កម្ពុជានៅតែប្រកាសជំហរ រក្សាភាពអព្យាក្រឹត្យដូចគ្រាលមុនៗ ពាក់ព័ន្ធនឹងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង។ការរក្សាជំហរអព្យាក្រឹត្យនេះ បានលើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃម្សិលមិញ ស្តីពី លទ្ធផលនៃកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្រ្ដីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្ដិសុខលើកទី២១ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៦។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន កម្ពុជាបានលើកឡើងថា ក្នុងនាម កម្ពុជា ជារដ្ឋដែលមិនទាមទារអធិបតេយ្យនៅក្នុងសមុទ្រចិនខាងត្បូង គឺសូមរក្សាភាពអព្យាក្រឹតលើបញ្ហាជម្លោះទឹកដីនេះ។លើសពីនេះ កម្ពុជាសង្ឃឹមថាភាគីពាក់ព័ន្ធ គួរបន្តរក្សាបរិយាកាសអំណោយផលក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ដែលនឹងចូលរួមចំណែកដល់ការបញ្ចប់ការចរចាលើក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង។
នេះមិនមែនជាលើកទី១ សម្រាប់កម្ពុជាក្នុងការប្រកាសជំហរអព្យា ក្រឹត្យពាក់ព័ន្ធបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ក្រុមអ្នកវិភាគនិយាយថាជំហររបស់កម្ពុជាគ្មានភាពអាព្យាក្រិត្យអ្វីនោះឡើយ ពីព្រោះកម្ពុជាមានទំនាក់ទំនងមិត្តដែកថែបយ៉ាងស្អិតរមួតជាមួយចិននោះ។ដោយសារតែជំហររបស់កម្ពុជាងាកទៅរកចិនយ៉ាងខ្លាំងនេះហើយបានជាកម្ពុជាធ្លាប់ធ្វើឱ្យរាំងស្ទះនូវការចេញគោលការណ៍រួមរបស់ អាស៊ាន ពាក់ព័ន្ធនឹងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង នៅពេលដែលកម្ពុជាធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំ២០១២។
ជម្លោះមួយនេះមានភាគីពាក់ព័ន្ធរដ្ឋជាសមាជិកអាស៊ាន ៤ប្រទេសក្នុងចំណោម១០ប្រទេស រួមមាន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង វៀតណាម ដោយកំពុងប្រជែងកាន់កាប់ដែនសមុទ្រមួយនេះ លើទំហំប្រមាណ៣លាន៥សែនគីឡូម៉ែត្រការ៉េ ជាមួយមហាយក្សចិន។ ប៉ុន្តែអ្នកដែលចេញមុខតវ៉ាខ្លាំង និងញឹកញាប់ គឺវៀតណាម។
កាលពីពេលថ្មីៗនេះ រដ្ឋអំណាច ចិនបានប្តូរឈ្មោះកូនកោះចំនួន ២៥ និងថ្មប៉ប្រះទឹកចំនួន ៥៥ កន្លែង នៅក្នុងសមុទ្រចិនខាងត្បូង ដែលលាតសន្ធឹងពីទីក្រុងហុងកុងទៅដល់កោះ Borneo។ រដ្ឋាភិបាលចិនសង្ឃឹមថា ការធ្វើដូចនេះនឹងពង្រឹងការទាមទាររបស់ខ្លួនចំពោះដែនសមុទ្រចិនខាងត្បូងមកស្ថិតក្រោមការត្រួតត្រារបស់ខ្លួន៕