28 C
Phnom Penh

ក្រសួងយុត្តិធម៌អាមេរិកបញ្ជាទៅFBIនិងរដ្ឋអាជ្ញារឹបអូសនាវារបស់អ៊ីរ៉ង់ដឹកឧស្ម័នទៅអោយរបបផ្ដាច់ការលោកម៉ាឌូរ៉ូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈនេះ សហរដ្ឋអាមេរិក កំពុងបន្តដាក់សម្ពាធជាខ្លាំងទៅគូសត្រូវ២ របស់អាមេរិក គឺរបប លោកនីកូឡាស់ម៉ាឌូរ៉ូ នៃប្រទេសវេណេហ្សូអេឡា និងរបបផ្ដាច់ការនៃសាធារណរដ្ឋឥស្លាម នៃប្រទេសអ៊ីរ៉ង់។ ក្រោមសម្ពាធនេះ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក និងចៅក្រមម្នាក់នៃតុលាការសហព័ន្ធ បានចេញដីការទៅក្រុមរដ្ឋអាជ្ញា និងប៉ូលិស                    សហព័ន្ធ រឹបអូស នាវា របស់អ៊ីរ៉ង់ចំនួន៤គ្រឿង ដែលដឹកឧស្ម័នទៅ    អោយរបបលោកម៉ាឌូរ៉ូដែលសហរដ្ឋអាមេរិកចាត់ទុកជាជនឧក្រិដ្ឋកម្មគ្រឿងញៀន។ 

នាវាដឹកប្រេងអ៊ីរ៉ង់គឺខណៈនេះកំពុងធ្វើដំណើរសំដៅទៅប្រទេសវេណេហ្សូអេឡា។ នាវាទាំងបួននោះមានឈ្មោះថា Bella, Bering, Pandi, and Luna ដែលផ្ទុកឧស្ម័នជាង១លាន២សែនបារ៉ែល។ក្នុងចំណោមនាវាទាំងបួននោះ នាវា Bella បានបើកចេញពីឈួងសមុទ្រពែក្សហើយ។

ខណៈនាវា Pandi បានចំណាយពេល២សប្ដាហ៍នៅលើកំណាត់ផ្លូវទឹករវាងប្រទេសអ៊ីរ៉ង់ និងអារ៉ាប់អ៊ីមីរ៉េត។ ដោយឡែកនាវាពីរគ្រឿងទៀត គឺ Bering កំពុងស្ថិតលើសមុទ្រក្រិច ស្របពេលដែល នាវា Lunaធ្វើដំណើរលើមហាសាគរ ស្ថិតនៅចន្លោះទឹកដីអូម៉ង់ និងអ៊ីរ៉ង់។

បើតាមសារព័ត៌មានអាមេរិក UPI ចៅក្រម James E. Boasberg បានចេញដីកា កាលពីថ្ងៃព្រហស្បតិ៍ទី២កក្កដា បន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិកបានស្នើអោយប៉ូលិសសហព័ន្ធFBI និងរដ្ឋអាជ្ញា ប្រើប្រាស់ច្បាប់អន្តរជាតិរឹបអូសនាវាទាំង៤គ្រឿងនេះ។

មូលហេតុដែលនាវាអ៊ីរ៉ង់ទាំងបួននោះជាមុខសញ្ជារឹបអូសព្រោះតែសហរដ្ឋអាមេរិករកឃើញថាក្រុមនាវានេះ គឺជានាវាពាណិជ្ជកម្មរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដែលជាក្រុមភេរវកម្មអន្តរជាតិ។ ក្រសួងយុត្តិធម៌បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ របស់ខ្លួនថា ទង្វើរបស់អ៊ីរ៉ង់ គឺជាការ            គាំទ្រដល់សកម្មភាពឧក្រិដ្ឋកម្មនៃរបបផ្ដាច់ការក្រោមការដឹកនាំរបស់លោកម៉ាឌូរ៉ូ ហើយក្រុមនាវាទាំងនេះ ជាប់ពាក់ព័ន្ធការដឹកជញ្ចូនសារធាតុអាវុធនុយក្លេអ៊ែរ ការជួញដូរអាវុធគាំទ្រភេរវកម្ម ការរំលោភបំពានសិទ្ធិមនុស្ស ទាំងនៅក្នុងប្រទេសវេណេហ្សូអេឡានិងក្រៅប្រទេស។

កន្លងមកក្រសួងយុត្តិធម៌បានរកឃើញ ក្រុមហ៊ុនជាច្រើនពាក់ព័ន្ធនឹងការដឹកជញ្ជូនដែលមានទំនាក់ទំនងនឹងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដូចជាក្រុមហ៊ុនឈ្មោះថា Avandguard ជាដើម។ ក្រុមហ៊ុនទាំងនោះប្រព្រឹត្តជំនួញលួចលាក់និងព្យាយាមធ្វើយ៉ាងណាដើម្បីបញ្ជៀសការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដើម្បីជួយដល់របបផ្ដាច់ការនៃមេដឹកនាំអ៊ីរ៉ង់អាយ៉ាតូឡា របបផ្ដាច់ការម៉ាឌូរ៉ូ និងរបបផ្ដាច់ការនៃប្រធានាធិបតីស៊ីរី                   បាល់សាល អាល់អាសាដ ដែលអាមេរិកបានចាត់ទុកថាជារបបដឹកនាំខុសច្បាប់ធ្ងន់ធ្ងរក្នុងពិភពលោក។

ក្រៅពីក្រុមហ៊ុនទាំងនោះ គឺសហរដ្ឋអាមេរិកក៏បានព្រមានដាក់ទោសអ្នកជំនួញម្នាក់មាន ឈ្មោះ Mahmoud Madanipour ជានាយកក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅអារ៉ាប់អ៊ីមីរ៉េត លក់ប្រេងទៅឱ្យអូម៉ង់ តួកគី អ៊ីតាលីអាល្លឺម៉ង់ ប៉ុន្តែក្រុមហ៊ុននេះមានទំនាក់ទំនងជាមួយរបប តេអេរ៉ង់។

ខណៈនេះប្រទេសវេណេហ្សូអេឡា កំពុងតែធ្លាក់ខ្លួនដុនដាបខ្វះខាតប្រេងប្រើប្រាស់ជាខ្លាំង។ ប៉ុន្ដែប្រទេសពីរនេះ គឺវេណេហ្សូអេឡា និង អ៊ីរ៉ង់នៅតែបង្កើនទំនាក់ទំនងរបស់ពួកគេទោះជាមាន ការព្រមានពីសំណាក់រដ្ឋការលោកដូណាល់ត្រាំក៏ដោយ។

ធ្លាក់ពីប្រទេសលំដាប់មានប្រេងធំទី៤លើពិភពលោក ក្នុងរយៈពេល៧០ឆ្នាំចុងក្រោយ តែមួយប៉ប្រិចភ្នែកគឺការដឹកនាំដ៏ហិនហោចរបស់លោកម៉ាឌូរ៉ូបានធ្វើឱ្យសង្វាក់ផលិតកម្មប្រេងនៃរបបមេដឹកនាំផ្ដាច់ការម្នាក់នេះ ដួលរំលំ ចំពេលដែលរងទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិក។ ម៉ាឌូរ៉ូបានប្រតិកម្មខឹងនឹងទណ្ឌកម្មរបស់អាមេរិកលើអ៊ីរ៉ង់ដែលមិនឱ្យនាំប្រេងចូលប្រទេស វេណេហ្សូអេឡា។

លោកម៉ាឌូរ៉ូបានថ្លែងថា៖ អ៊ីរ៉ង់ និងវេណហ្សូអេឡា គឺយើងជាជាតិសាសន៍បដិវត្តន៍ ដែលនឹងមិនមានថ្ងៃលុតជង្គង់ចំពោះមុខចក្រពត្តិ  អាមេរិកឡើយ។ វេណេហ្សូមានមិត្តច្រើនណាស់ក្នុងពិភពលោកនេះ ហើយមិត្តរបស់វេណេហ្សូអេឡាជាមិត្តដ៏អង់អាចក្លាហាន។

មានការព្រមានថា កងទ័ពអាមេរិកនឹងមិនអាចរឹបអូសនាវាអ៊ីរ៉ង់បាននោះទេ បើសិនជាអ៊ីរ៉ង់ ប្រើប្រាស់ល្បិចយកប្រេងពីនាវារបស់ខ្លួនទៅឱ្យនាវាផ្សេងទៀត។ ដូចករណីនាវា Pandi បានផ្ទេរប្រេងនៅកំពង់ផែរបស់អារ៉ាប់អ៊ីមីរ៉េតយ៉ាងសម្ងាត់។

មកដល់ពេលនេះមិនទាន់មានការបញ្ជាក់បន្ថែមទៀតនៅឡើយថាតើប្រតិបត្តិការតាមរឹបអូសនាវាដឹកប្រេងអ៊ីរ៉ង់ទៅអោយវេណេហ្សូអេឡាដោយកងទ័ពសហរដ្ឋអាមេរិកកំពុងប្រព្រឹត្តដូចម្ដេចនោះទេ។

យ៉ាងណាសហរដ្ឋអាមេរិក ដែលរួមសហការជាមួយនឹងអង់គ្លេសបាន បញ្ឈប់ការដឹកប្រេងជាង ២លានបារ៉ែលរបស់អ៊ីរ៉ង់ទៅឱ្យរបបលោកអាសាដនៅស៊ីរីដោយកងទ័ពអង់គ្លេសបានរឹបអូសនាវា របស់អ៊ីរ៉ង់នៅពេលនោះ។

ក្នុងស្ថានភាពនេះ  រដ្ឋាភិបាលអ៊ីរ៉ង់បានព្រមានសហរដ្ឋអាមេរិកថានឹងសងសឹកភ្លាម ប្រសិនបើ សហរដ្ឋអាមេរិក រឹបអូសនាវារបស់អ៊ីរ៉ង់ទោះបី មួយគ្រឿងណាក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស