33 C
Phnom Penh

គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេស ទាមទារឱ្យរដ្ឋាភិបាល តវ៉ាយកកោះត្រល់និងដែនសមុទ្រដែលវៀតណាមគ្រប់គ្រងមកវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សសង្រ្គោះជាតិ ភាគីក្រុមលោក សម រង្ស៊ី ដែលមានមូលដ្ឋាននៅក្រៅប្រទេស បានទាមទារឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ប្រើប្រាស់នូវអនុសញ្ញាអន្តរជាតិ និងឯកសារគតិយុត្តិនានា ក្នុងការប្តឹងភាគីវៀតណាម ដើម្បីយកកោះត្រល់ និងចង្កោមកោះក្រចកសេះ ព្រមទាំងដែនសមុទ្រ ដែលវៀតណាមបានគ្រប់គ្រងមកវិញ ។

ក្នុងសេចក្តីថ្លែងការណ៍របស់បក្សនៅថ្ងៃទី២ ខែកក្កដានេះ ដោយមានត្រា បក្ស និងឈ្មោះអតីតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបគណបក្សសង្រ្គោះជាតិ គឺលោកអ៊ុំ សំអាន សម្រាប់ទាក់ទងព័ត៌មានបន្ថែមផងនោះ បានលើកឡើងថាក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ កាលពីថ្ងៃទី២៦ មិថុនា  តាមវីដេអូ Conference  ប្រធានប្តូរវេនអាស៊ានបានជំរុញឱ្យរដ្ឋជាសមាជិក និងភាគីជម្លោះ សមុទ្រចិនខាងត្បូង ត្រូវនាំគ្នាដោះស្រាយបញ្ហានេះដោយសន្តិវិធីនិងឈនៅលើច្បាប់អន្តរជាតិ។

សេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំនោះប្រធានប្តូរវេនក៏បានលើកយកនូវអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ស្តីពីច្បាប់សមុទ្រគឺជា  មូលដ្ឋាននៃការកំណត់សិទ្ធិលើដែនសមុទ្រ សិទ្ធិអធិបតេយ្យ យុត្ថាធិការ និងផលប្រយោជន៍ស្របច្បាប់នៅលើតំបន់ដែនសមុទ្រ។

ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍របស់បក្សប្រឆាំង វិញបានអះអាងថាអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ស្តីពីច្បាប់សមុទ្រនេះហើយ ដែលជាមូលដ្ឋានសម្រាប់កម្ពុជាយកទៅដោះស្រាយព្រំដែន             សមុទ្រជាមួយប្រទេសជិតខាង។

ប្រភពដដែល បន្តថាដោយយោងលើអនុសញ្ញានេះបក្សប្រឆាំងបានទាមទារឱ្យរដ្ឋាភិបាលលោកហ៊ុនសែនប្រើប្រាស់នូវអនុសញ្ញាអន្តរជាតិ និងឯកសារគតិយុត្តិនានា ក្នុងការប្តឹងភាគីវៀតណាម ដើម្បីយកកោះត្រល់ និងចង្កោមកោះក្រចកសេះ ព្រមទាំងដែនសមុទ្រ ដែលវៀតណាមបានគ្រប់គ្រងមកវិញ ។

យ៉ាងណាក៏ដោយកាលពី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានអះអាងថាដែនដីកោះត្រល់បានបាត់បង់មុខជំនាន់លោកទៅទៀត ។

លោកបន្តថាមានព្រឹត្តិការណ៍ធំៗបីដែលបង្ហាញថាដែនកោះនេះបានបាត់បង់ហើយកម្ពុជាក៏បានបោះបង់សិទ្ធិទាមទារកោះត្រល់មកវិញដែរ គឺទី១នៅឆ្នាំ១៩៣៩ ទេសាភិបាលបារាំង លោក ប្រេវីយ៉េ បានកាត់កោះត្រល់ដាក់នៅក្រោមការគ្រប់គ្រងរបស់កូសាំងស៊ីន។

ដោយឡែក នៅឆ្នាំ១៩៤៩ ទឹកដីកូសាំងស៊ីនត្រូវបានបារាំង ប្រគល់ឱ្យព្រះចៅ បៅដាយ និងព្រឹត្តិការណ៍ទី៣ លោកហ៊ុន សែន ថានៅឆ្នាំ១៩៦៤ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានយកខ្សែប្រេវីយ៉េ ឆ្នាំ១៩៣៩ ទៅតម្កល់នៅអង្គការសហប្រជាជាតិ ដោយស្នើឱ្យអន្តរជាតិ និងប្រទេសសាមី ទទួលស្គាល់ថាជាព្រំដែនសមុទ្រវាងកម្ពុជា និងវៀតណាមទៀតផង។

លោកហ៊ុនសែន លើកឡើងពេលនោះថាអ្នកដែលចោទថា លោកធ្វើឱ្យបាត់បង់ដែនកោះគឺជាការកេងចំណេងផ្នែកនយោបាយប៉ុណ្ណោះ ហើយលោកក៏មិនអាចទទួលខុសត្រូវចំពោះការបាត់បង់ដែនកោះទាំងនេះបានដែរ ព្រោះតែវាបានបាត់បង់មុនសម័យលោកកាន់អំណាចទៅទៀត។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យហៅកាត់ថា SMD លោក ទូច វិបុល មានប្រសាសន៍ថា ប្រទេសវៀតណាម ត្រូវគោរពគោលការណ៍របស់ អាស៊ាន គោរពច្បាប់សមុទ្រ១៩៨២របស់អង្គការសហប្រជាជាតិ និងជាពិសេសគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស១៩៩១។ លោកបន្តថាវៀតណាមត្រូវដកខ្លួនចេញពីការកាន់កាប់កោះត្រល់ ចង្កោះកោះក្រចកសេះ និងដែនអាកាសដែលជារបស់ខ្មែរ។

លោកបានបន្ថែមទៀតថា ពលរដ្ឋកម្ពុជា និងពលរដ្ឋវៀតណាម ចង់បាននូវសុខសន្តិភាព និងវិបុលភាពដូចគ្នា ប៉ុន្តែរដ្ឋាភិបាលវៀតណាម ជាអ្នកកាត់ផ្តាច់បំណងប្រាថ្នារបស់ពលរដ្ឋនៃប្រទេសទាំងពីរ តាមរយៈយុទ្ធសាស្ត្រយូរអង្វែងក្នុងការ ឈ្លានពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីខ្មែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស