ក្រុមសិទ្ធិមនុស្សក្នុងស្រុកសាទរ ចំពោះចំណាត់ការ របស់ក្រសួងមហាផ្ទៃ ដែលបានចេញក្តីសម្រេចស្តីពី ការផ្ទេរសមត្ថកិច្ច ក្នុងការផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ជូនប្រជាជន ដោយផ្តល់ភារកិច្ចនេះជូន អធិការនគរបាលក្រុង-ស្រុក-ខណ្ឌ និងប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ ថានឹងបង្កលក្ខណៈងាយស្រួល និងដឹងពីសុខទក្ខ ប្រជាពលរដ្ឋ។
អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម និងសិទ្ធិមនុស្ស នៃសមាគមន៍អាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ ស្ថិតក្នុងចំណោមអង្គការក្រៅរដ្ឋាភិបាលច្រើនទៀតនៅកម្ពុជា អ្នកស្រី ជៀប សុធារី បានសម្តែងការគាំទ្រ និងចាត់ទុក សេចក្តីសម្រេចស្តីពីការផ្ទេរសមត្ថកិច្ច ក្នុងការផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋ របស់ក្រសួងមហាផ្ទៃ ថានឹងអាចជួយសម្រួលដល់ប្រជាពលរដ្ឋ មកទទួលនេះបានឆាប់រហ័ស ជាពិសេសនឹងជួយកាត់បន្ថយការចំណាយ របស់ប្រជាពលរដ្ឋ ក្នុងការស្វែងរកសេវាខាងលើនេះថែមទៀតផង។
ចំណែកប្រជាពលរដ្ឋភាគច្រើន រស់នៅតាមបណ្តាខេត្តមួយចំនួន
ក្នុងប្រទេសកម្ពុជា ក៏បានគាំទ្រ ចំពោះសេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃនេះដែរ។
ពួកគាត់រំពឹងថា សេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃ ទាក់ទិនការកែសម្រួលសមត្ថកិច្ច ឬភារកិច្ចមន្ត្រីនគរបាល ក្នុងការផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារនេះ ថានឹងអាចជួយកាត់បន្ថយការចំណាយ និងផ្តល់ភាពងាយស្រួល ក្នុងការស្វែងរកសេវាខាងលើនេះ ជាក់ជាមិនខាននាថ្ងៃខាងមុខ។
សេចក្តីសម្រេចមានចុះហត្ថលេខា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១ ខែកក្កដា ហើយដែលសាព័ត៌មាន The Cambodia Daily ទើបទទួលបាននៅថ្ងៃទី០២ ខែកក្កដានេះ បានកំណត់អំពីការផ្ទេរភារកិច្ច ឬសមត្ថកិច្ច ក្នុងការពិនិត្យសម្រេចផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆាប់រហ័ស លើសេវាចុះបញ្ជីស្នាក់នៅ និងបញ្ជីគ្រួសារ ជូនប្រជាជន មានលំនៅឋាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សេចក្តីសម្រេចនេះ ក្រសួងមហាផ្ទៃ បានផ្ទេរសមត្ថកិច្ចពីអធិការនគរបាលក្រុង -ស្រុក- ខណ្ឌ ជូនទៅឲ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ក្នុងការពិនិត្យ សម្រេចផ្តល់សៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅដ្ឋាន ការប្រែប្រួល នៃសមាជិកគ្រួសារ ការផ្លាស់ប្តូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យ ក្នុងបញ្ជីស្នាក់នៅស្របតាមលិខិតបទដ្ឋាន គតិយុត្តដែលបានកំណត់៕