អ្នកវិភាគដែលមានមូលដ្ឋាននៅក្រៅប្រទេស បានលើកឡើងថារឿងព្រំដែន ដំណោះស្រាយសម្រាប់វៀតណាម មានស្តង់ដា២ តាមគោលដៅប្រយោជន៍របស់ខ្លួន។ ដោយឡែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញមានតែស្ដង់ដា ១គត់ គឺស្តង់ដាបុព្វហេតុមហិច្ឆតាវៀតណាម ដើម្បីអំណាចខ្លួនប៉ុណ្ណោះ។
អ្នកវិភាគនយោបាយ លោកគឹម សុខ លើកឡើងនៅបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃសុក្រនេះថា វៀតណាមមានជម្លោះព្រំដែនជាមួយខ្មែរផង និងចិនផង ប៉ុន្តែវៀតណាមបានរំលោភបូរណភាពទឹកដីកម្ពុជាហើយមានស្តង់ដារដោះស្រាយរបៀបខ្លួន។ តែនៅពេលវៀតណាមមានជម្លោះព្រំដែនជាមួយចិន ខ្លួនបែរជាទាមទារឲ្យអនុវត្តស្តង់ដាអន្តរជាតិទៅវិញ។ លោកបន្តថា កម្ពុជាមានបញ្ហាព្រំដែនដ៏ស្មុគស្មាញ ជាមួយប្រទេសជាប់របងទាំងអស់ ទាំងយួន សៀម និងលាវ។
ប៉ុន្តែសម្រាប់លោក ហ៊ុន សែន ប្រើស្ដង់ដាតែមួយគត់ ក្នុងការដោះស្រាយជាមួយប្រទេសទាំងបី។ នោះមិនមែនជាស្តង់ដាគោលការណ៍ និងយន្តការស្របតាមខ្លឹមសារច្បាប់ជាតិ និងអន្តរជាតិទេ គឺស្តង់ដាមហិច្ឆតាវៀតណាម សម្រាប់បន្តក្តោបក្តាប់អំណាចរបស់ខ្លួនប៉ុណ្ណោះ។
បញ្ហានេះកុំថាឡើយដល់ទៅមានការដឹង ឮពីសមគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ ឬក៏សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ឆ្នាំ១៩៩១ ជាពិសេសបារាំង និងមជ្ឈដ្ឋាននានា ដែលឈឺឆ្អាលរឿងទឹកដីជាតិខ្មែរ គឺសូម្បីតែតំណាងព្រះមហាក្សត្រ និងគណបក្សប្រឆាំងដែលមានសម្លេងស្ទើរកន្លះសភា ក៏ពុំមានការអនុញ្ញាតឲ្យចូលរួមប្រតិបត្តិការដោះស្រាយនេះដែរ។
លោកមើលឃើញថា ការដោះស្រាយបញ្ហាព្រំដែន ដោយប្រើមូលដ្ឋានឯកសារក្រោមឥទ្ធិពលយួនឈ្លានពានចូលកាន់កាប់កម្ពុជា ដូចជាសន្ធិសញ្ញាខុសច្បាប់ កាលពីឆ្នាំ១៩៨២ ១៩៨៣ និងឆ្នាំ១៩៨៥, ដោយប្រើផែនទីបោះពុម្ពនៅស្រុកវៀតណាម និងការដាំបង្គោលផលិតដោយ ភាគីវៀតណាម ព្រមទាំងរៀបចំបោះដោយផ្ទាល់ផងនោះ ពុំមានអ្នកណាដឹងថា តើយួនបង្កប់អ្វីក្នុងបង្គោលទាំងនោះទេ ហើយដែលជារឿង មិនអាចរកដំណោះស្រាយសម្រាប់កម្ពុជាបាន។
លោកគឹម សុខ យល់ឃើញថាការប្រើស្ដង់ដាពីររបស់រដ្ឋបាលក្រុងហាណូយ មានបុព្វហេតុបម្រើប្រយោជន៍របស់ខ្លួន ដើម្បីពង្រីកទឹកដី ចូលមកខាងកម្ពុជា និងប្រឹងការពារទឹកដីខ្លួនពីកម្លាំងមហាយក្សចិនដែលខ្លាំងជាងលើសលប់។
រីឯករណីដែលលោក ហ៊ុន សែន ប្រើស្ដង់ដាវៀតណាមសង្កត់តែមួយគត់ មានគោលដៅតែមួយគត់ គឺបំពេញបុព្វហេតុអំណាចគ្រួសារហ៊ុនសុទ្ធសាធ តាមបម្រើប្រយោជន៍វៀតណាម ពុំមែនដើម្បីការពារទឹកដីខ្មែរឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកហ៊ុន សែន ធ្លាប់បញ្ជាក់ម្តងហើយម្តងទៀតថានឹងមិនឱ្យទឹកដីកម្ពុជាបាត់បង់ទៅប្រទេសជិតខាងសូម្បីតែមួយមីលីម៉ែត្រ។
ការអះអាងរបស់លោកហ៊ុន សែន និងបរិវារបស់លោកកន្លងមកហាក់មិនស្របគ្នាទៅនឹងការលើកឡើងរបស់ពលរដ្ឋនៅតែបណ្តោយព្រំដែន ពិសេសព្រំដែនកម្ពុជា-វៀតណាម ដែលតែងត្រហោយំចំពោះការបាត់បង់ដីស្រែចម្ការ ដីលំនៅឋានរបស់ខ្លួនដោយចោទថាភាគីវៀតណាមបានរំលោភយកជារឿយៗ ហើយដំណោះស្រាយរបស់រដ្ឋអំណាចកម្ពុជាគឺមានតែការពារវៀតណាមថែមទៀតផង។
កម្ពុជាមានព្រំដែនគោកជាប់វៀតណាមប្រវែងជាង១ពាន់២រយគីឡូម៉ែត្រ ដោយបច្ចុប្បន្នរដ្ឋាភិបាលប្រទេសទាំងពីរ បានឯកភាពគ្នាសម្រេចបោះបង្គោលខណ្ឌសីមាបាន៨៤ភាគរយ នៅសល់តែ១៦ភាគរយទៀត ដោយរដ្ឋអំណាចប្រទេសទាំងពីរ ធ្លាប់អះអាងថានឹងដោះស្រាយឈានទៅបោះបញ្ចប់នៅពេលខាងមុខនេះ៕