លោកហ៊ុន សែន អះអាងថា ស្នាក់ការថ្មីរបស់បក្សនឹងក្លាយទៅជាកន្លែងប្រតិបត្តិការងារដ៏សំខាន់បំផុត

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងជាប្រធានគណបក្សប្រជាជន កម្ពុជា អះអាងថា ទីស្នាក់ការរបស់គណបក្សប្រជាជនកម្ពុជា ដែលលោកប្រសិទ្ធនាមថាវិមាន៧មករា នឹងក្លាយជាទីកន្លែងប្រតិបត្តិការដ៏សំខាន់បំផុតរបស់បក្សក្នុងការបំពេញការងារ និងដឹកនាំប្រទេសយូរអង្វែងទៅមុខទៀត។

បញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃម្សិលមិញ លោក ហ៊ុន សែន អះអាងា អគារវិមាន៧មករា ដែលជាទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាត្រូវបានធ្វើពិធីសូត្រមន្ត តាមលក្ខណៈប្រពៃណីសាសនា ហើយត្រូវចំថ្ងៃខួបលើកទី៦៩ នៃថ្ងៃកំណើត                   គណបក្សប្រជាជនកម្ពុជា ដែលអតីតបក្សកុម្មុនីស្តមួយនេះបានបង្កើតឡើងកាលពីថ្ងៃ២៨ ខែមិថុនា ១៩៥១។

រសៀលថ្ងៃទី២៨ ខែមិថុនា លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញសូត្រមន្តឡើងអគារវិមាន៧មករា ដែលជាទីស្នាក់ការកណ្តាលដ៏ថ្មីស្រឡាងរបស់ គណបក្សប្រជាជនកម្ពុជានៅតាមបណ្តោយមហាវិថីព្រះនរោត្តម។

វិមាន៧ មករា ត្រូវបានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយទើបនឹងសាងសង់រួចរាល់ក្នុងខែមិថុនា ឆ្នាំ២០២០នេះ ដោយត្រូវចំណាយលុយជាង៣០លានដុល្លារសហរដ្ឋអាមេរិក ដែលលោកហ៊ុន សែនធ្លាប់អះអាងថាថវិកាទាំងនោះបានមកពីសមាជិកបក្សរបស់ខ្លួនចូលរួម។

អគារនេះមានបណ្ដោយ១៥០ម៉ែត្រ, ទទឹង៧៤ម៉ែត្រ និងមានកម្ពស់ ៤៨ម៉ែត្រ។ ជាន់ផ្ទាល់ដីមានចំណតរថយន្តជាង ៥០០ចំណត                      និងទីធ្លារមុខអគារសម្រាប់មហាជនអាចចតរថយន្តបាន ៣០០គ្រឿង។

នៅជាន់ទី៥ខាងលើ មានសាលសម្រាប់ប្រជុំជាលក្ខណៈមហាជន ដែលអាចដាក់មនុស្សចំនួនបានជាង ៣ពាន់ ៤រយនាក់។ អគារនេះមានកម្ពស់ ៥ជាន់ ដោយមានសាលបដិសណ្ឋារកិច្ច ដែលមានក្រឡាផ្ទៃប្រមាណ ៣ពាន់ម៉ែត្រក្រឡា មានអាហារដ្ឋាននៅផ្នែកខាងត្បូងអគារ ដែលអាចដាក់មនុស្សបានចំនួន ១២០នាក់ក្នុងមួយពេល។

លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានអះអាងថាការកសាង              ស្នាក់ការកណ្តាលគណបក្សដ៏ស្កឹមស្កៃនេះ គឺដើម្បីបង្ហាញពីអំណាចនិងពង្រឹងអំណាចរាប់សិបឆ្នាំបន្តទៀត ដោយថាបក្សនេះនឹងបន្តរឹងមាំពី៥០ទៅ ១០០ឆ្នាំទៀតផងដែរ។

វត្តមានថ្មីនៃអគារទីស្នាក់ការកណ្តាលរបស់បក្សអំណាចឬហៅមួយទៀតថា គ៨៥ នេះ ប្រធានបក្សបញ្ជាក់ថា នឹងក្លាយទៅជាកន្លែងប្រតិបត្តិការងារដ៏សំខាន់របស់ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំបំផុត ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល និងទទួលខុសត្រូវខ្ពស់បំផុតចំពោះជោគវាសនាអនាគត់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា។

បក្សប្រជាជនកម្ពុជាធ្លាប់មានប្រវត្តិចាញ់ការបោះឆ្នោតម្តងជាផ្លូវការ ក្រោយពេលបក្សនេះត្រូវបានវៀតណាមប្រោះព្រំឱ្យរស់ឡើងវិញជាថ្មីទៀត បន្ទាប់ពីបក្សនេះធ្លាប់ដឹកនាំដោយខ្មែរក្រហម ដែលមានលោកសាឡុត ស ហៅប៉ុល ពត ជាអគ្គលេខបក្សដែលពេលនេះមានឈ្មោះថាបក្សកុម្មុយនីស្តកម្ពុជា។

ការចាញ់ការបោះឆ្នោតនោះគឺ ការចាញ់ឆ្នោតនៅឆ្នាំ១៩៩៣ ដែលជាការរៀបចំដោយ អ៊ុនតាក់។ ប៉ុន្តែពេលនោះ ក៏មានការមិនសុខចិត្តពីក្រុមលោកហ៊ុន សែន រហូតឈានទៅដល់ការបំបែករដ្ឋឬ បង្កើតជាតំបន់អបគមន៍ ទើបមានការសម្របសម្រួលបង្កើតជានាយករដ្ឋមន្ត្រីទី១ ដឹកនាំដោយសម្តេចនរោត្តម  រណឫទិ្ធ និងនាយករដ្ឋមន្ត្រីទី២ ដឹកនាំដោយលោកហ៊ុន សែន និងក្រោយមកមានការធ្វើរដ្ឋប្រហារនៅដើមខែកក្កដា ១៩៩៧ អំណាចដឹកនាំប្រទេសក៏ធ្លាក់លើដៃលោកហ៊ុនសែន ទាំងស្រុង។

បច្ចុប្បន្នគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកហ៊ុន សែន ជាប្រធាន ដោយតំណែងប្រធានបក្សនេះ ក្រោយពេលលោកជា ស៊ីម ស្លាប់កាលពីឆ្នាំ២០១៥ ហើយក៏ជាពេលវេលាដែលគេមើលឃើញថាអំណាចទាំងស្រុងត្រូវបានក្តោបក្តាប់ដោយលោកហ៊ុន សែន តែម្តង៕   

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.