30 C
Phnom Penh

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យក្រសួងចំនួនបីកាត់ឆ្វៀលដីជូនពលរដ្ឋរស់នៅក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ចេញបទបញ្ជាទៅ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, ក្រសួងកសិកម្ម និងក្រសួងដែនដី ត្រូវតែកាត់ឆ្វៀលដី និងចេញប្លង់កម្មសិទ្ធិស្របច្បាប់ ដល់ពលរដ្ឋដែលបានមករស់នៅលើទីតាំងដី ដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃ របស់រដ្ឋ ដូចជានៅកោះកុង និងព្រះវិហារជាដើម។

លោក យូ វាសនា ប្រធានក្រុមប្រឹក្សាតំណាង របស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងជាសមាជិកគណៈកម្មការទាំង ១១សហគមន៍ ដែលតែងចុះធ្វើការងារផ្ទាល់ជាមួយប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅតាមសហគមន៍ជាច្រើន ក្នុងប្រទេសកម្ពុជា មានជំនឿថា បទបញ្ជាកាត់ឆ្វៀលដីចេញពីផ្ទៃដីការពារ របស់រដ្ឋ ចែកជូនប្រជាពលរដ្ឋប្រើប្រាស់ស្របច្បាប់ និងឈានទៅទទួលបានប្លង់កម្មសិទ្ធិឆាប់ៗ នឹងអាចជួយទប់ស្កាត់វិវាទដីធ្លីរ៉ាំរ៉ៃ ដែលមានមន្ត្រីខ្លះកំពុងបំរើការងារនៅតាមស្ថាប័នពាក់ព័ន្ធមួយចំនួន បានឃុបឃិតជាមួយមន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យ  ធ្វើសកម្មភាពរំលោភយកដីលំនៅដ្ឋាន និងដីកសិកម្មប្រជាពលរដ្ឋកន្លងមក។

ប៉ុន្តែមន្ត្រីសង្គមស៊ីវិល ឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គមមួយចំនួននៅកម្ពុជា ហាក់មានជំនឿតិចតួច ទៅលើប្រសិទ្ធភាព របស់មន្ត្រីក្រោមឱវាទ ដែលចុះអនុវត្តការងារកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋនេះ ដែលទំនងជាមិនមានប្រសិទ្ធភាពនោះទេ។

កន្លងមក បទបញ្ជា របស់ លោក ហ៊ុន សែន ដែលបានបង្កាប់ឲ្យមន្ត្រីចុះអនុវត្តរូបមន្តកាត់ឆ្វៀលដី ដែលរងផលប៉ះពាល់ពីគម្រោងផ្តល់ដីសម្បទានសេដ្ឋកិច្ច របស់រដ្ឋាភិបាល ជូនក្រុមហ៊ុនវិនិយោគ ត្រូវអនុវត្តតាមរូបមន្តស្បែកខ្លា គឺមិនមានមន្ត្រីអនុវត្តតាមនោះទេ ហើយវិវាទដីធ្លី នៅតាមសហគមន៍នានា បានបន្តកើតមានរ៉ាំរ៉ៃ និងអូសបន្លាយមកដល់ពេលនេះ។

លោក ហ៊ុន សែន នៅថ្ងៃសុក្រថ្ងៃទី៣ ខែកក្កដា នេះ អះអាងនៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីថា កន្លងមក ទីតាំងដី ដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃឈើ របស់រដ្ឋ គឺមានតែដីក្នុងផែនទីទេ តែតាមការពិត មានពលរដ្ឋ បានទៅកសាងលំនៅដ្ឋានរស់នៅ និងបង្កើតកូនចៅរាប់សិបឆ្នាំមកហើយ នៅលើទីតាំងដីទាំងនោះ។

លោក ហ៊ុន សែន ក៏បានបញ្ជាទៅរដ្ឋមន្ត្រីចំនួន ៣ក្រសួង រួមមាន លោក សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់ ឲ្យជួយដោះស្រាយកង្វល់ជូនពលរដ្ឋ ឲ្យបានឆាប់ និងឈរលើភាពពិតប្រាកដ ដោយមិនត្រូវទុកឲ្យពលរដ្ឋ រង់ទុក្ខ ភ័យខ្លាច អត់ឃ្លាន និងធ្វើចំណាកស្រុក តទៅទៀតឡើយ។

កន្លងមកពលរដ្ឋតាមបណ្តាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាដូចជានៅខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តត្បូងឃ្មុំជាដើមតែងឡើងមកសុំកិច្ចអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាលដើម្បីជួយដោះស្រាយវិវាទដីធ្លីរបស់ពួក ក្រោយពេលអាជ្ញាធរ និងក្រុមហ៊ុនឯកជន             បណ្តេញពួកគេចេញពីដីធ្លាប់រស់នៅនិងអាស្រ័យផល ក្រោមហេតុផលថាជាដីគម្របព្រៃឈើរបស់រដ្ឋ និងជាដីកម្មសិទ្ធិក្រុមហ៊ុនឯកជនជាដើម។

វិវាទដីធ្លីខ្លះទៀតរហូតឈានទៅចាប់ខ្លួនតំណាងពលរដ្ឋដាក់ពន្ធនាគារជាបន្តបន្ទាប់ បើទោះបីជាលោកហ៊ុន សែន ធ្លាប់ប្រកាសក្តែងៗថានឹងមិនអនុញ្ញាតឱ្យមានពលរដ្ឋមានជម្លោះដីធ្លីជាប់គុកទៀតឡើយ ប៉ុន្តែអាជ្ញាធរថ្នាក់ក្រោមតែងអនុវត្តន៍ផ្ទុយពីថ្នាក់ដឹកនាំរហូត។

ក្រសួងបរិស្ថាន ធ្លាប់អះអាងថាគម្របព្រៃឈើនៅកម្ពុជានៅមាន ៥០ភាគរយគ្របដណ្តប់ទូទាំងប្រទេស ដែលជាអត្រាមានព្រៃឈើខ្ពស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។ ដោយឡែក ផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាននាពេលបច្ចុប្បន្នមានចំនួនប្រមាណ ៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងផ្ទៃដីជាង៧លានហិកតា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស