ដើម្បីដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតផល ស្បែកជើង សម្រាប់ឆ្នាំ២០២១ នៅតែអាចដំណើរការជាធម្មតា ដោយគ្មានការផ្អាកនោះឡើយ។
ព័ត៌មានដែលស្និតនឹងរដ្ឋាភិបាល Fresh Newsនៅថ្ងៃនេះបានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ចុះផ្សាយថា ដំណើរការចរចាប្រាក់ឈ្នួលអប្បរមាសម្រាប់ឆ្នាំ២០២១ នៅតែបន្តទៅតាមពេលវេលាដែលក្រសួងបានកំណត់ ទោះបីជាមានការស្នើសុំផ្អាកការចរចារនេះ ពីសំណាក់នយោជកក្រោមហេតុផលនៃវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក្តី។ កាលពីថ្ងៃទី ២៣ ខែមិថុនា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថាGMAC បានស្នើរដ្ឋាភិបាលពន្យារពេលក្នុងការជជែកគ្នាអំពីបញ្ហាប្រាក់ឈ្នួលអប្បរមា សម្រាប់ឆ្នាំ២០២១ ដោយអនុវត្តប្រាក់ឈ្នួលឆ្នាំចាស់ឆ្នាំ២០២០នេះ រហូតដល់ស្ថានភាពវិស័យនេះវិលត្រឡប់ទៅរកភាពប្រសើរឡើងវិញ។
GMAC លើកឡើងថាស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្នវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងកំពុងមានភាពផុយស្រួយ និងមានភាពមិនច្បាស់លាស់ក្នុងការវិលត្រឡប់ទៅរកសភាពដើមវិញ ឬក៏អាចនិយាយបានថាការធ្វើឱ្យប្រសើរឡើងវិញនូវវិស័យនេះ ត្រូវចំណាយពេលយូរ ហើយមានសហគ្រាសជាច្រើនក្នុងវិស័យនេះ បានសម្រេចចិត្តព្យួរការងារនិងមានរោងចក្រជាច្រើនកំពុងបិទទ្វារ។
បញ្ហានេះ GMAC ថាយន្តការគាំទ្រនានាដល់វិស័យនេះ ឬការផ្អាកជាបណ្តោះអាសន្នក្នុងការចរចារប្រាក់ឈ្នួលឆ្នាំ២០២១ គឺជាវិធានការចាំបាច់ក្នុងការរក្សាលំនឹងដល់វិស័យនេះមិនឱ្យដួលរលំ ហើយមានជីវិតបន្តទៀត ព្រមទាំងជួយរក្សាការងារជូនបងប្អូននយោជិតផងដែរ។
ទោះបីជាយ៉ាងនេះក្តី ប្រធានសហជីពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ធ្លាប់លើកឡើងថា ផលប៉ះពាល់ដោយសារកូវីដ១៩ មានដូចគ្នារវាង និយោជក និងកម្មករនិយោជិត តែកម្មករហាក់រងផលប៉ះពាល់ធ្ងន់ជាងនិយោជក ព្រោះផលប្រយោជន៍មួយចំនួនដែលកម្មករធ្លាប់ទទួលបានពីមុនមក ត្រូវបានឈប់ផ្តល់អោយពួកគាត់ស្ទើរតែទាំងស្រុងក្នុងពេលបច្ចុប្បន្ន។
លោកបន្តថា ស្ថិតក្នុងស្ថានភាពដ៏លំបាកបែបនេះ បើមិនមានលទ្ធភាពក្នុងការលើកទឹកចិត្តបន្ថែមដល់កម្មករទេ ក៏មិនគួរកាត់បន្ថយឬ ពន្យាពេលផ្តល់នូវផលប្រយោជន៍ដែលកម្មករធ្លាប់ទទួលបាននោះឡើយ។
បច្ចុប្បន្នប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជើង មានចំនួន១៩០ដុល្លារក្នុងមួយខែ។ ចំណែកការបរិច្ឆេទក្នុងការចរចារប្រាក់ឈ្នួលគ្រោងនឹងចាប់ផ្តើមពីខែកក្កដានេះតទៅ ហើយនៅខែមករាឆ្នាំក្រោយនឹងកំណត់យកប្រាក់ឈ្នួលថ្មីជាផ្លូវការ៕