33 C
Phnom Penh

លោកសម រង្ស៊ី ថាលោកហ៊ុន សែន កំពុងយល់សប្តិក្នុងការផ្ទេរអំណាចទៅឲ្យកូន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី បានលើកឡើងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងតែយល់សប្តិក្នុងការចង់ផ្ទេរអំណាចទៅឱ្យកូនគាត់ដែលថានឹងអាចទៅរួច។

អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី បានសរសេរនៅបណ្តាញសង្គមហ្វេសប៊ុករបស់លោក កាលពីម្សិលម៉ិញថា លោកហ៊ុន សែន កំពុងតែភ័យនៅពេលបាត់បង់អំណាច ហើយគាត់នឹងទទួលវាសនា ដូច Nicolae Ceaușescu អតីតប្រធានាធិបតីនៃប្រទេស Romania ដែលត្រូវបានសម្លាប់ក្នុងឆ្នាំ ១៩៨៩, លោក Saddam Hussein អតីតប្រធានាធិបតីនៃប្រទេស Iraq ដែលត្រូវសម្លាប់នៅឆ្នាំ២០០៦ និងលោក Muammar Gaddafi អតីតប្រធានាធិបតីនៃប្រទេស លីបៀ (Libya) ដែលត្រូវគេសម្លាប់ក្នុងឆ្នាំ ២០១១។

លោកបន្តថា ដោយសារការភ័យខ្លាច ទទួលវាសនាបែបនេះហើយ ក្រោយពីការបាត់បង់អំណាច ទើបលោក ហ៊ុន សែន ចង់លើកបន្តុបកូនរបស់គាត់ ឲ្យឡើងមកកាន់តំណែងជំនួសគាត់ ដើម្បីធានានិទណ្ឌភាព រឺការរួចទោសសម្រាប់ខ្លួនគាត់តែម្តង។

ប៉ុន្តែលោក សម រង្ស៊ី លើកឡើងដោយស្រង់ការមើលឃើញរបស់ អ្នកវិភាគនយោបាយ ទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ដោយយល់ឃើញថា ហ៊ុន សែន ច្រឡំហើយ ពីព្រោះការផ្ទេរអំណាច ពីឪឲ្យទៅកូនបែបនេះ វាមិនអាចធ្វើទៅរួចទេ ក្នុងសម័យបច្ចុប្បន្ននេះ។

លោកបន្តថា ធ្វើតាមរបៀបកូរ៉េខាងជើង ក៏ទៅមិនរួច ធ្វើតាមរបៀបការបោះឆ្នោតក្លែងក្លាយ ដូចគាត់ធ្លាប់ធ្វើ ក៏ទៅមិនរួច ហើយធ្វើតាមការបោះឆ្នោតពិតប្រាកដ តាមបែបបទប្រជាធិបតេយ្យ ក៏ទៅមិនរួច ពីព្រោះប្រជារាស្ត្រខ្មែរ ស្អប់ខ្ពើមត្រកូល ហ៊ុន ខ្លាំងណាស់ ដែលបានបំផ្លាញជាតិ និងធ្វើបាបរាស្ត្រ ៣៥ឆ្នាំមកហើយ។

អតីតមេបក្សប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេសរូបនេះបន្តថា អ្វីដែលលោក ហ៊ុន សែន លើកឡើងឥតឈប់ឈរ ពីគម្រោងផ្ទេរអំណាចរបស់គាត់នេះ គឺគ្រាន់តែឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់គាត់តែប៉ុណ្ណោះ។ លោកបន្តថា ក្នុងជួរគណបក្សកាន់អំណាចសព្វថ្ងៃក៏មិនគាំទ្រគម្រោងរបស់គាត់នោះដែរ។

ទោះបីជាយ៉ាងនេះក្តី កាលពីថ្ងៃទី ២២មិថុនា សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា បញ្ហានានាដែលកំពុងកើតឡើង គឺមានតែលោកប៉ុណ្ណោះដែល អាចគ្រប់គ្រងសភាពការបានទាំងអស់។

លោកថ្លែងថា លោកនៅតែកាន់តំណែងនាយករដ្ឋមន្ត្រី ដោយថា ទាំងនៅក្នុងបក្សរបស់លោក និងអ្នកនយោបាយក្រុមផ្សេងដែលចង់ប្រជែងនោះ មិនទាន់អាចយកឈ្នះរូបលោកបាននៅឡើយទេ។

លើសពីនេះសូម្បីតួអង្គនៅក្នុងគណបក្សប្រជាជន អត់មានអ្នកណាចង់បានតំណែងលោកនោះដែរ ហើយកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ក៏គ្មានហេតុផលណាក្នុងការប្រជែងយកតំណែងលោកក្នុងពេលបច្ចុប្បន្ននេះឡើយ។

តែយ៉ាងនេះក្តី លោកគាំទ្របេក្ខភាពកូនប្រុសច្បងរបស់ខ្លួនជានាយរដ្ឋមន្ត្រី ប៉ុន្តែមិនមែនសម្រាប់បច្ចុប្បន្នទេ តែសម្រាប់រយៈពេលយ៉ាងហោចណាស់១០ឆ្នាំទៅមុខទៀត។ រីឯក្រុមប្រឆាំងដែលស្រម៉ៃចង់បានតំណែងរបស់លោក និងចង់ដឹកនាំប្រទេសនោះគឺទាល់តែរង់ចាំជាតិក្រោយទៅចុះ។ 

យ៉ាងណាក្តី អ្នកវិភាគនៅក្រៅប្រទេសលោក គឹម សុខ លើកឡើងថា វិបត្តិសម្លាប់កម្ពុជា គឺរឿងអំណាច ហ៊ុន ម៉ាណែត សុទ្ធសាធ។

លោកបន្តថា វិបត្តិនៅកម្ពុជាគ្មានច្រកចេញរហូតដល់បច្ចុប្បន្ន និងគាំងយូរទៅទៀត គឺផែនការមហិច្ឆតាអំណាចសម្រាប់ ហ៊ុន ម៉ាណែត។

រីឯអំណាចលោក ហ៊ុន សែន ខណៈនេះ គ្រាន់តែជាគ្រឿងទ្រនាប់សម្រួលផ្លូវឲ្យលោក ហ៊ុន ម៉ាណែតប៉ុណ្ណោះ។ បើត្រឹមតែរក្សាអំណាចផ្ទាល់ខ្លួនដល់ជីវិតចុងក្រោយមែន លោក ហ៊ុន សែន មិនចាំបាច់ធ្វើមុខក្រាស់ដល់កម្រិតប្រើកណ្ដាប់ដៃដែកធ្ងន់ធ្ងរហួសប្រមាណដូចសព្វថ្ងៃនោះឡើយ។

លោកបន្តថា ក្នុងសម័យកាលរបស់លោក ហ៊ុន សែន ដែលជាឪពុក បានធ្វើឲ្យប្រទេសកម្ពុជាលួសព្រលឹងផ្ទៃក្នុង បាត់បង់ដីតាមព្រំដែន របូតកោះ និងផ្ទៃទឹកសមុទ្រខ្មែរយ៉ាងធំធេង ទៅក្រោមការគ្រប់គ្រងរបស់យួន និងសៀម។ ប៉ុន្តែបើពលសង្គមខ្មែរគ្រប់រូប បណ្ដោយឲ្យលោក ហ៊ុន ម៉ាណែត ជាកូនឡើងតោងអំណាចបានដោយគ្មានឧបសគ្គវិញ នោះជាតិកម្ពុជាអាចនឹងត្រូវបាត់ព្រលឹងទាំងស្រុង ឬក្ស័យប្រទេសត្រឹមសម័យបុគ្គលនេះទៀតផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស