ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យដែលទើបចាប់កំណើតទី២ បានអំពាវនាវយ៉ាងទទូចដល់រដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា បច្ចុប្បន្ន ត្រូវទាមទារ ឲ្យវៀតណាមបញ្ឈប់ជាបន្ទាន់នូវរាល់គម្រោង និងផែនការអាជីវកម្ម-ពាណិជ្ជកម្ម និងការសាងសង់ទាំងអស់ នៅលើកោះត្រល់ និងចង្កោមកោះក្រចកសេះ។ លើសពីនេះទៀត ត្រូវដាក់មោឃភាព ជាផ្លូវការនូវ ច្បាប់ សន្ធិសញ្ញា កិច្ចព្រមព្រៀង និងឯកសារទាំងទ្បាយណាដែលផ្ទុយពីខ្លឹមសារ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃសុក្រនេះ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យបានទាមទារឱ្យប្រទេសវៀតណាមត្រូវបញ្ឈប់ជាបន្ទាន់នូវអាជីវកម្ម-ពាណិជ្ជកម្ម និងការសាងសង់ទាំងអស់ នៅលើកោះត្រល់ និងចង្កោមកោះក្រចកសេះ។
ក្រុមនេះអះអាងថា កោះត្រល់ និងចង្កោមកោះក្រចកសេះ គឺជាទឹកដី កម្មសិទ្ធិរបស់ប្រទេសកម្ពុជា ដោយឈរលើមូលដ្ឋានទី១ គឺសារាចរ លោក Brévié ឆ្នាំ១៩៣៩។ អនុសញ្ញានៃអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។
ទី៣ផ្អែកទៅលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ឆ្នាំ១៩៩១។ ដោយឡែកទី៤ ផ្អែកទៅលើរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា និងឯកសារផ្លូវការរបស់កម្ពុជា ព្រមទាំងមូលដ្ឋានជាឯកសារច្បាប់ជាតិ និងអន្តរជាតិផ្សេងទៀតផងដែរ។
យ៉ាងនេះក្តី ស្ថាប័នដែលមានមូលដ្ឋាននៅក្រៅប្រទេសមួយនេះ មើលឃើញថាប្រទេសវៀតណាមបានឈ្លានពាន កម្ពុជា ហើយដាក់សំពាធទៅលើកម្ពុជាក្នុងការប្រើប្រាស់ឯកសារខុសច្បាប់ ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដែលមានជាធរមាន។
ក្រុមចលនានិស្សិតកំណើតទី២នេះ បានលើកយកនូវទឡ្ហីករណ៍ មកបង្ហាញឲ្យពិភពលោកបានឃើញជាក់ច្បាស់ថា ប្រទេសវៀតណាម និង ប្រទេសកម្ពុជា បានរួមគ្នាប្រព្រឹត្តខុសច្បាប់ ដូចជាកំណត់ហេតុនៃការប្រជុំគ្នាលើកទី១ កាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៩៩ ដែលគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា-វៀតណាម បានយកសន្ធិសញ្ញា និងកិច្ចព្រមព្រៀង ឆ្នាំ១៩៧៩ ១៩៨២, ១៩៨៣ និងឆ្នាំ១៩៨៥ ទុកជាគោលការណ៍មូលដ្ឋាន សម្រាប់ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។ បន្ថែមពីនេះ រដ្ឋាភិបាល លោក ហ៊ុន សែន កាន់តែសម្រួលផ្លូវឲ្យវៀតណាមទន្ទ្រានទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ និងឆ្នាំ២០១៩ជាដើម។
ក្រុមនេះបន្តថានៅក្នុងកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៨២ រវាងកម្ពុជា និងវៀតណាម គឺភាគីវៀតណាមបានបញ្ជូលកោះត្រល់ និងចង្កោមកោះក្រចកសេះ ទៅក្នុងផែនទីទឹកដី ប្រទេសវៀតណាម ដោយគ្មានសំអាងច្បាប់អ្វីទាំងអស់ ក្រៅតែពីប្រើពាក្យថា «យល់ឃើញសភាពការណ៍ ជាក់ស្ដែង» និងគ្រាន់តែយោងតាមសន្ធិសញ្ញាកម្ពុជា-វៀតណាម ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧៩ ក្រោយពីកងទ័ពវៀតណាម ប្រើកម្លាំងចូលឈ្លានពានកាន់កាប់កម្ពុជាភ្លាមៗនោះ។
ជាងនេះទៀត ការរំលោភទាំងស្រុង លើអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២។ ភាគី វៀតណាមមិនគោរពតាមអនុសញ្ញានេះ ដោយដណ្តើមកាន់កាប់កោះត្រល់ ចង្កោមកោះក្រចេះសេះ និងច្រកចេញចូលនាវាចរណ៍លើសមុទ្រអន្តរជាតិ ព្រមទាំងដែនអាកាសទៀតផង។
ចលនានិស្សិត បន្ថែមទៀតថា អនុសញ្ញាស្តីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ ជំពូកទី២ ផ្នែក២ មាត្រា៣ ចែងថា «រាល់រដ្ឋទាំងអស់ មានសិទ្ធិបង្កើតប្រវែង នៃដែនសមុទ្ររបស់ខ្លូនរហូតដល់ដែនកំណត់មិនឲ្យលើសពី ចម្ងាយ ១២ ម៉ាយល៍ ឬស្មើនឹង ១៩,៣ គីឡូម៉ែត្រ ដែលវាស់ពីខ្សែបន្ទាត់មូលដ្ឋាន ដែនកំណត់អនុលោមតាម អនុសញ្ញានេះ»។
តាមលក្ខខណ្ឌភូមិសាស្ត្រជាក់ស្ដែង កោះត្រល់មានរយៈចម្ងាយត្រឹមតែ ១៥ គីឡូម៉ែត្រ ពីខេត្តកំពត ប្រទេសកម្ពុជា ហើយ មានរយៈចម្ងាយ ៤៥ គីឡូម៉ែត្រ ពីតំបន់ហាទៀង នៃខេត្តកៀនយ៉ាង ប្រទេសវៀតណាម។
តាមច្បាប់សមុទ្រឆ្នាំ១៩៨២នេះ បញ្ជាក់យ៉ាងច្បាស់ថា កោះត្រល់គឺជាកម្មសិទ្ធិរបស់ខ្មែរ ដោយ កោះនេះស្ថិតនៅចម្ងាយតែ ១៥ គីទ្បូម៉ែត្រ ពីឆ្នេរខេត្តកំពតនៃប្រទេសកម្ពុជា គឺតិចជាង ១៩,៣ គីទ្បូម៉ែត្រ ដែលកំណត់ដោយច្បាប់សមុទ្រនេះ។ ក្រុមនេះនិយាយថាវៀតណាមបានរំលោភទាំងស្រុងទៅលើគោលការណ៍ ស្មារតី និងយន្តការរបស់អង្គការសហប្រជាជាតិ ដែលជា អាជ្ញាកណ្ដាលដោះស្រាយវិបត្តិកម្ពុជា ហើយបានតាក់តែងទ្បើងនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១ ដែលតម្រូវឲ្យប្រទេសកម្ពុជា និងប្រទេសវៀតណាមគោរព និងអនុវត្ត។
ក្រុមនិស្សិតទាំងនេះ និយាយថា សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧៩, ១៩៨២, ១៩៨៣ និង ឆ្នាំ១៩៨៥ រវាង កម្ពុជា និងវៀតណាម នៅក្រោមការត្រួតត្រារបស់កងទ័ពវៀតណាម ត្រូវបានដាក់ជា «មោឃភាព» អស់ហើយ ដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
ដោយឡែក ឯកសារ ទី២ នៃកិច្ចព្រមព្រៀងនេះ ក្នុងមាត្រា១ ត្រង់ចំណុច «២-ឃ.» ចែងថា៖ «បញ្ចប់សន្ធិសញ្ញា និង កិច្ចព្រមព្រៀងទាំងឡាយ ដែលមិនស្របអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាច រំលោភបាននៃដែនដីអព្យាក្រឹតភាព និងឯកភាពជាតិរបស់ខ្លួន»។
ពួកគេនិយាយថា រដ្ឋាភិបាលកម្ពុជា-វៀតណា បន្តរំលោភទាំងស្រុង លើគោលការណ៍អាស៊ាន (ASEAN) មានចែងក្នុងធម្មនុញ្ញអាស៊ាន ត្រង់ មាត្រា២ ចំណុច២ ដែលចែងថា អាស៊ាន និងរដ្ឋសមាជិកត្រូវអនុវត្តឲ្យសមស្របតាមគោលការណ៍ ដោយគោរពគោរពឯករាជ្យភាព អធិបតេយ្យភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិនៃរដ្ឋ សមាជិកអាស៊ានទាំងអស់។
លើសពីនេះ ត្រូវចូលរួមការប្ដេជ្ញាចិត្ត និងការទទួលខុសត្រូវរួមគ្នា ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ ព្រមទាំង បដិសេធនូវ អំពើឈ្លានពាន និងការគំរាមគំហែង ឬការប្រើប្រាស់កំលាំង ឬសកម្មភាពទាំង ឡាយណា ក្នុងលក្ខណៈដែលមិនសមស្របតាមច្បាប់អន្តរជាតិជាដើម។
ទោះបីជាយ៉ាងនេះក្តី ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន ធ្លាប់បានអះអាងរួចទៅហើយថា នរណាហ៊ានចេញមុខទាមទារកោះត្រល់ គឺត្រូវយកក្តារម្ឈូសមកជាមួយផង ដោយថាកោះនេះបានបាត់បង់មុនសម័យកាលលោកកាន់អំណាចទៅទៀត។
បញ្ហាកោះត្រល់នេះ កន្លងមកក៏បានធ្វើឱ្យមន្ត្រី និងអតីតមន្ត្រីអង្គការ សង្គមស៊ីវិលមួយចំនួន ជាប់ពន្ធនាគារជាហូរហែរថែមទៀតផង។
មកទល់ពេលបច្ចុប្បន្នបញ្ហាព្រំដែនទាំងគោក និងទឹក ជាមួយវៀតណាម ត្រូវបានក្រុមអ្នកឃ្លាំមើល សង្កេតឃើញថាកម្ពុជាតែងចាញ់ប្រៀបភាគីវៀតណាមរហូតមក ទោះបីជាភាគីវៀតណាមបានរំលោភលើអធិបតេយ្យភាពកម្ពុជាម្តងហើយម្តងទៀតបែបណាក្តី។
ជាក់ស្តែងកាលពីពេលថ្មីៗ ចាប់តាំងពីជំងឺកូវីដ១៩ បានផ្ទុះឡើង វៀតណាមបានបោះតង់ជាង២៥០ ទីតាំងនៅតាមបណ្តោយព្រំដែនកម្ពុជា ពិសេសនៅតំបន់មិនទាន់ឯកភាពគ្នា ដោយតំបន់ខ្លះកម្ពុជាបានផ្ញើកំណត់ទូត ហើយអាជ្ញាធរខេត្តបានជំរុញឱ្យវៀតណាមដកតង់ទាំងនោះចេញ ប៉ុន្តែវៀតណាមនៅតែធ្វើព្រងើយដដែល។
ជាក់ស្តែងតង់ចំនួន ៣១ ទីតាំងនៅភូមិសាស្ត្រជាប់ព្រំដែនខេត្តកណ្តាល ក្រសួងការបរទេសកម្ពុជា និងអភិបាលខេត្តនេះ បានទាមទារឱ្យវៀតណាមដកតង់ទាំងនោះចេញឱ្យបានឆាប់ ប៉ុន្តែភាគីវៀតណាម មិនទាន់ដកអស់ទាំងស្រុងឡើយ ក្រោមហេតុផលសុំពន្យារពេលដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩ ៕