31 C
Phnom Penh

មន្ត្រីជំនាញថា រ៉ែដែលពលរដ្ឋខេត្តព្រះសីហនុ ផ្អើលនាំគ្នាទៅជីកនោះ មិនមែនជារ៉ែមាសទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានបង្ហាញលទ្ធផលពីមន្ទីរពិសោធន៍ថា រ៉ែដែលពលរដ្ឋរស់នៅខេត្តព្រះសីហនុ ផ្អើលនាំគ្នាទៅជីក កាលពីពេលថ្មីៗនេះ មិនមែនជារ៉ែមាសនោះទេ ប៉ុន្តែវាជាប្រភេទរ៉ែ ពីរីត ដែលជាបណ្ដុំ នៃសមាសធាតុដែក និងស្ពាន់ធ័រតែប៉ុណ្ណោះ។

អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល លោក យស មុនីរ៉ាត់ បានប្រាប់ក្រុមអ្នកសាព័ត៌មានថា ទីតាំងដែល ពលរដ្ឋរស់នៅខេត្តព្រះសីហនុ នាំគ្នាផ្អើលទៅជីកកកាយ ដោយសង្ស័យថាជារ៉ែមាសនោះ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោក យស មុនីរ៉ាត់ ឲ្យដឹងថា រ៉ែ ដែលប្រជាពលរដ្ឋផ្អើលទៅជីកនៅទីតាំងខាងលើនេះពុំមែនជារ៉ែមាសនោះទេ ព្រោះមន្ត្រីជំនាញ បានយករ៉ែនោះ មកធ្វើការពិសោធន៍យ៉ាងល្អិតល្អន់រួចហើយ។

លោកបន្តថា យោងតាមលទ្ធផល នៃមន្ទីរពិសោធន៍របស់ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា តំបន់នោះមិនមែនជារ៉ែមាសសុទ្ធនោះទេ វាគ្រាន់តែមានតិចតួចប៉ុណ្ណោះ ហើយគ្មានសក្ដានុពល សម្រាប់សេដ្ឋកិច្ច ឬមានតម្លៃអ្វីសម្រាប់យកមកធ្វើអាជីវកម្មទេ។

លោក យស មុនីរ៉ាត់ ឲ្យដឹងថា លទ្ធផលនៃការវិភាគអាចវាយតម្លៃជំហានដំបូងថា រ៉ែនោះជាប្រភេទរ៉ែពីរីត ដែលជាប្រភេទរ៉ែដែកអុកស៊ីតជាមួយ និងស្ពាន់ធ័រ។ លោកបន្តថា ប្រសិនបើយករ៉ែនោះមកចំរ៉ាញ់ឲ្យចេញជាមាស គឺចំរ៉ាញ់មិនអាចជាមាសនោះទេ។

ផ្តើមពីបញ្ហានេះ លោក យស មុនីរ៉ាត់  បានអំពាវនាវដល់ពលរដ្ឋ កុំឲ្យមានការភាន់ច្រឡំ ហើយឈប់នាំគ្នាផ្សងព្រេង ទៅជីក រូងដីភ្នំ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។
លោកបន្តថា ចំពោះករណីនេះ ក្រុមការងារក្រសួងរ៉ែ និងថាមពល បានសហការជាមួយអាជ្ញាធរខេត្ត ព្រះសីហនុ ដើម្បីរក្សាតំបន់នោះទុកធ្វើការស្រាវជាវនៅពេលក្រោយជាបន្តទៀត។

កាលថ្ងៃទី១២ ខែមិថុនា មានប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាផ្អើលទៅជីកកកាយយករ៉ែ នៅចំណុចជើងភ្នំមួយកន្លែង ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយពួកគាត់ឃើញដុំរ៉ែនោះ មានពន្លឺចាំងប្លែក ដោយសន្និដ្ឋានថាជារ៉ែមាស។ ប៉ុន្តែពេលនេះ ត្រូវបានមន្ត្រីក្រសួងរ៉ែ និងថាមពល បំភ្លឺថា មិនមែនជារ៉ែមាស មានតម្លៃសេដ្ឋកិច្ចនោះទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស