35 C
Phnom Penh

SMD ស្នើឱ្យបើក​ស៊ើបអង្កេតផ្តល់​យុត្តិធម៌​ដល់​ឃាតកម្មធំៗនៅកម្ពុជា រួមទាំង​ឃាតកម្មលោកបណ្ឌិត កែម ឡី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យឬហៅកាត់ថា SMD បានស្នើតុលាការកម្ពុជាឱ្យបើកការស៊ើបអង្កេតឡើងវិញលើសំណុំរឿងឃាតកម្ម ២០ករណី ជាពិសេសឃាតកម្មលើអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោក កែម ឡី និងតារាសម្តែងទសវត្សរ៍៩០ អ្នកស្រី ពិសិដ្ឋ ពីលីកា ផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍ខួប៤ឆ្នាំនៃឃាតកម្មលោកបណ្ឌិត កែម ឡី នៅថ្ងៃទី ៧ ខែកក្កដានេះ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លើកឡើងថា ឃាតកម្មលើលោកបណ្ឌិត កែម ឡី កាល ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ មិនទាន់ត្រូវបានវែកមុខចាប់ខ្លួនឃាតកពិត និងអ្នកពាក់ព័ន្ធ ដើម្បីយកទៅផ្តន្ទាទោស តាមផ្លូវច្បាប់នៅឡើយ។

SMD សន្និដ្ឋានថាក្នុងសំណុំរឿងឃាតកម្មលើលោកបណ្ឌិតកែម ឡី នេះ លោក អឿត អាង ហៅ ជួប សម្លាប់ គឺជាឃាតកសិប្បនិម្មិតតែប៉ុណ្ណោះ ។ ប្រភពដែលបន្តថា តាមការពិត លោក អឿត អាង គឺជាជនរងគ្រោះ ដែលអ្នករៀបចំឃាតកម្ម ប្រើប្រាស់តែប៉ុណ្ណោះ។

ប្រធានចលនានិស្សិតដើម្បីលទ្ធិប្រធិបតេយ្យ លោក ទូច វិបុល ក្នុងលិខិតនោះបានទាមទារឲ្យតុលាការកម្ពុជា បង្ហាញរបាយការណ៍ស៊ើបអង្កេតរបស់ ខ្លួនឲ្យបានច្បាស់លាស់ និងជាសាធារណៈ ទៅតាមអង្គហេតុនៃព្រឹត្តិការណ៍ធ្វើឃាតសម្លាប់លោកបណ្ឌិត កែម ឡី ដើម្បីជម្រះមន្ទិលសង្ស័យពីមជ្ឈដ្ឋាននានា ទាំងជាតិ និងអន្តរជាតិ ដែលចោទប្រកាន់អំពីការពាក់ព័ន្ធរបស់មន្រ្តី ជាន់ខ្ពស់ក្នុងជួរអាជ្ញាធររដ្ឋាភិបាល។

លោកបន្តថា ដើម្បីស្តារមុខមាត់ប្រព័ន្ធយុត្តិធម៌ និងកិត្តិយសរដ្ឋាភិបាលកម្ពុជានោះ តុលាការត្រូវមានសេចក្តីក្លាហានបង្ហាញអង្គចងចាំនៃប្រព័ន្ធកាមេរ៉ាសុវត្ថិភាព នៅស្តាម៉ាតស្តុបបូកគោ រាជធានីភ្នំពេញ ក្នុងពេលកើតហេតុកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ចំថ្ងៃឃាតកម្មលោក បណ្ឌិត កែម ឡី។

SMD យល់ឃើញថា តុលាការកម្ពុជានៅជំពាក់ពលរដ្ឋខ្មែរទូទៅ និងជាពិសេសក្រុមគ្រួសារជនរងគ្រោះ ដែលកំពុងទ្រហោយំ ចង់បានយុត្តិធម៌ជាខ្លាំងនោះ។ ដោយហេតុនេះ SMD ទាមទារយ៉ាងទទូចឲ្យតុលាការកម្ពុជា បើកការស៊ើប អង្កេតឡើងវិញលើសំណុំរឿងឃាតកម្មធំៗរាប់តាំងពីឃាតកម្មលើ លោក ហូ សុខ, លោក ចៅ សម្បត្តិ, លោក ជា វិជ្ជា, លោក ឈុត វុទ្ធី, កញ្ញា ទូច ស៊ុននិច, ការចាក់ទឹកអាស៊ីតលើ អ្នកស្រី តាត ម៉ារ៉ារីណា រហូតដល់ឃាតកម្មលើលោកបណ្ឌិតកែម ឡី តែម្តង។

ទោះជាយ៉ាងណាក៏ដោយសាព័ត៌មានសម្លេងប្រជាធិបតេយ្យ VOD បានដកស្រង់សម្តី អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីននិយាយថា សេចក្តីថ្លែងការណ៍នោះមានចេតនាវាយប្រហារ រដ្ឋាភិបាល ហើយបម្រើផលប្រយោជន៍ឱ្យក្រុមប្រឆាំង មិនឆ្លុះបញ្ចាំងពីការខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ។

ប៉ុន្តែប្រធានស្តីទីក្រុមប្រឹក្សាភិបាលរបស់ចលនានិសិ្សតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សាព័ត៌មាន The Cambodia Daily នៅមុនការផ្សាយនៃបន្តិចថា SMD មិនជាប់ពាក់ព័ន្ធនិន្នាការនយោបាយរបស់គណបក្សណាមួយដូចការចោទប្រកាន់របស់មន្ត្រីរដ្ឋាភិបាលនោះទេ។ លោកបន្តថា ក្រុមរបស់លោកចង់ឃើញតុលាការកម្ពុជា ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងពលរដ្ឋទូទៅ ដើម្បីស្តារមុខមាត់ ស្តារកត្តិយសរបស់រដ្ឋាភិបាលផង និងប្រទេសជាតិផង។ ដូច្នេះការកែទម្រង់ប្រព័ន្ធយុត្តិធម៌ រួមទាំងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ គឺចាំបាច់សម្រាប់កម្ពុជា និងពលរដ្ឋខ្មែរទាំងអស់គ្នា។

សម្រាប់ភរិយាលោកបណ្ឌិតកែម ឡី គឺអ្នកស្រី ប៊ូ រចនា ធ្លាប់បានលើកឡើងថា ការសង្ឃឹមទទួលបានយុត្តិធម៌ពិតប្រាកដទៅបាន លុះត្រាតែប្រទេសជាតិមានការផ្លាស់ប្តូររបបឬ មេដឹកនាំសព្វថ្ងៃតែម្តង៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស