ពលរដ្ឋជាង ៥០គ្រួសារ រស់នៅលើសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ បង្ហាញការឈឺចាប់លាយឡំនឹងសំឡេងទ្រហោយំ ដង្ហោយរកកិច្ចអន្តរាគមន៍ពី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយរកដំណោះស្រាយករណី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងនគរបាល និងកងរាជអាវុធហត្ថរាប់រាប់រយនាក់ ឲ្យមកកាងការពារគ្រឿងចក្រ ក្រុមហ៊ុនរ៉ូយ៉ាលគ្រុប របស់លោកឧកញ៉ា គិត ម៉េង មានទីតាំងនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ដែលពលរដ្ឋកំពុងកាន់កាន់អាស្រ័យផលជាយូរឆ្នាំមកហើយនោះ។
អ្នកស្រុកអះអាងថា ដីធ្លីរបស់ពួកគាត់ មានទីតាំងខ្លះមានប្លង់កម្មសិទ្ធិ និងលេខសំគាល់ក្បាលដី ដែលអាជ្ញាធរជំនាញក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានចុះវាស់ក្បាលដីត្រៀមចេញប្លង់កម្មសិទ្ធិ កាលពីអាណត្តិអតីតអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មកម៉្លេះ។ ប៉ុន្តែលុះដល់អាណត្តិ លោក គួច ចំរើន មកដឹកនាំជាអភិបាលខេត្តព្រះសីហនុវិញ បែរជាអភិបាលខេត្តរូបនេះខុបឃិតជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប របស់ លោក គិត ម៉េង ហើយបានប្រើកម្លាំងសមត្ថកិច្ចរាប់រយនាក់ ឲ្យមកកាងការពារគ្រឿងចក្ររបស់ក្រុមហ៊ុនដែលមកឈូសបំផ្លាញផ្ទះ និងដំណាំហូបផ្លែ របស់ពួកគាត់ចោល តាមរបៀបផ្តាច់ការ ឬប្រទេសគ្មានច្បាប់។
កាលពីថ្ងៃទី២៥ ខែមិថុនា ម្សិលមិញ យ៉ាងហោចណាស់មានពលរដ្ឋចំនួន ៥៣គ្រួសារ រស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ បានបង្ហាញការឈឺចាប់ និងបានប្រមូលផ្តុំគ្នាតវ៉ា តទល់ជាមួយអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ និងកម្លាំងសមត្ថកិច្ចចម្រុះ ដើម្បីការពារដីលំនៅដ្ឋាន និងចំការដំណាំ ពួកគាត់ ដែលត្រូវគ្រឿងចក្រក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប របស់លោកឧកញ៉ា គិត ម៉េង ជាច្រើនគ្រឿងបានដាក់ឈូសបំផ្លាញប្លន់យកដីពួកគាត់ទាំងកំរោល ក្រោមបទបញ្ជា របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងអាណត្តិថ្មីនេះ។
ពលរដ្ឋបន្តថា ដីធ្លីពួកគាត់ គឺមានទាំងដីលំនៅដ្ឋាន និងដីចម្ការអាស្រ័យផលលើដំណាំហូបផ្លែជាយូរឆ្នាំមកហើយមានដូចជា៖ ដើមស្វាយ ដើមដូង និងស្វាយចន្ទី ជាដើម គឺត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ និងអាជ្ញាធរក្រុងកោះរ៉ុង ចុះមកបណ្តេញពួកគាត់ ដើម្បីយកដីទំហំជាង ៣០ហិកតារ នៅភូមិសាស្ត្រភូមិសុខសាន្ត ឬនៅជាប់ឆ្នេរសុខសាន្ត ដើម្បីយកដី ទៅឲ្យក្រុមហ៊ុនឯកជនឈ្មោះ រ៉ូយ៉ាល់គ្រប់(Royal Group) ដែលមានម្ចាស់ឈ្មោះ គិត ម៉េង មានតួនាទីជាប្រធានសភាពាណិជ្ជកម្មនៅកម្ពុជា។
សេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ និង រដ្ឋបាលក្រុងកោះរ៉ុង លេខ ០០៤/២០ សជណ.កករ ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០ មានខ្លឹមសារថា រដ្ឋបាលក្រុងកោះរ៉ុង សូមជម្រាបជូនដំណឹង ដល់ពលរដ្ឋ ដែលបានតាំងទីលំនៅគ្រប់ប្រភេទ នៅលើទីតាំងដីឯកជន របស់រដ្ឋ មានទំហំ ៣៥ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ នៃភូមិសុខសាន្ត សង្កាត់កោះរ៉ុង និងភូមិកោះតូច សង្កាត់កោះរ៉ុង សន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ឲ្យបានជ្រាបថា កន្លងមកក្រុមការងារចម្រុះ រដ្ឋបាលខេត្តព្រះសីហនុ បានចុះអនុវត្តការងារបំបែកក្បាលដីរដ្ឋទំហំ ៣៥ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ ដោយបានបោះបង្គោលព្រំដីរួចរាល់ហើយ។
ទន្ទឹមគ្នានេះក្រុមការងារ ក៏បានពិនិត្យឃើញថា មានបងប្អូនប្រជា
ពលរដ្ឋមួយចំនួន បានធ្វើការតាំងទីលំនៅដ្ឋានក្នុងបរិវេណនៃទីតាំង ដីឯកជន របស់រដ្ឋ ដែលបានជួលរយៈពេលវែងឲ្យក្រុមហ៊ុនដើម្បីធ្វើការ វិនិយោគ។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា យោងស្មារតីអង្គប្រជុំថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលក្រុងកោះរ៉ុង សូមជម្រាបជូនដំណឹងដល់ពលរដ្ឋ ឲ្យបានជ្រាបថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារចម្រុះដឹកនាំដោយរដ្ឋបាលខេត្តព្រះសីហនុ ចាប់ផ្តើមប្រើប្រាស់គ្រឿងចក្រ ធ្វើការឈូសឆាយ និងកាយព្រំដីខាងលើនេះហើយៗ មិនទទួលខុសត្រូវលើរខូចខាតសម្ភារៈផ្សេងៗនោះទេ។
ប៉ុន្តែសកម្មភាពឈូសឆាយ កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ក៏មានការប៉ះទង្គិចគ្នាមួយប្រាវ រវាងប្រជាពលរដ្ឋ ជាមួយកងកម្លាំងសមត្ថកិច្ចនគរបាល ដែលបិទផ្លូវមិនឲ្យមានការតវ៉ាណាមួយ នាំឲ្យប៉ះពាល់ដល់គ្រឿងចក្រ ដែលដាក់មកឈូសឆាយកាយព្រំដីនៅទីតាំងខាងលើ។ ហើយថា ការប៉ះទង្គិចគ្នានេះដោយសារតែប្រជាពលរដ្ឋព្យាយាមចូលទៅរារាំងសកម្មភាព របស់គ្រឿងចក្រ ហើយសមត្ថកិច្ចក៏ព្យាយាមរារាំងមិនឲ្យពលរដ្ឋចូល ទៅផ្នែកខាងក្នុង ប៉ុន្តែការប៉ះទង្គិចនេះ មិនមានអ្នករងរបួស និងឃាត់ខ្លួនទេ។
ក្រុមអ្នកស្រុក ក៏បានងាកមកលើកម្រាមដៃ១០ សំពះសុំអង្វរ ឲ្យលោក ហ៊ុន សែន ជួយរកដំណោះស្រាយ ផ្តល់យុត្តិធម៌ជូនពួកគាត់ ត្បិតពួកគាត់ កំពុងរងទុក្ខពីការបាត់បង់ដីលំនៅដ្ឋាន និងដីប្រកបរបរដាំដុះចិញ្ចឹមជីវិតប្រចាំថ្ងៃ៕