ភាពតានតឹង រវាងរបបនៅប្រទេសវេណេហ្សូអេឡា មិនមែនមានតែជាមួយសហរដ្ឋអាមេរិកនោះទេ គឺមានទាំងសហភាពអឺរ៉ុបផងដែរ។ សហភាពគឺជាសហគមន៍ធំមួយមានសមាជិក ២៧ប្រទេស។
សហភាពអឺរ៉ុបមាន ស្ថានបេសកកម្ម របស់ខ្លួន នៅគ្រប់បណ្ដាប្រទេស ដែលមានទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ សហភាពអែរ៉ុប ជាសហគមន៍មួយដ៏មានឥទ្ធិពលមួយនៅក្នុងក្រសែភ្នែករបស់អន្តរជាតិ ជាពិសេស នៅក្រោមឆ័ត្ររបស់ អង្គការសហប្រជាជាតិ។ តែយ៉ាងណាក៏ដោយ សហភាពអឺរ៉ុបកំពុងបាក់មុខនៅលើឆាកអន្តរជាតិ ព្រោះតែរបបផ្ដាច់ការមួយនៅឧបទ្វីបអាមេរិកខាងត្បូង ដែលបានដាក់ឱសានវាទ បណ្ដេញឯកអគ្គរដ្ឋទូត របស់សហគមន៍មួយនេះ ចេញអោយផុតពីវេណេហ្សូអេឡាក្នុងរយៈពេល ៧២ម៉ោងប៉ុណ្ណោះ។
នេះគឺជាវិធានការសងសឹកដែលសហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើមន្រ្ដីវេណេហ្សូអេឡា ក្រោមរបបលោកនីកូឡាស់ម៉ាឌូរ៉ូដែលសហរដ្ឋអាមេរិក និងក្រុមសិទ្ធិមនុស្ស ចាត់ទុកថា មេដឹកនាំផ្ដាច់ការ។
របបលោកលោកម៉ាឌូរ៉ូបានប្រកាស ទុកពេលឱ្យប្រេសិតសហភាពអឺរ៉ុបមួយរូបគឺអ្នកស្រី Isabel Brilhante Pedrosato រៀបបង្វិចចាកចេញពីប្រទេសរបស់លោកក្នុងពេលតែ៧២ម៉ោងប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី២៩ ខែមិថុនានេះតទៅ។
លោកម៉ាឌូរ៉ូបានថ្លែងក្នុងទូរទស្សន៍មួយដោយន័យដើមដូចថា៖ ខ្ញុំ សម្រេចទុកពេលឱ្យឯកអគ្គរដ្ឋទូតអឺរ៉ុបរូបក្នុងរយៈពេល៧២ម៉ោងគឺត្រូវចាកចេញពីប្រទេសមួយនេះ។
លោកបានបញ្ជាក់ថា អ្នកស្រី Pedrosato អាចប្រើប្រាស់យន្ដហោះណាក៏បានដែរ គឺត្រូវតែចាកចេញពីប្រទេសវេណេហ្សូអេឡ។
លោកម៉ាឌូរ៉ូក៏បានប្រកាសដែរថា អាណានិគមអឺរ៉ុបនៅលើទឹកដីរបស់វេណេហ្សូអេឡា គឺឆ្អែតឆ្អន់ណាស់ទៅហើយ។ នេះបើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន អង់គ្លេស Reuters បានរាយការណ៍នៅថ្ងៃទី៣០ មិថុនានេះ។
បញ្ជារបស់ម៉ាឌូរ៉ូធ្វើឡើងបន្ទាប់ពីប៉ុន្មានម៉ោងប៉ុណ្ណោះដែលក្រុមប្រឹក្សាសហភាពអឺរ៉ុបកាលពីថ្ងៃចន្ទទី២៩ ខែមិថុនានោះ បានដាក់ទណ្ឌកម្មលើមន្រ្ដីវេណេហ្សូអេឡាដល់ទៅ១១នាក់ ដែលរួមមានសមាជិកសភា និងមេទាហានជាន់ខ្ពស់មួយចំនួន។
ការដាក់ទណ្ឌកម្មថ្មីទៀត លើមន្រ្ដីវេណេហ្សូអេឡានោះដោយសារតែមន្ត្រីទាំងនោះ គឺជាអ្នកទទួលខុសត្រូវពិសេសចំពោះការធ្វើ សកម្មភាពប្រឆាំងនឹងប្រជាធិបតេយ្យ និងសេរីភាពក្នុងរដ្ឋសភា ព្រោះតែសភានេះបានដក អភ័យឯកសិទ្ធិរបស់សមាជិកសភាមកពីបក្សប្រឆាំង៣ រូប។
ក្រុមប្រឹក្សារបស់សហភាពអឺរ៉ុបបញ្ជាក់ថា ថាបុគ្គលអស់ទាំងនោះជាឧបសគ្គនៃ ដំណោះស្រាយនយោបាយ និងប្រជាធិបតេយ្យដែលនាំអោយកើតមានវិបត្តិធ្ងន់ធ្ងរចំពោះប្រជាជន និងប្រទេស វេណេហ្សូអេឡា។ ទណ្ឌកម្មដែលសហភាពអឺរ៉ុបបានដាក់លើមន្ត្រីនៃរបបលោកម៉ាឌូរ៉ូគឺការបង្កកទ្រព្យសម្បត្តិ និងការហាមមិនឱ្យធ្វើដំណើរ ទៅចូលទឹកដីអឺរ៉ុប។ យ៉ាងណាក៏ដោយ មានមន្រ្ដីវេណហ្សូអេឡា៣៦នាក់ហើយដែលសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្ម ក្នុងនោះមានទាំងលោកម៉ាឌូរ៉ូផងដែរ។
វិធានការរបស់សហភាពអឺរ៉ុបនេះធ្វើឡើង បន្ទាប់ពី សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមន្ត្រីនៃរបបលោកម៉ាឌូរ៉ូដល់ជាង៦០នាក់ដោយបានរឹបអូសទ្រព្យសម្បត្តិរបស់មន្ត្រីទាំងនោះទៀតផង។
ប្រទេសជិត៦០ បានគាំទ្រ លោកវ័នហ្គៃដូជាមេដឹកនាំបក្សប្រឆាំងក្នុងឋានៈ ជាប្រធានាធិបតីស្ដីទីនៃប្រទេសមួយនោះព្រោះលោកកៃដូ គឺជាប្រធានរដ្ឋសភា ។
ប្រទេសទាំងនោះមួយចំនួនត្រូវបាន លោកបានម៉ាឌូរ៉ូ ចោទថាបានរួមគំនិតជាមួយ លោកហ្គៃដូប៉ុនប៉ង ទាញទំលាក់លោកពីអំណាច។
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងរដ្ឋវេណេហ្សូអេឡា PDVSA។ កាលពីថ្ងៃពុធសប្ដាហ៍មុន ក្រុងវ៉ាស៊ីនតុនក៏បានដាក់ទណ្ឌកម្មលើនាវាដឹកប្រេងរបស់អ៊ីរ៉ង់ចំនួនប្រាំទៀតដែលធ្វើទំនាក់ទំនងនាំប្រេងចូលប្រទេសវេណេហ្សូអេឡាដែរ។
នាវាដឹកប្រេងទាំងប្រាំនោះគឺដឹកក្នុងទំហំប្រមាណ ១លាន ៥សែនបារ៉ែលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo ថាយកមកទ្រទ្រង់របបខុសច្បាប់ម៉ាឌូរ៉ូ។
សម្រាប់លោក ម៉ាឌូរ៉ូវិញ ចាត់ទុក អាមេរិកដែលកំពុងប្រើប្រាស់ទណ្ឌកម្មនេះថា ជាប្រទេសចក្រព័ត្របែបថ្មី មានផែនការសម្លាប់រដ្ឋាភិបាលរបស់លោកហើយលេបយកធនធានធម្មជាតិប្រេងកាតរបស់ប្រទេសលោក។ លោកម៉ាឌូរ៉ូស្រែកជំទាស់ដូចនេះថា យើងមិនអនុញ្ញតឱ្យវេណហ្សូអេឡាក្លាយជាវៀតណាមនៅតំបន់អាមេរិកឡាទីននោះទេ។ ប៉ុន្តែម៉ាឌូរ៉ូខ្លួនឯងនេះ បានក្លាយជាមុខសញ្ញានៃការតាមចាប់ខ្លួនក្នុងតម្លៃខ្លួន១៥លានដុល្លារក្រោមដីការបស់ក្រសួងយុត្តិធម៌ អាមេរិក ព្រោះតែអាមេរិកចោទបុរសខ្លាំងម្នាក់នេះគឺ ជាឧក្រិដ្ឋជនជួញដូរគ្រឿនញៀន។
លោកម៉ាឌូរ៉ូ ក៏បានក្លាយជា ជនត្រូវតាមដានដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ករណី ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយការសម្លាប់ក្រុមប្រឆាំង និង ចាប់ខ្លួន ដាក់គុករាប់រយនាក់។ ខ្នងបង្អែកដ៏ខ្លាំងរបស់ លោកម៉ាឌូរ៉ូគឺមានចិន រុស្ស៊ី គុយបា តួកគី កូរ៉េខាងជើងនិងអ៊ីរ៉ង់៕