29 C
Phnom Penh

អ្នកវិភាគថា ព្រឹត្តិការណ៍៥~៦កក្កដា១៩៩៧ ជារដ្ឋប្រហាររបស់លោក ហ៊ុន សែន និងកងទ័ពសម្ងាត់របស់វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី៥~៦កក្កដា១៩៩៧ នៅតែជាការជជែកគ្នាមិនដាច់ស្រេចសោះឡើយមកទល់ពេលបច្ចុប្បន្នបើទោះបីជាព្រឹត្តិការណ៍នោះត្រូវបានកន្លងផុតទៅរយៈពេល២៣ឆ្នាំទៅហើយក្តី។

អ្នកវិភាគនយោបាយដែលមានមូលដ្ឋាននៅក្រៅប្រទេស លោក គឹម សុខ លើកឡើងនៅលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃច័ន្ទនេះថា ព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី៥~៦កក្កដា១៩៩៧ ជារដ្ឋប្រហាររបស់លោក ហ៊ុន សែន និងកងកម្លាំងសម្ងាត់របស់វៀតណាម  ពុំមែនជារដ្ឋប្រហារដែលចេញដោយគណបក្សប្រជាជនកម្ពុជានោះទេ។

លោកពន្យល់ហេតុផលថា កាលពីខែមិថុនា ឆ្នាំ១៩៩៧ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ចាញ់ឆ្នោត១៩៩៣ ដែលតោងអំណាចដោយការគម្រាមធ្វើអបគមន៍ឬបែងចែកទឹកដីខ្មែរ ដោយយកបីខេត្តខាងកើតទន្លេមេគង្គជាប់ព្រំដែនវៀតណាម ដូចជាខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំបច្ចុប្បន្ន ស្វាយរៀង និងព្រៃវែងនោះ ដោយបានប្រើលេសថាទៅធ្វើវិស្សមកាលនៅប្រទេសវៀតណាម។

បន្ទាប់ពីត្រឡប់មកពីស្រុកយួនភ្លាមៗ លោក ហ៊ុន សែន បានដាក់ពង្រាយកងអង្គរក្សរបស់លោក ដើម្បីប្រយុទ្ធបណ្ដេញកងយោធពលខេមរភូមិន្ទពីភាគីហ្វ៊ុនស៊ិនប៉ិចឲ្យភៀសខ្លួនលើកបន្ទាយទៅអូស្មាច់ក្នុងខេត្តឧត្តរមានជ័យ។

ប្រភពដដែលលើកយកនូវសេចក្ដីរាយការណ៍ របស់លោក ថូម៉ាស ហ៊ែមម៉ាប៊ឺក តំណាងពិសេសនៃអង្គការសហប្រជាជាតិ(UN) ស្ដីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាកាលនោះ ដោយក្នុងរបាយការណ៍ខែតុលា១៩៩៧របស់គាត់ ផ្ញើទៅកាន់មហាសន្និបាតនៃអង្គការសហប្រជាជាតិ បញ្ជាក់ថា «ព្រឹត្តិការណ៍ ៥~៦ កក្កដា (១៩៩៧) គឺជារដ្ឋប្រហារ» ដែលសំដៅដល់អំពើរដ្ឋប្រហាររបស់លោក ហ៊ុន សែន បណ្ដេញព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទី១ស្របច្បាប់ ចេញពីអំណាចដឹកនាំប្រទេស។ លោក គឹម សុខបន្តថា ព្រឹត្តិការណ៍៥~៦កក្កដា១៩៩៧ គឺជារដ្ឋប្រហាររបស់លោក ហ៊ុន សែន និងកងទ័ពសម្ងាត់របស់វៀតណាម ពុំមែនជារដ្ឋប្រហាររបស់ CPP ទេ ពីព្រោះលោក ហ៊ុន សែន បានប្រើតែកងអង្គរក្សរបស់គាត់ ដោយមានកម្លាំងជំនួយពីទាហានចេះនិយាយតែភាសាយួន និងពុំមានការចូលរួមពីលោក ជា ស៊ីម, ស ខេង, ទៀ បាញ់ និងលោក កែ គឹមយ៉ាន ជាដើមនោះទេ។

លោកគឹម សុខ បន្តលើកឡើងអំពីមូលហេតុនៃការធ្វើរដ្ឋប្រហារ ដោយស្របគ្នាទៅនឹងការរកឃើញរបស់អ្នកជំនាញបរទេសអំពីមូលហេតុនៃការធ្វើរដ្ឋប្រហាររបស់លោក ហ៊ុន សែន ពេលនោះ។ ហេតុផលទាំងនោះ ដូចជាលោក ហ៊ុន សែន បានដឹងច្បាស់ជាមុនថា គណបក្សប្រជាជនកម្ពុជាប្រាកដជាចាញ់យ៉ាងធ្ងន់ធ្ងរក្នុងការបោះឆ្នោតជាតិឆ្នាំ១៩៩៨ ដែលនាំឲ្យគាត់បាត់អំណាចទាំងស្រុង ហើយឈានទៅរលាយខ្លួន។

បន្ថែមពីនេះ លោក ហ៊ុន សែន ខ្លាចកើតមានតុលាការកាត់ទោសមេៗខ្មែរក្រហមនៅក្រៅប្រទេស ដូចជានៅទីក្រុងឡាអេ ប្រទេសហូឡង់ជាដើម ព្រោះព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ពេលនោះក្នុងតួនាទីជានាយករដ្ឋមន្ត្រីទី១ស្របច្បាប់ បានគាំទ្រឲ្យមានសវនាការខ្នាតអន្តរជាតិក្រៅដែនកម្ពុជា។ បើកើតមានតុលាការបែបនេះមែន នោះលោក ហ៊ុន សែន ប្រាកដជាភ័យព្រួយអំពីការបែកធ្លាយរឿងពិតទាក់ទងនឹងខ្លួនលោក។ លោក ហ៊ុន សែន បានបំបាក់ចរន្តមេដឹកនាំកំពូលៗមួយភាគធំនៃគណបក្សប្រជាជនកម្ពុជា មានលោក ទៀ បាញ់ និងលោក      កែ គឹមយ៉ាន ជាដើម ដែលប្រុងសហការជាមួយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នៅស្របពេលដែលទាហានចំនួន៧កងពលរបស់គណបក្សប្រជាជនគ្រានោះ ក៏ត្រៀមចូលរួមជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិចដែរ។ មួយវិញទៀត លោក ហ៊ុន សែន ទប់ស្កាត់ការស្រាវជ្រាវករណីកញ្ឆាក្រៀមជិត៧តោន បង្កប់ក្នុងកៅស៊ូក្រែប ដែលត្រូវលោក ចៅ សុខុន មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងព្រះសីហនុ ធ្វើប្រតិបត្តិការចាប់ បាន។ កញ្ឆានោះ មានការបញ្ជាក់ថា ជារបស់ឧកញ៉ា ម៉ុង ឫទ្ធី ដែលជាមនុស្សជំនិតរបស់លោក ហ៊ុន សែន។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ហូ សុខ ដែលដឹកនាំលាតត្រដាងរឿងនេះ និងមានផែនការបន្តឆែកឃ្លាំងលោក ម៉ុង ឫទ្ធី ទៀត ប៉ុន្តែត្រូវលោក ហ៊ុន សែន គំរាមប្រាប់ឲ្យពាក់ប៉ានដែកលើក្បាលទៅជាមួយផង។

ជាមួយគ្នានេះ លោក ហូ សុខ ត្រូវបានកម្លាំងរដ្ឋប្រហាររបស់លោក ហ៊ុន សែន ប្រហារជីវិតក្នុងក្រសួងមហាផ្ទៃ នៅម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី៧កក្កដាឆ្នាំ១៩៩៧ ។ បញ្ហានេះ លោក ហ៊ុន សែន ក៏ធ្លាប់បានសារភាពអំពីកំហុសនៃកម្លាំងប្រដាប់អាវុធក្រោមបញ្ជារបស់លោក ដែលបានសម្លាប់លោក ហូ សុខ ទាំងគាត់គ្មានអាវុធក្នុងដៃ។

ដោយឡែកវៀតណាមវិញ ត្រូវជួយលោក ហ៊ុន សែន ធ្វើរដ្ឋប្រហារដណ្ដើមអំណាចឲ្យបានជោគជ័យ ព្រោះយួនដឹងថា បើលោក ហ៊ុន សែន អស់អំណាច នោះប្រយោជន៍ទាំងអស់របស់យួននៅកម្ពុជា ក៏ត្រូវបាត់បង់ទាំងស្រុង។

ទោះបីជាយ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់អះអាងថាព្រឹត្តិការណ៍ពេលនោះបង្កឡើងដោយក្រុមសម្តេចក្រុមព្រះ ដែលមានគម្រោងនាំក្រុមខ្មែរក្រហមចូលភ្នំពេញ និងទិញយកអាវុធខុសច្បាប់មកកម្ពុជាថែមទៀតផង។

យ៉ាងនេះក្តី ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានលើកឡើងថា ព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាម ០៥-០៦ កក្កដា ១៩៩៧ បានធ្វើឱ្យពលរដ្ឋខ្មែរស្លូតត្រង់ មន្ត្រីរាជការនៃបក្សកាន់អំណាចទាំងណោះ ស្លាប់រាប់មិនអស់ ពិសេសមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិចពេលនោះ។

ប្រភបដដែលថា សោកនាដកម្មពេលនោះបណ្តាលទ្រព្យសម្បត្តិ និងសេដ្ឋកិច្ចជាតិ ផ្ទះសម្បែងពលរដ្ឋ កន្លែងអាជីវកម្មរដ្ឋនិងឯកជនជាច្រើន រងការខូចខាត និងបិទដំណើរការ ដែលទាញឱ្យកម្ពុជាត្រូវដើរថយក្រោយជាថ្មីទៀត។

ប្រភពដដែលបន្តថា ដើម្បីជៀសវាងនូវព្រឹត្តិការណ៍បែបនេះម្តងទៀត អ្នកនយោបាយត្រូវប្រកាន់ខ្ជាប់នូវការជជែក ឬចរចា ជាគោលការណ៍ដោះស្រាយជម្លោះ ឬវិបត្តិនយោបាយដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។

លើសពីនេះថែរក្សាការឯកភាពជាតិឲ្យបាន ទោះបីក្នុងកម្រិតណាក៏ដោយ ហើយអ្នកនយោបាយ និងពលរដ្ឋ ត្រូវសម្លឹងមើលទស្សនវិស័យជាតិវែងឆ្ងាយទៅមុខ គឺការកសាងកិត្យានុភាពជាតិឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស