី​ម្តង​ទៀត បន្ថែម​ពីលើ​សេចក្តី​ណែនាំ ” ការផ្ទេរ​កម្មសិទ្ធិ​យានយន្ត ដែល​រក​ម្ចាស់​ដើម​មិនឃើញ ” ដល់​ពលរដ្ឋ ដែល​កំពុង​កាន់កាប់​យានយន្ត ទិញ​លក់​តៗ​គ្នា​រក​ម្ចាស់​ដើម​មិនឃើញ ត្រូវ​ដាក់ពាក្យ​ស្នើសុំ​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត ឲ្យបាន​មុន​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។ ជាង​នេះ​ទៅទៀត​ក្រសួង​បាន​ស្នើ​ដល់​ម្ចាស់​កម្មសិទ្ធិ​យានយន្ត​ទាំងអស់ ត្រូវ​រួសរាន់​ដាក់ពាក្យ​ស្នើសុំ ឲ្យបាន​ទាន់ពេល​វេលា​កំណត់​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស