33 C
Phnom Penh

តំបន់សមុទ្រចិនខាងត្បូង ត្រៀមធ្លាក់ក្នុងសង្រ្គាម ខណៈសកម្មភាពយោធាកំរើកជាខ្លាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពុំមានការអះអាងថា សង្រ្គាមនៅសមុទ្រចិនខាងត្បូង អាចនឹងផ្ទុះនៅពេលណាពិតប្រាកដនោះទេ ប៉ុន្តែសកម្មភាពយោធា នៃប្រទេសពាក់ព័ន្ធកាន់តែរីកធំឡើងៗ។ មានសេចក្ដីរាយការណ៍មកថា ចិនចាប់ផ្ដើមធ្វើសមយុទ្ធទ្រង់ទ្រាយធំរយៈពេល៥ថ្ងៃដោយ ចាប់ពីពុធទី១ ខែកក្កដានេះតទៅ ។

ចំណែក ឯសហរដ្ឋអាមេរិកទោះជាបានធ្វើរួចហើយ នូវសមយុទ្ធទ័ពជើងទឹក នឹងជើងអាកាស ជាមួយប្រទេសហ្វីលីពីន ប៉ុន្តែនាវាផ្ទុកយន្តហោះដ៏ធំចំនួន២គ្រឿងគឺនាវា USS Nimitz និង USS Ronald Reagan កំពុងសុំចតនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ចំពេលកងទ័ពចិន កំពុងធ្វើសមយុទ្ធនៅបន់នោះដែរ។

កាលពីសប្ដាហ៍មុននេះ នាវាផ្ទុកយន្តហោះ របស់សហរដ្ឋអាមេរិក USS Theodore Roosevelt និង USS Nimitz ដែលបានធ្វើសមយុទ្ធជាមួយកងទ័ពហ្វីលីពីន គឺធ្វើឡើងក្រោយពី រដ្ឋាភិបាល ក្រុងម៉ានីល ប្រកាសថាខ្លួននឹងបញ្ជូនទ័ពទៅកាន់ ប្រជុំកោះស្កាបូរ៉ូរបស់ខ្លួន នៅសមុទ្រចិនខាងត្បួង។

សមយុទ្ធនេះ បានបង្កអោយក្រុងប៉េកាំង ប្រតិកម្ម ហើយបានព្រមានទៅសហរដ្ឋអាមេរិកថាកុំបង្កភ្លើងសង្រ្គាម ក្នុងតំបន់។ ក្រុងប៉េកាំងទទូចថា ជម្លោះដែនទឹកសមុទ្រចិនខាងត្បូងអាចដោះស្រាយបានតែជាមួយភាគីពាក់ព័ន្ធផ្ទាល់ក្នុងតំបន់តែប៉ុណ្ណោះ។

តែបែបនេះក្ដីក្រុងប៉េកាំងដែលធ្លាប់ប្រកាសថានឹងធ្វើសមយុទ្ធយោធា របស់ខ្លួន នៅសមុទ្រចិនខាងត្បូង នៅខែសីហានោះ បែរជាទៅធ្វើនៅពេលនេះវិញ។

តាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន Washington examiner  កងអង្គភាពនាវាចម្បាំង មកពីកងទ័ពប្រជាជនចិន បានចាប់ផ្ដើមធ្វើសមយុទ្ធរបស់ខ្លួន ចាប់ថ្ងៃទី១ រហូតដល់ថ្ងៃទី៥ ខែកក្កដា ។ សមយុទ្ធនេះ ធ្វើឡើងនៅតំបន់ប្រជុំកោះ ប៉ារ៉ាហ្សែល ដែលកងទ័ពចិនបានចូលកាន់កាប់តំបន់នោះពីវៀតណាម ក្នុងសង្រ្គាមរយៈខ្លីមួយ កាលពីឆ្នាំ១៩៧៤។ 

ក្នុងការធ្វើសមយុទ្ធនេះ ចិនបានព្រមានមិនឱ្យមានការធ្វើនាវាចរណ៍នៃប្រទេសណាមួយឡើយ។ ប្រទេសវៀតណាម ដែលភ័យខ្លាចពីការបាត់កោះរបស់ខ្លួនថែមទៀត បានប្រកាសថ្កោលទោស ដោយចាត់ទុកថា ក្រុងប៉េកាំងបានរំលោភច្បាប់សមុទ្រអន្តរជាតិ ១៩៨២។ 

តាមរយៈសកម្មភាពនៃការធ្វើសមយុទ្ធនេះ សារព័ត៌មាន Wei Dongxu ដែលជំនាញ ខាងកិច្ចការយោធា ប្រទេសចិន បានអោយដឹងថា កងទ័ពប្រជាជនចិន បានត្រៀមរួចរាល់ក្នុងការបើកសមរភូមិសង្រ្គាមជាមួយ ភាគីពាក់ព័ន្ធទាំងអស់។

ប្រទេសដែលពាក់ព័ន្ធជម្លោះជាមួយចិន នៃសមុទ្រចិនខាងត្បូង មានវៀតណាម ហ្វីលីពិន ព្រុយណេ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ចំណែកឯអាជ្ញាធរកោះតៃវ៉ាន់ក៏បានប្រកាសថា តៃវ៉ាន់ក៏មានកោះទៅតំបន់សមុទ្រចិនខាងត្បូងនេះដែរ។ ក្រសួងការពារជាតិ តៃវ៉ាន់ បានប្រកាសថា កងទ័ពតៃវ៉ាន់ មកពីអង្គភាពទ័ពម៉ារ៉ីន ជាច្រើនរយនាក់ បានទៅដល់ កោះរបស់ខ្លួនហើយ នៅទីនោះ គឺប្រជុំកោះ Pratast ។ តៃវ៉ាន់ ប្រកាសថា កងទ័ពរបស់ខ្លួនដែលនៅ លើកោះ Pratast  គឺជាកងទ័ពសកម្មខាងនាវាចរណ៍និងសង្រ្គាមទ័ពជើងទឹក។

នៅក្នុងសេចក្ដីថ្លែងការណ៍រួម នៃមេដឹកនាំអាស៊ាន  ដែលបានបើក កិច្ច ប្រជុំ តាម វិដេអូConference ហើយ ឆ្នាំនេះ វៀតណាម ជាប្រធាន កិច្ចប្រជុំ បានសម្រេចរួមគ្នាថានឹង ខិតខំពង្រឹងស្មារតីអាស៊ាន ដើម្បីរក្សាសន្តិភាពនិងស្ថិរភាព តំបន់ សមុទ្រចិនខាងត្បូង អោយបានទោះជាមានការខ្វែងគំនិតគ្នា កន្លងមកក្ដី។

នាយករដ្ឋមន្ត្រី វៀតណាម ង្វៀន ស៊ុនហ្វុក បានទទូចថា ក្រមប្រតិបត្តិសមុទ្រ ត្រូវរុញអោយ ឆាប់កើតឡើង ហើយ អោយស្របនឹងច្បាប់សមុទ្រអន្តរជាតិ របស់អង្គការសហប្រជាជាតិ ឆ្នាំ១៩៨២។ សេចក្ដីថ្លែងការណ៍របស់មេដឹកនាំសមាគមអាស៊ាន ទទួលបានការសាទរភ្លាមៗពីសហរដ្ឋអាមេរិក។

លោករដ្ឋមន្រ្តីការបរទេស អាមេរិក Mike Pompeo បានទទូចថា ដែនទឹកនៃប្រទេសក្នុងតំបន់អាស៊ាន គឺជារបស់សមាគមនេះ ហើយចិន មិនអាចមានសិទ្ធិលើសលុបកាន់កាប់តំបន់នោះ ដោយឯកតោភាគីបានឡើយ។

ប្រមុខការទូតអាមេរិករូបនេះ ក៏បានទទូចអោយ អាស៊ាន ប្រើច្បាប់សមុទ្រអន្តរជាតិ ឆ្នាំ១៩៨២មកធ្វើ ជាគោលការណ៍ច្បាប់ នៃការស្វែងរកដំណោះស្រាយរួម។ កាលពីខែកញ្ញា ឆ្នាំ២០១៩ កងទ័ព អាមេរិកបានបើកធ្វើសមយុទ្ធរួមគ្នា ជាមួយកងទ័ពនៃសមាគមអាស៊ាន ដោយបានបើកឆ្លងកាត់សមុទ្រចិនខាងត្បូង ។ សមយុទ្ធនៅពេលនោះ បានបង្កអោយចិន ប្រតិកម្ម ដោយក្រុងប៉េកាំងចោទសហរដ្ឋអាមេរិក លូកដៃចូលបញ្ហាសន្តិសុខ តំបន់ អាស៊ាន។

មកដល់ពេលនេះ សម្រាប់សហរដ្ឋអាមេរិក កំពុងរកទីតាំង ឈរជើង នៅប្រទេស វៀតណាម ដែលតាមព័ត៌មាន គឺមូលដ្ឋានទ័ពអាកាស កាំរាញ អាចនឹងត្រូវបាន វៀតណាម ប្រគល់អោយកងនាវា ផ្ទុកយន្តហោះ USS Theodore Roosevelt តាំងនៅ ជាថ្មីម្ដងទៀត គឺស្រប ពេលដែលនាវាផ្ទុកយន្តហោះ ធំៗ៣គ្រឿងរបស់អាមេរិកបានកំពុងស្ថិតនៅតំបន់សមុទ្រចិនខាងត្បូងរួចហើយ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស