26 C
Phnom Penh

លោក កឹម សុខា ស្អប់ខ្ពើមចំពោះអំពើឈ្លានពាន និងត្រួតត្រាពីបរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា បានអះអាងថា លោកមិនអាចទទួលយកបានទាល់តែសោះចំពោះការឈ្លានពាន និងត្រួតត្រាពីបរទេសទោះបីស្ថិតក្នុងរូបភាពណាក៏ដោយ។

ការលើកឡើងនេះ ស្របគ្នាទៅនឹងព្រឹត្តិការណ៍ថ្មីៗនេះដែលមានការបោះមូលដ្ឋានទ័ពនៅតាមបណ្តោយព្រំដែនកម្ពុជាពីសំណាក់ភាគីវៀតណាមក្រោមលេសបង្ការជំងឺកូវីដ១៩ រហូតដល់ទៅ២៥៦ទីតាំង ដោយមន្ត្រីជាន់ខ្ពស់នគរបាលទទួលបន្ទុកព្រំដែនបញ្ជាក់ថាជាការបោះតង់យោធានៅតំបន់មិនទាន់ឯកភាពគ្នាឡើយ។

បញ្ហានេះចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហៅថាជាការឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាទាំងស្រុងពីសំណាក់យោធាវៀតណាម។

លើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ក្នុងឱកាសខួបកំណើតគម្រប់ ៦៧ឆ្នាំ ឈានចូល៦៨ឆ្នាំ របស់លោកកាលពីថ្ងៃទី ២៧ ខែមិថុនា មេបក្សប្រឆាំងរូបនេះលើកឡើងថា ទោះបីតាមរូបភាពណាក៏ដោយ គឺជារឿងមិនអាចទទួលយកបានឡើយចំពោះការឈ្លានពាន ត្រួតត្រាពីបរទេស។

អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានលើកឡើងថា លោកមានការឈឺចាប់នៅពេលដែលខ្មែរបែកបាក់គ្នា និងទទួលការប្រមាថពីជាតិសាសន៍ដទៃ។

ក្រៅពីបង្ហាញទឹកចិត្តគោរពនិងស្រលាញ់ចំពោះឪពុកម្តាយ ដែលជាអ្នកមានគុណ របស់លោកនោះ លោកក៏បានបង្ហាញទឹកចិត្តស្រលាញ់ជាតិ ប្រជាពលរដ្ឋខ្មែរ ដែលជាទីកន្លែងផ្តល់ជម្រកដល់លោកនិងបានគាំទ្រលោកកន្លងមក។

លោកកឹម សុខា នៅតែបន្តលើកឡើងទៀតថាលោកចង់ឃើញមាតុភូមិកម្ពុជា មានសេចក្តីសុខ សន្តិភាពពិតឋិតឋេរ និងមានការរីកចម្រើនសម្រាប់ខ្មែរគ្រប់គ្នា។ ជាមួយគ្នានេះ លោកអះអាងថា គ្មានហេតុផលអ្វីទៅបំផ្លាញ ឬនាំអ្នកដទៃ ឬគាំទ្រអ្នកណា មកបំផ្លាញប្រទេសកម្ពុជា ដែលជាជម្រកតែមួយគត់សម្រាប់ជីវិតលោកនោះឡើយ។

លោកថា ការបំផ្លាញប្រទេសកម្ពុជា ប្រៀបដូចជាដុតផ្ទះរបស់លោកអញ្ចឹងដែរ។ លោក កឹម សុខា អំពាវនាវឱ្យពលរដ្ឋ ចូលរួមគាំទ្រនូវជំហរ ការពារអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដី នៃកម្ពុជាយើង។

មេបក្សប្រឆាំងដដែល បញ្ជាក់ ជំហររបស់ខ្លួនថា លោកមិនបោះបង់ ឬរត់ចោលមាតុភូមិកម្ពុជា ដែលជាទឹកដីកំណើត និងជាផ្ទះតែមួយគត់របស់លោកនោះឡើយ។

លោកបង្ហាញឆន្ទៈរបស់លោកគឺគោរព ស្រឡាញ់ បម្រើខ្មែរ ប្រាថ្នារួមរស់ជាមួយខ្មែរលើទឹកដីខ្មែរ ដោយគ្មានការរើសអើង មិនយកខ្មែរជាសត្រូវ មិនគុំកួនសងសឹក និងដោយអហិង្សា ហើយលោករីករាយណាស់ នៅពេលដែលឃើញខ្មែរបានសុខ បានចម្រើន មានកិត្តយសកេរ្តិ៍ឈ្មោះល្អ។ ប៉ុន្តែលោកឈឺចាប់ណាស់ នៅពេលដែលឃើញខ្មែរ កាប់សម្លាប់គ្នា ជេរប្រមាថគ្នា ចោទប្រកាន់មួលបង្កាច់គ្នា សងសឹកបំផ្លាញគ្នា ជាពិសេសខ្មែរបែកបាក់គ្នា មិនអាចរួបរួមជាតិបាន។

លើសពីនេះលោកនៅតែមានគោលបំណង មានក្តីសង្ឃឹម និងមានការព្យាយាម ឲ្យខ្មែររួបរួមគ្នា ដើម្បីជាតិខ្មែរយើងរឹងមាំ ប្រកបដោយកិត្តិយស មិនអាចអ្នកណាប្រមាថបាន។

លោកកឹម សុខា ត្រូវសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួនទាំងមានអភ័យឯកសិទ្ធិសភា កាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងផ្ទះរបស់លោក និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំជាប់ព្រំដែនវៀតណាម ដោយលោកហ៊ុន សែន ចោទពីទោសក្បត់ជាតិ ហើយក្រោយមកតុលាការបានចោទប្រកាន់លោកពីបទសន្ឋិទិភាពជាមួយបរទេសឬ ត្រូវរ៉ូវជាមួយបរទេស។

ទោះបីបច្ចុប្បន្នតុលាការនៅមិនទាន់សម្រេចកាត់ទោសនិងមិនទាន់កំណត់ថាលោកកឹម សុខា មានទោសនៅឡើយ ហើយសំណុំរឿងនេះនៅតែបន្តយ៉ាងណាក្តី ប៉ុន្តែតុលាការកំពូលរបស់លោកហ៊ុន សែន បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិតាំងពីថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ២០១៧។

ការសម្រេចរំលាយបក្សប្រឆាំងដ៏នេះ លោកកឹម សុខា និងមន្ត្រីជាន់ខ្ពស់១១៧នាក់ទៀត ត្រូវបានតុលាការកំពូលហាមឃាត់មិនឱ្យធ្វើនយោបាយ៥ ឆ្នាំ និងដកហូតតំណែងបក្សប្រឆាំងតាំងថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋានទាំងអស់យកទៅចែកជូនបក្សរបស់ខ្លួន និងបក្សរំណបខ្លួនជាដើម។

មកទល់ពេលបច្ចុប្បន្ននេះសហគមន៍ជាតិ និងអន្តរជាតិនៅតែទាមទារឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ផ្តល់សិទ្ធិសេរីភាព និងសិទ្ធិនយោបាយជូនលោកកឹម សុខា ព្រមទាំងមន្ត្រីបក្សប្រឆាំងផ្សេងទៀត ។ បើកលំហរសិទ្ធិសេរីភាពសង្គមស៊ីវិល សហជីព អ្នកសារព័ត៌មានរាជ្យ ដែលជាជំហានស្តារលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ                នៅកម្ពុជា៕ 

យ៉ាងនេះក្តីនេះ មកទល់ពេលបច្ចុប្បន្នស្ថានភាពនយោបាយនៅកម្ពុជាមិនទាន់វិលត្រឡប់ទៅរកភាពប្រសើរឡើយ ដោយបញ្ហានេះនឹងរុញច្រានឱ្យកម្ពុជាត្រូវប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបនៅថ្ងៃទី ១២ សីហា ខាងមុខ ដែលនឹងធ្វើឱ្យកម្ពុជាខាតប្រាក់បង់ពន្ធប្រមាណ១រយលានដុល្លារក្នុងមួយឆ្នាំលើមុខទំនិញប្រមាណ៤០ប្រភេទ និងធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះអាក្រក់ខាងការរំលោភសិទ្ធិមនុស្ស រំលោភសិទ្ធិការងារ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យផងដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស