33 C
Phnom Penh

ភរិយាលោកបណ្ឌិតកែម ឡី គ្មានសង្ឃឹមឡើយថាទទួលបានយុត្តិធម៌ ដរាបណាគ្មានការផ្លាស់ប្តូរមេដឹកនាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភរិយាលោកបណ្ឌិតកែម ឡី បានលើកឡើងថាការសង្ឃឹមទទួលបានយុត្តិធម៌ពិតប្រាកដទៅបាន លុះត្រាតែប្រទេសជាតិមានការផ្លាស់ប្តូរតែម្តង។

អ្នកស្រី ប៊ូ រចនា ភរិយាលោកបណ្ឌិតកែម ឡី បានផ្ញើសារនៅលើគណនីហ្វេសប៊ុករបស់អ្នកស្រីកាលពីថ្ងៃម្សិលមិញថា ក្រៅពីរៀបរាប់នូវទុក្ខសោក និងក្តីនឹករលឹកដល់ស្វាមីដែលបានបាត់បង់ជីវិតរយៈពេល៤ឆ្នាំទៅហើយ ទាំងដែលយុត្តិធម៌ពិតជាឆ្ងាយដូចជើងមេឃ។

អ្នកស្រីបន្តថា មានសំណួរដែលបានចោទសួរទៅអ្នកស្រីដដែលៗនិងមិនចេះចប់នោះ គឺថា តើអ្នកស្រីមានសង្ឃឹមទទួលបានយុត្តិធម៌ដែរឬទេ? ចម្លើយរបស់អ្នកស្រី ប៊ូ រចនា គឺគ្មានទេ បើដរាបណាប្រទេសកម្ពុជាមិនទាន់មានការផ្លាស់ប្តូរពិតប្រាកដនោះ។

អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោកបណ្ឌិតកែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ទាំងកណ្តាលថ្ងៃ និងនៅកណ្តាលរាជធានីភ្នំពេញ ក្បែរគេហដ្ឋានចាស់របស់ក្មួយប្រុសបង្កើតលោកហ៊ុន សែន  គឺអ្នកឧកញ៉ាហ៊ុន តូ ក្នុងស្តារម៉ាតស្តុបបូកគោកាលពីថ្ងៃទី១០កក្កដា ឆ្នាំ២០១៦។

ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នេះ គឺកើតឡើងតែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកបានបកស្រាយទៅនឹងរបាយការណ៍របស់អង្គការអន្តរជាតិខ្លូបលវីណេស(Global Witness) ដែលបានលាតត្រដាងអំពីអាណាចក្រអាជីវកម្មត្រកូលហ៊ុន ដោយក្តោបក្តាប់ជំនួញស្ទើរតែអស់នៅស្រុកខ្មែរក្នុងតម្លៃទឹកប្រាក់រាប់រយលានដុល្លារសហរដ្ឋអាមេរិក។

ក្រោយការស្លាប់លោកកែម ឡី មិនបានប៉ុន្មានថ្ងៃផង លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចោទជាសំណួរថានរណានឹងទទួលបានផលប្រយោជន៍អំពីការស្លាប់លោកបណ្ឌិតរូបនេះ? លោកក៏ឆ្លើយខ្លួនឯងពេលនោះដែរថា អ្នកដែលបានផលប្រយោជន៍ពីការស្លាប់នេះ ហើយ គឺជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី។

ចំណែកអតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី នៅតែបន្តចោទលោកហ៊ុន សែន និងបក្ខពួករបស់មេដឹកនាំប្រទេសរូបនេះមកទល់ពេលបច្ចុប្បន្នថាជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី ព្រោះតែលោកកែម ឡី បានហ៊ាននិយាយរិះគន់ការដឹកនាំរបស់លោកហ៊ុន សែននិងក្រុមគ្រួសាររបស់លោក ក្នុងការដឹកនាំប្រទេស។

ការកេងប្រវ័ញ្ចទ្រព្យសម្បត្តិជាតិរាប់មិនអស់កន្លងមកនេះ និងភាពអសកម្មរបស់រដ្ឋាភិបាលជាច្រើនផ្សេងទៀត ម្យ៉ាងការសម្លាប់នេះដោយដឹងថាលោកបណ្ឌិតកែមឡីគ្រោងនឹងចូលរួមជាមួយគណបក្សសង្រ្គោះជាតិដែលធ្វើឱ្យបក្សនេះកាន់តែមានប្រជាប្រិយភាពនិងអាចឈានទៅដឹកនាំប្រទេសផងដែរ។

យ៉ាងណាក្តី៤ឆ្នាំមកហើយសំណុំរឿងនេះ គឺមានតែឃាតករម្នាក់ប៉ុណ្ណោះឈ្មោះពិតថាអឿត អាងហៅខ្លួនឯងថា ជួប សម្លាប់ ត្រូវបានអាជ្ញាធរចាប់ខ្លួនហើយ តុលាការបានផ្តន្ទាទោសឃាតកររូបនោះដាក់ពន្ធនាគារអស់មួយជីវិត។

ទោះបីជាយ៉ាងនេះក្តីក្រុមគ្រួសារលោកបណ្ឌិតកែម ឡី នៅតែទទូចចង់បានយុត្តិធម៌ពិតចំពោះអំពើឃាតកម្មដ៏ព្រៃផ្សៃមួយនេះ។

ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមាណ៤០ឆ្នាំមកនេះ អំពើឃាតកម្មធំៗ និងការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ជាច្រើនមិនត្រូវបានផ្តល់យុត្តិធម៌ពិតដល់ជនរងគ្រោះនិងគ្រួសារឡើយ។

អំពើឃាតកម្មធំៗទាំងនោះ ដូចជាករណីបាញ់សម្លាប់តារាសម្តែងដ៏ល្បីល្បាញក្នុងទសវត្សទី៩០ អ្នកស្រី ពិសិដ្ឋ ពីល្លីការ ដែលគេចោទថាជាស្រីកំណាញ់របស់លោកហ៊ុន សែន នៅខែកក្កដាឆ្នាំ១៩៩៩។

ការបាញ់សម្លាប់អតីតប្រធានសហជីពសេរីកម្មករកម្ពុជាលោក ជា វិជ្ជា នៅឆ្នាំ២០០៤ ក្បែរវត្តលង្កា រាជធានីភ្នំពេញ។ព្រះតេជព្រះគុណ សំ ប៊ុនធឿន ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ កាលពីឆ្នាំ ២០០៣ ក្នុងបរិវេណវត្តលង្កា នារាជធានីភ្នំពេញ។

ឃាតកម្មបាញ់ប្រហារទៅអតីតប្រធានអង្គការការពារធនធានធម្មជាតិលោកឈុត វុទ្ធីនៅខេត្តកោះកុងកាលពីឆ្នាំ២០១២ និងករណីឃាតកម្មដ៏ធំចុងក្រោយគឺការបាញ់ប្រហារទៅលើអ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោកបណ្ឌិតកែម ឡី កាលពីថ្ងៃទី១០កក្កដា ឆ្នាំ២០១៦ជាដើម។

ករណីឃាតកម្មធំៗទាំងនោះ ក្រុមអ្នកតាមដានមើលឃើញថាឃាតករពិតមិនត្រូវបានចាប់ខ្លួនឡើយ បើចាប់បានឃាតករគឺជាឃាតករសម្បនិមិត្តតែប៉ុណ្ណោះ។

បញ្ហានេះត្រូវមហាជនជាច្រើនលើកឡើងថាអ្នកសម្លាប់អាចជាមនុស្សដែលមានអំណាចខ្ពស់ ឬក៏ជាប់ទាក់ទងនិងអ្នកមានអំណាចខ្ពស់នោះតែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស