31 C
Phnom Penh

សកម្មជន​ព្រៃឈើ​ថា ការ​បញ្ជា​ឱ្យ​ទប់ស្កាត់​បទល្មើស​ព្រៃ​ពីសំណាក់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​គ្រាន់តែ​ជា​ការ​សម្តែង​ប៉ុណ្ណោះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​ការពារ​ព្រៃឈើ យល់ឃើញ​ថា​ការ​បញ្ជា​ឱ្យ​ប្រធានមន្ទីរ ស្ថាប័ន​ផ្នែក​កសិកម្ម នៅ​រាជធានី ខេត្ត ចូល​រួម​ទប​ស្កាត់​បទល្មើស​ព្រៃឈើ ពីសំណាក់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សា​ខុន គ្រាន់តែ​ជា​ការ​សម្តែង​ឱ្យ​តែ​ល្អមើល​ប៉ុណ្ណោះ។

ការ​លើកឡើង​នេះ ក្រោយពេល​រដ្ឋ​មន្ដ្រី​កសិកម្ម លោក វេង សា​ខុន បាន​ចេញ​លិខិត​មួយ​កាលពី​ថ្ងៃទី ១៩ មិថុនា ហើយដែល The Cambodia Daily ទើប​ទទួល​បាន​នៅ​ថ្ងៃនេះ​ឲ្យដឹង​ថា លិខិត​នោះ​បាន​បញ្ជា​ឲ្យ​ប្រធានមន្ទីរ​កសិកម្ម​រាជធានី​-ខេត្ត ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ជលផល និង​ការ​កាប់​រាន ដុត ឈូស​ឆាយដី​ព្រៃឈើ ព្រៃលិចទឹក​តាម​គ្រប់រូប​ភាព។

ក្នុង​លិខិត​នោះ លោក វេង សា​ខុន ទទួលស្គាល់​ថា សកម្មភាព បទល្មើស​ពាក់ព័ន្ធ​នឹង​ការ​នេសាទ​ខុសច្បាប់ ការ​កាប់​រាន​ដី​ព្រៃឈើ និង​ព្រៃលិចទឹក ការ​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ និង​ការ​កាប់​រាន ដុត ព្រមទាំង​ឈូស​ឆាយដី​រដ្ឋ​ខុសច្បាប់ នៅតែ​បន្ត​កើតមានឡើង​ឥត​ឈប់ឈរ នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រូប​នេះ យល់ឃើញ​ថា​ដើម្បី​ធានា​បាន​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ពិសេស​ធនធាន​ព្រៃឈើ និង​ជលផល​នោះ​ក្រសួង​បាន​បញ្ជា​ឱ្យ មន្ទីរ ឬស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជាបន្ទាន់​នូវ​រាល់​បទល្មើស​ទាំងនេះ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​-ខេត្ត​ផង​ដែរ។

ទោះបីជា​យ៉ាងនេះ​ក្តី​សកម្មជន​ការពារ​ព្រៃឈើ​លោក ហេង ស្រស់ យល់ឃើញ​ថា​ការ​បញ្ជា​នេះ​គ្រាន់តែ​ជា​ការ​សម្តែង និង​ធ្វើ​ឱ្យ​ល្អមើល​ប៉ុណ្ណោះ ត្បិត​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ខ្លួនឯង​បានដឹង​ជាមុន​ទៅ​ហើយ​ថា​បទល្មើស​ទាំងនោះ​កើតឡើង​បាន​តាមវិធី​ណា ។លោក​បន្ត​ថា ប្រសិនបើ​គ្មាន​ការ​បើកដៃ ឬឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​នោះ​ទេ បទល្មើស​ទាំងនោះ​ក៏​មិន​អាច​កើតឡើង​បាន​ដែរ ត្បិត​បទល្មើស​ព្រៃ​ឈើ​ធំៗ ភាគច្រើន​សុទ្ធតែ​កើតឡើង​ដោយ​អ្នកមាន​អំណាច ក្រុម​ឧកញ៉ា និង​មន្ត្រី​គ្រា​ក់ៗ​ជាច្រើន​ទៀត​ក្នុង​ជួរ​រដ្ឋាភិបាល​ជា​អ្នក​ពាក់ព័ន្ធ។ លោក​ថា បញ្ជា​នេះ​បានតែ​នៅ​លើ​ក្រដាស​ប៉ុណ្ណោះ គ្មាន​ប្រសិទ្ធភាព​អ្វី​ឡើយ ដោយ​លោក​ហេង ស្រស់ ថាបើ​ចង់ឱ្យ​ការ​ថែរក្សា​ធនធាន ធម្មជាតិ ពិសេស​ព្រៃឈើ និង​ការ​បង្ក្រាប​បទល្មើស​មានប្រសិទ្ធភាព រដ្ឋាភិបាល​ត្រូវ​ធ្វើការងារ​នេះ​ប្រកបដោយ​ឆន្ទៈ និង​ការទទួលខុសត្រូវ ខ្ពស់។ អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង លុបបំបាត់​រាល់​ទម្រង់​អំពើពុករលួយ ដោយ​អនុវត្ត​ពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម ចំពោះ​រាល់​មន្ត្រី​ដែល​ពាក់ព័ន្ធ ឬឃុបឃិតជាមួយ​ជនល្មើស​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ។បន្ថែម​ពីនេះ ត្រូវ​បង្ហាញ​សាធារណៈ​ជន​អំពី​ក្រុមហ៊ុន​សម្បទាន​ដែល​ត្រូវ​បាន​បិទទ្វារ និង​ក្រុមហ៊ុន​ណា​ដែល​រដ្ឋាភិបាល​បាន​ដកហូត​មកវិញ ជៀសវាង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ​នៅតែ​អាច​បន្ត​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ ពិសេស​ធ្វើ​ឱ្យ​វិនាស​ព្រៃឈើ។

រដ្ឋាភិបាល​ត្រូវ បិទ​រោងចក្រ​អា​ឈើ និង​កែច្នៃ​ឈើ​ទូទាំង​ប្រទេស ព្រមទាំង​បញ្ឈប់​ការ​ផ្តល់​លិខិតអនុញ្ញាត​ក្នុង​ការ​ដឹកជញ្ជូន​ឈើ​បន្ត​ទៅទៀត បើ​ពុំ​នោះ​ទេ​ព្រៃឈើ​នៅ​កម្ពុជា​ជៀស​មិន​ផុត​ពី​ក្តី​វិនាស​នោះ​ឡើយ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស