30 C
Phnom Penh

ពលរដ្ឋ​ខេត្ត​ព្រះសីហនុទាមទារ​ឲ្យ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ពន្លឿន​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួក​គាត់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​នាំគ្នា​ត្អូញត្អែរ​ថា បន្ទាប់ពី​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ ចុះ​វាស់វែង​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​ជូន​ពួក​គាត់​អស់​រយៈពេល​ជិត១ឆ្នាំ​កន្លះ​មក ពួក​គាត់​នៅតែ​មិនទាន់​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នេះ ដើម្បី​មាន​ភាព​កក់ក្តៅ​លើ​សុវត្ថិភាព​ដីធ្លី ឬយក​ទៅ​ប្រើប្រាស់​ក្នុង​ការពង្រីក​មុខរបរ​នៅឡើយ​ទេ។

ពលរដ្ឋ​រស់នៅ​ឃុំ​កែវ​ផុស ស្ថិត​ក្នុងចំណោម​ប្រជាពលរដ្ឋ​ច្រើន​ទៀត រស់នៅ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​រអ៊ូរទាំ​ថា ការ​ធ្វើ​ប្លង់ដី ឬធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី របស់​មន្ត្រី​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ គឺ​មហាសែន​យឺត ពោល​គឺ​អូស​បន្លាយពេល​រាប់​ឆ្នាំ​តែម្តង។ក្រុម​ប្រជាពលរដ្ឋ​បន្ត​ថា ដី​របស់​ពួក​គាត់ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​រិទ្ធី១ ឃុំ​កែវ​ផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដែល​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ ចុះ​វាស់វែង បើ​គិត​មកដល់​ខែមិថុនា ឆ្នាំ២០២០នេះ មាន​រយ:ពេល​ជិត១៥ខែ​ទៅ​ហើយ ប៉ុន្តែ​នៅ​មិនទាន់​លឺ​ដំណឹង​ថា មន្ត្រី​ជំនាញ​សុរិយោដី​ខេត្ត​ព្រះសីហនុ នឹង​ចុះ​ចែក​ប័ណ្ណ​កម្មសិទ្ធិ ប្លង់ដី ជូន ពួក​គាត់ នៅពេល​ណា​ឲ្យ​ពិតប្រាកដ​នោះ​ទេ។

​ពួក​គាត់​ក៏បាន​សំណូមពរ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ជួយ​ចុះផ្សាយ ឬជួយ​តាមដាន​ពី​ភាពយឺត​យ៉ាវ នៃ​ការ​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី របស់​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ ដើម្បីឲ្យ​បានដឹង​ឮដល់ លោក ជា សុ​ផា​រ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជាពិសេស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដឹង។ចំពោះ​ភាពយឺត​យ៉ាវ នៃ​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​នេះ តំណាង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​កែវ​ផុស ស្រុក​ស្ទឹងហាវ បាន​បញ្ជាក់​ថា រូប​គាត់ ក៏​ធ្លាប់​ឆាត ឬផ្ញើ​សារ​ទៅ​ហ្វេ​សបុ​ក របស់ក្រ​សួង​រៀបចំ​ដែនដី​ដែរ ប៉ុន្តែ​គ្មាន​ចម្លើយ​ឆ្លើយតប​នោះ​ទេ ដែល​ជាហេតុ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ពួក​គាត់ មាន​ចម្ងល់​កាន់តែ​ខ្លាំង ថា​មាន​មូលហេតុ​អ្វី​នៅ​ពីក្រោយ​ការ​បណ្តែត​បណ្តា​យកា​រងា​រចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​នេះ​នេះ។

ក្រុម​ប្រជាពលរដ្ឋ​នៅ​ឃុំ​កែវ​ផុស ស្រុក​ស្ទឹងហាវ សំណូមពរ​ដល់ លោក ចេង ស្រុង ប្រធានមន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​ពន្លឿន​ការ​ទាមទារ​របស់ ពួក​គេ។ឆ្លើយតប​នឹង​ការ​រអ៊ូរទាំ​នេះ លោក ចេង ស្រុង ប្រធានមន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ ធ្លាប់ បាន​បញ្ជាក់​ប្រាប់ គេហទំព័រ “កម្ពុជា​ថ្ងៃនេះ​” ឬ www.camday.news តាម​ប្រព័ន្ធ Telagram ដោយ​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ប្រាប់​ទីតាំង​ដី ឬលេខ​ប័ណ្ណ​សំគាល់​ក្បាលដី ដែល​មន្ត្រី​ជំនាញ មានការ​យឺតយ៉ាវ​ក្នុង​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​នោះ មក​រូប​គាត់ ដើម្បី​អាច​ឲ្យ​គាត់​ជួយ​ស្រាវជ្រាវ​បន្ត​ជូន​ប្រជាពលរដ្ឋ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស