28 C
Phnom Penh

ពលរដ្ឋថា បទល្មើសចោរឆក់ប្លន់ បានកម្រើកឡើងវិញ នៅខេត្តត្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជីវករ និងអាណាព្យាបាលរស់នៅក្រុងព្រះសីហនុ បង្ហាញអារម្មណ៍ភ័យខ្លាចជាថ្មីទៀត ចំពោះបទល្មើសចោរលួចឆក់ប្លន់ ដែលចាប់កម្រើកឡើងវិញ ក្នុងក្រុងទេសចរណ៍មួយនេះ ដោយមិនញញើតកម្លាំងសមត្ថកិច្ចនោះទេ ។

ក្រុមអាជីវករ លក់មាស ឬដូរលុយ ជាដើមអះអាងថា ក្នុងប៉ុន្មានខែចុងក្រោយនេះ ជាពិសេសនៅចុងខែមិថុនា និងដើមខែកក្កដានេះ មានករណីបទល្មើសចោរឆក់ប្លន់ និងលួច បានកើតមានជាច្រើនករណី ទាំងនៅតាមផ្លូវសាធារណៈ និងតាមលំនៅដ្ឋានពលរដ្ឋដែលគ្មានម្ចាស់នៅផ្ទះ ហើយក្រុមជនល្មើសបានធ្វើសកម្មភាពនៅពេលយប់។

ពលរដ្ឋបន្តថា បទល្មើសនេះ បានកម្រើកឡើងវិញ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធភាគច្រើនក្នុងក្រុងព្រះសីហនុ ត្រូវបានស្ថាបនាថ្មី ជាពិសេសផ្លូវថ្នល់ ក៏បានស្ថាបនារួចរាល់ស្ទើរមួយរយភាគរយ និងមិនមានចរាចរណ៍កកស្ទះដូចពេលមុន។

កាលពីថ្ងៃទី៥ ខែកក្កដា  មានអំពើប្លន់ទៅលើអាជីវករប្រកបមុខរបរ              ដូរលុយមួយករណីទាំងកណ្តាលព្រឹកព្រលឹម ហើយជនល្មើសមិនញញើតនឹងកម្លាំងសមត្ថកិច្ចនោះទេ។

ក្រុមអាជីរករ និងប្រជាពលរដ្ឋ រស់នៅខេត្តព្រះសីហនុ បានសំណូមពរដល់ លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងលោក ឃួន ណារិន្ទ ស្នងការនគរបាលខេត្តនេះ ឲ្យជួយបន្ថែមកម្លាំងប្រចាំការការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ឲ្យបានជាប្រចាំ និងមានការទទួលខុសត្រូវ ដោយមិនត្រូវពង្រាយកម្លាំងរួច ហើយថតបង្ហោះតាមហ្វេសប៊ុក រួចក្រោយមកដើរចោលគោលដៅនោះទេ។

សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានទទួលស្គាល់ថា នៅដើមខែ    កក្កដានេះ ពិតជាកើតមានបទល្មើសឆក់ប្លន់ កើតឡើងជាបន្តបន្ទាប់ពិតមែននៅក្នុងក្រុងព្រះសីហនុ។ ក្នុងនោះជនល្មើសមានទាំងជនជាតិចិន និងខ្មែរ។

សមត្ថកិច្ចបន្តថា ករណីជនល្មើស ប្រើដំបងវាយប្លន់អាជីវករដូរលុយអស់៣០លានរៀល គឺជនល្មើសជាជនជាតិចិនមានគ្នា ២នាក់ បានជិះម៉ូតូម៉ាក Air Blade ពណ៌ទឹកប្រាក់លាយខ្មៅ គ្មានស្លាកលេខ បានធ្វើសកម្មភាពស្ទាក់ប្លន់ ដោយប្រើដំបងវាយទៅលើជនរងគ្រោះ ២នាក់ប្តីប្រពន្ធ ដែលកំពុងជិះម៉ូតូតាមផ្លូវចេញ នៅម្តុំជិតបុរី ហ៊ីតុន ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅម៉ោងជិត៩ព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់។ 

សមត្ថកិច្ចបន្តថា  ជនសង្ស័យបានប្លន់យកលុយពីជនរងគ្រោះមួយថង់មានចំនួនប្រមាណ ៣០លានរៀល រួចគេចខ្លួនបាត់ស្រមោល។ ប៉ុន្តែ ក្រោយមកសមត្ថកិច្ចនគរបាលបានស្រាវជ្រាវចាប់ជនសង្ស័យបានម្នាក់ក្នុងចំណោមបក្ខពួក២នាក់។ ចំណែកជនល្មើសម្នាក់ទៀត បានរត់គេចខ្លួនចូលក្នុងព្រៃម្តុំទីតាំងកើតហេតុ ដោយបាននាំយកលុយប្លន់បាន៣០លានរៀលនោះ ទៅជាមួយផង។ បច្ចុប្បន្ននេះ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បាននាំយកវត្ថុតាងមករក្សាទុក និងបានបន្តស្រាវជ្រាវរកជនល្មើស ដែលកំពុងរត់គេចខ្លួន។

ចំពោះករណីនេះ សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ឈ្មោះ WANG JiNGZHONG ភេទ ប្រុស អាយុ៤៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ប៉ុន្តែបច្ចុប្បន្ន ការស្នាក់នៅមិនពិតប្រាកដទេ។ ចំណែកឯជនរងគ្រោះ ប្រពន្ធឈ្មោះ សយ លីណា អាយុ២៤ឆ្នាំ រងរបួស និងប្តីឈ្មោះ អ៊ីវ មាន អាយុ៣២ឆ្នាំ ជាអាជីវករប្តូរប្រាក់នៅផ្សារលើ ក្រុងព្រះសីហនុ។

ដោយឡែក ចំពោះបទល្មើសផ្សេងទៀត គឺនៅថ្ងៃទី០១ ខែកក្កដា  វេលាម៉ោងជាង ៦ល្ងាច នៅចំណុចផ្លូវមហោស្រព ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានករណីលួចបានកើតឡើងផងដែរ។ បទល្មើសនេះ បង្កឡើងដោយជនសង្ស័យ ចំនួន០៣នាក់ ជាជនជាតិខ្មែរ បានជិះម៉ូតូ ០២គ្រឿង ម៉ាកស្កុបពី ពណ៌ស ចេញធ្វើសកម្មភាព ឆក់កាបូប របស់បុរសជនជាតិចិនម្នាក់ ក្នុងអំឡុងពេលជនរងគ្រោះ កំពុងដើរតាមផ្លូវ រួចជិះគេចខ្លួនបាត់ស្រមោល។

យ៉ាងនេះក្តី បទល្មើសចោរឆក់ និងប្លន់ ០២ករណីខាងលើនេះ ត្រូវបាន លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងជំនាញផែនព្រហ្មទណ្ឌ ឲ្យចេញប្រតិបត្តិការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យភ្លាមៗចំនួន០៣នាក់ ដោយបញ្ជូនសំណុំរឿងទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់។

លោក ជួន ណារិន្ទ បានឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដឹងថា ចំពោះបទល្មើសឆក់ប្លន់ ដែលកើតឡើងថ្មីៗនេះ សមត្ថកិច្ចនឹងបន្តស្រាវជ្រាវបន្ថែមទៀត ឈានទៅនាំខ្លួនជនល្មើស  បញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់ ដើម្បីរក្សាសន្តិសុខ ជូនអ្នកវិនិយោគទុន ភ្ញៀវទេសចរ ក៏ដូចជាអាជីវករ និងប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ ឲ្យមានសុវត្ថិភាព៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស