31 C
Phnom Penh

ក្រសួងបរិស្ថានជំរុញចូលរួមបង្ការ និងលុបបំបាត់ជំងឺគ្រុនចាញ់នៅតាមសហគមន៍តំបន់ការពារធម្មជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន បានជំរុញឱ្យពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធចូលរួមបង្ការ និងលុបបំបាត់ជំងឺគ្រុនចាញ់នៅតាមសហគមន៍ ពិសេសសហគមន៍តំបន់ការពារធម្មជាតិ។

ថ្លែងក្នុងពិធីសំណេះសំណាលផ្សព្វផ្សាយ វិធីបង្ការជំងឺគ្រុនចាញ់ គ្រុនឈាម និងចែកសម្ភារៈ ថ្នាំបង្ការជំងឺគ្តុនចាញ់ គ្រុនឈាម និងដង្កូវព្រូន ដល់មន្រ្តីឧទ្យានុរក្ស តំណាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច នៃភូមិសាស្រ្តខេត្តមណ្ឌលគិរីនៅថ្ងៃទី៣០ មិថុនានេះ រដ្ឋលខាធិការក្រសួងបរិស្ថានអ្នកស្រី  ម៉ុម ថានី លើកឡើងថា កម្មវិធីនេះ រៀបចំឡើងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ទាំងស្រុង នូវជំងឺគ្រុនចាញ់ពីប្រទេសកម្ពុជានៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០២១-២០២៥ របស់ក្រសួងសុខាភិបាល។

ចំណែកអភិបាលរងខេត្តមណ្ឌលគិរី លោក សាយ ម៉េងគីម បានឲ្យដឹងថា វេទិកានេះបានឆ្លុះបញ្ចាំងអំពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសពីក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធនានា ដែលបានចូលរួមចំណែកធ្វើឲ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព ជាពិសេសចំពោះការលើកកម្ពស់អនាម័យ សុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ។

ជាមួយគ្នានេះ លោក សេង ទៀក នាយកអង្គការ WWF អះអាងថា ការមិនបំពាន កាប់រុករានដីព្រៃ ព្រៃឈើ ការបរបាញ់សត្វព្រៃ គឺជាកត្តាចម្បង និងចាំបាច់បំផុតដើម្បីបង្ការ និងការពាររាល់ជំងឺឆ្លងគ្រប់ប្រភេទ ដែលបង្កផលប៉ះពាល់សុខភាពប្រជាជន និងសហគមន៍មូលដ្ឋាន។

កាលពីខែកុម្ភៈឆ្នាំ២០២០ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ បានបង្ហាញថាករណីជំងឺគ្រុនចាញ់កាលពីឆ្នាំ២០១៩មានចំនួនជាង៣ម៉ឺនករណី(៣១៧៩១) ។ ចំនួននេះបង្ហាញថា អត្រាជំងឺគ្រុនចាញ់នៅកម្ពុជាមានការថយចុះចំនួន ៤៩ ភាគរយក្នុងឆ្នាំ២០១៩ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ដែលមានរហូតដល់ជាង៦ម៉ឺនករណី( ៦៥,១១៤)៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស