27 C
Phnom Penh

លោក ​ហ៊ុន សែន គាំទ្រ​ធនាគារ​ប្តឹង​រឹបអូស​ទ្រព្យ​កូនបំណុល​ណា ដែល​ស្តាប់​តាម​ការឃោសនា​ក្រុមប្រឆាំង​មិន​ឱ្យ​សង​ប្រាក់​ទៅ ធនាគារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន លើកឡើង​ថា​លោក​មិន​ចង់​ឃើញ​មានការ​រឹបអូស​ទ្រព្យសម្បត្តិ​កូនបំណុល ដែល​ជំពាក់​ធនាគារ​ក្នុង​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​រ៉ូ​ណា​ឬកូ​វីដ១៩នោះ​ឡើយ ប៉ុន្តែ​លោក​លើកទឹកចិត្ត​ឱ្យ​មានការ​រឹបអូស​ទ្រព្យ​កូនបំណុល​ទាំងឡាយ​ណា ប្រសិនបើ​ពួក​គេ ស្តាប់​តាម​ការឃោសនា​របស់​ក្រុមប្រឆាំង​ឬ បន្ត​ឃោសនា​មិន​ឱ្យ​មានការ​សង​ប្រាក់កម្ចី​ទៅ​ធនាគារ​នោះ។

ថ្លែង​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ១៩ ប្រមាណ៦០ម៉ឺន​គ្រួសារ នៅ​ព្រឹក​ថ្ងៃទី២៤ ខែមិថុនា លោក​ហ៊ុន សែន មានប្រសាសន៍​ថា​លោក​លើកទឹកចិត្ត​ឱ្យ​ធនាគារ​ប្តឹង​ទៅ​តុលាការ​ដើម្បី រឹបអូស​ទ្រព្យសម្បត្តិ​អ្នក​ដែល​ជំពាក់​ធនាគារ​ហើយ​បន្ត​ឃោសនា​ឬធ្វើ​ចលនា​គៀង​គរ​អ្នកដទៃ​មិន​ឱ្យ​សង​ប្រាក់​ទៅ​ធនាគារ​នោះ។

ប្រតិកម្ម​របស់​លោក​ហ៊ុន សែន នៅពេល​នេះ​ធ្វើឡើង ក្រោយពេល​មានការ​អំពាវនាវ​ទៅ​ពលរដ្ឋ​ពីសំណាក់​ក្រុម​បក្ស​ប្រឆាំង​នៅ​ក្រៅប្រទេស ពិសេស​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដោយ​ប្រាប់​ឱ្យ​ពលរដ្ឋ​ផ្អាក​ឬពន្យារពេល ក្នុង​ការ​សងបំណុល​ទៅ​ធនាគារ​ឬ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ១៩ ដោយ​រង់ចាំ​ពេលណា​ដែល​ពលរដ្ឋ​មាន​ជីវភាព​ប្រសើរ និង​នៅពេល​វិបត្តិ​ជំងឺ​ជាស​កល​នេះ​បាន​បញ្ចប់​ទៅវិញ។

កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ក្រុម​អង្គការ​សង្គម​ស៊ីវិល ជាង១៣០ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ ដោយ​អំពាវនាវ​ទៅ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ឱ្យ​មានការ​ផ្អាក​សង​ប្រាក់កម្ចី និង​ការប្រាក់​ទាំងអស់ យ៉ាងតិច​ណាស់​ចំនួន៣ខែ និង​ប្រគល់​ជូន​ម្ចាស់ទ្រព្យ​វិញ​នូវ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ឬទ្រព្យ​បញ្ចាំ ខណៈ​បច្ចុប្បន្ន​មាន​ពលរដ្ឋ​ជំពាក់បំណុល​ធនាគារ​ឬ មីក្រូហិរញ្ញវត្ថុ​ជាង២លាន៥សែន​នាក់ ហើយ​ប្លង់​ទ្រព្យ​បញ្ចាំ​រាប់​លាន​ប្លង់​កំពុង​ស្ថិតនៅ​ក្នុង​ដៃ​របស់​ធនាគារ​ឬគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

វិធានការ​ទាំងនេះ​គឺ​មាន​ភាព​ចាំបាច់ ដើម្បី​ធានា​ថា ប្រជាពលរដ្ឋ​អាច​បន្ត​រស់នៅ​ក្នុង​ពេល​មាន​វិបត្តិ​នេះ​ដោយ​គ្មាន​ហានិភ័យ​ចំពោះ​សុខភាព ឬលំនៅ​ដ្ឋាន​របស់​ពួក​គេ ព្រមទាំង អាច​បញ្ជៀស​ពី​កម្ចី​ឥណទាន​មាន​ហានិភ័យ ដែល​អាច​នាំ​ឱ្យ​កើតមាន​ករណី​ធ្វើការងារ​ដោះបំណុល ការ​ជួញដូរ​មនុស្ស និង​ការរំលោភ​សិទ្ធិមនុស្ស​ដទៃទៀត​ជាដើម។

ក្រុម​អ្នក​តាមដាន​សង្គម យល់ឃើញ​ថា​ក្នុង​ស្ថានភាព​នេះ ប្រសិនបើ​ធនាគារ និង​អាជ្ញាធរ​អនុវត្ត​នូវ​សារ​នយោបាយ​របស់​លោក ហ៊ុន សែន មែន ពលរដ្ឋ​ជា​កូនបំណុល​នឹង​កាន់តែ​ជួប​គ្រោះអាសន្ន​បន្ថែម​ទៀត គឺជា​គ្រោះ​បន្ថែម​ពីលើ​គ្រោះអាសន្ន​សេដ្ឋកិច្ច​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ១៩ ត្បិត​ពួក​គាត់​ត្រូវ​ប្រឈម​នឹង​ការបាត់បង់​ផ្ទះសម្បែង ដីធ្លី ជាដើម​៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស