
ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា ពលរដ្ឋខ្មែរ ដោយមានទាំងនិស្សិត និងពលករ ចំនួន១៥៨នាក់ ទៀតនឹងត្រូវរៀបចំឱ្យវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៦ ខែមិថុនា ស្អែកនេះ។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យក្រុមអ្នកសារព័ត៌មានដឹងថា ដោយមានការសហការ និងជួយសម្របសម្រួល របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី តាមជើងហោះហើរលេខ MH754 របស់ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី នឹងដឹកអ្នកដំណើរពលរដ្ឋ កម្ពុជា រួមមាននិស្សិត និងពលករចំនួន ១៥៨ នាក់ ព្រមទាំងអ្នកដំណើរជាជនជាតិម៉ាឡេស៊ី ២ នាក់ទៀតមកកម្ពុជា។
ប្រភពដដែលឱ្យដឹងទៀតថា ដំណើរនេះ នឹងចាកចេញ ពីទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ស្អែក នេះ វេលាម៉ោង ៩ ព្រឹក ហើយនឹងទៅដល់ទីក្រុងភ្នំពេញនៅវេលាម៉ោង ជិត១០ព្រឹក ថ្ងៃដដែល ។
នេះជាដំណើរមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរមកពីប្រទេសម៉ាឡេស៊ីជាលើកទីពីរហើយ បន្ទាប់ពីរដ្ឋាភិបាលប្រកាសអនុញ្ញាតឱ្យពួកគេអាចវិលត្រឡប់មកស្រុកកំណើតវិញបាន ដោយគ្រាន់តែតម្រូវឱ្យធ្វើចត្តាឡីស័កឬរក្សាទុក១៤ថ្ងៃ ដើម្បីបង្ការជំងឺកូវីដ១៩ មុននឹងអនុញ្ញាតឱ្យពួកគេបន្តទៅស្រុកកំណើត។ ប៉ុន្តែត្រូវរក្សាការធ្វើចត្តាឡីស័ក១៤ថ្ងៃបន្ថែមទៀតដោយខ្លួនឯងពេលពួកគេទៅដល់ស្រុកកំណើត។
កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល ឱ្យដឹងថា ពលរដ្ឋខ្មែរសរុប ២០៤នាក់ ដែលជាប់នៅប្រទេសម៉ាឡេស៊ី ត្រូវបាន រដ្ឋាភិបាលសម្របសម្រួល និងអនុញ្ញាតឱ្យវិលត្រឡប់មកប្រទេសកំណើតវិញ តាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី។ក្រសួងសុខាភិបាលបញ្ជាក់ថា ពលរដ្ឋខ្មែរជាង ១០០នាក់ដែលត្រឡប់មកពីប្រទេសម៉ាឡេស៊ី ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ហើយក្រសួងរកឃើញមនុស្សបុរសខ្មែរម្នាក់ ដែលធ្វើដំណើរតាមជើងហោះហើរពីប្រទេសម៉ាឡេស៊ីពេលនោះ មានផ្ទុកកូវីដ១៩។
កាលពីដើមខែមេសា ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន បានបញ្ជាឱ្យផ្អាកជើងហោះហើរទាំងអស់ ដោយមិនឱ្យដឹកអ្នកដំណើរខ្មែរចូលមកកម្ពុជាឡើយ ក្រោមហេតុផលដើម្បីបង្ការមិនឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជាបន្ថែមទៀត។គិតត្រឹមថ្ងៃម្សិលមិញ កម្ពុជារកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣០នាក់ ដោយក្នុងនោះអ្នកជំងឺ ១២៨នាក់ ត្រូវបានព្យាបាលជាសះស្បើយ ពោលគឺនៅសល់តែ ២នាក់ទៀតប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕