34 C
Phnom Penh

លោកហ៊ុន សែន ព្រមានមន្ត្រីខ្លួនដែលឆ្លៀតឱកាសកេងយកប្រយោជន៍ពីការបែងចែកដីធ្លីជូនពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែន បានព្រមានជាថ្មីទៀតដល់ជនឆក់ឱ្យទាំងឡាយណាដែលហ៊ានយកឱកាសនៃការបែងចែក និងទទួលដីធ្លីរបស់ពលរដ្ឋ មកធ្វើការកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន ដោយថាពួកគេនឹងត្រូវមានទោស។

សារព្រមាននេះ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី បានបញ្ជាទៅក្រសួងចំនួន៣ រួមមានក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី អោយកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២0 នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ។

សំណេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៥ ខែកក្កដា ម្សិលមិញលោក ហ៊ុន សែន សង្កត់ធ្ងន់ថា ចំពោះពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែងក្នុងតំបន់ដីរដ្ឋដូចបញ្ជាក់ខាងលើ គឺហាមកាប់ឆ្ការទន្រ្ទានវាតទីយកដីបន្ថែម គឺមិនអនុញ្ញាត្តិជាដាច់ខាត។

ជាមួយគ្នានេះ លោកសង្កេតឃើញថាកន្លងមក មានតែអ្នកមានអំណាច និងអ្នកមានទ្រព្យច្រើនប្រើអ្នកតូចតាចអោយទៅកាប់រុករានទន្រ្ទានយកដីអោយខ្លួន។ រីឯចំពោះក្រុមជនខិលខូចដែលទៅទន្រ្ទានយកដីរដ្ឋ ដោយក្នុងមួយយប់ធ្វើបានខ្ទមពី១០ទៅ២០ ហើយលោកហ៊ុន សែន ក៏បានដឹងនឹងកំណត់អត្តសញ្ញាណនិងមុខសញ្ញារួចអស់ហើយដែរ។ លោកបញ្ជាក់ថា បើរកឃើញថាអ្នកទាំងនោះបានប្រព្រឹត្តិមែននោះគឺនឹងត្រូវចាប់ខ្លួនតែម្តង។

បុរសខ្លាំងនៅកម្ពុជារូបនេះ បន្ថែមថា ចំពោះការបែងចែកដីជូនប្រជាពលរដ្ឋ គឺក្រសួងពាក់ព័ន្ធ និងអាជ្ញាធរត្រូវធ្វើអោយបានហ្មត់ចត់ត្រឹមត្រូវហាមដាច់ខាតការឆ្លៀតកេងចំណេញយកចំណែកខ្លួនពីការបែងចែកដីជូនពលរដ្ឋ គឺត្រូវទទួលទោសជាកំហិត។

ក្រៅពីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋទៅតាមទំហំរស់នៅជាក់ស្តែង គឺរដ្ឋនឹងបន្ថែមជូនផ្ទៃដី១០% ជាប្រយោជន៍រួមសម្រាប់សហគមន៍ប្រើប្រាស់ជាព្រៃរកឱសថ និងជាជម្រកសត្វគោក្របីស៊ីស្មៅជាដើម។

សារព្រមានដល់មន្ត្រីខ្លួនជាថ្មីទៀតនេះ ត្រូវបានក្រុមអ្នកតាមដានបទល្មើសធនធានធម្មជាតិមើលឃើញថា ហាក់ជារឿងដដែល និងគ្មានប្រសិទ្ធភាពនោះឡើយ ប្រសិនបើមុខរដ្ឋាភិបាលមិនបានចាត់វិធានការច្បាប់ចំពោះឧក្រិដ្ឋកម្មព្រៃឈើ ការរុករានដីព្រៃទៅលើក្រុមអ្នកនៅក្រោយខ្នងពលរដ្ឋនោះ។

លោក ហ៊ុនសែន បញ្ជាក់សារជាថ្មីដល់មន្រ្តី អ្នកមានអំណាច និងអ្នកមានទ្រព្យធនស្តុកស្តម្ភទាំងឡាយ ល្មមចេះឆ្អែត និងចេះគ្រប់គ្រាន់ហើយ ដោយឈប់ធ្វើបាបប្រជាពលរដ្ឋតទៅទៀត ខណៈសង្គមស៊ីវិលមើលឃើញថាបញ្ហានេះមិនមែនទើបតែកើតឡើងនោះទេ។

កន្លងមកលោកហ៊ុន សែន បានព្រមានដល់ក្រុមជនល្មើស មន្ត្រីរបស់ខ្លួនរាប់មិនអស់ ក្នុងការបំផ្លាញទ្រព្យសម្បត្តិជាតិ និងធ្វើបាបពលរដ្ឋ រហូតដល់ពេលខ្លះលោកស្បថកាត់ករខ្លួនឯងទៀតផង ប្រសិនបើលោកមិនអាចបិទរោងចក្រកែច្នៃឈើនិងមិនអាចការពារព្រៃឈើបាន  ប៉ុន្តែសារព្រមានទាំងនោះក៏បានប្រែជាសាបដូចទឹកទន្លេ ព្រោះមកទល់ពេលនេះបទល្មើសព្រៃឈើនៅតែកើតមានឥតឈប់ឈរ ហើយកររបស់លោកហ៊ុន សែន ក៏មិនត្រូវបានកាត់ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស