31 C
Phnom Penh

អាមេរិកបើកធ្វើសមយុទ្ធទ្រង់ទ្រាយធំ គំរាមចិន ករណីវាត​ទីកាន់​កាប់សមុទ្រ​ចិនខាងត្បូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅទីបំផុតអាមេរិក សម្រេចបញ្ចេញ នាវាផ្ទុកយន្តហោះ ធំៗចំនួន២គ្រឿង ដែលដឹកយន្តហោះបាន ពី៦០ ទៅ៧០គ្រឿង កំពុងប្រតិបត្តិការធ្វើសមយុទ្ធទ្រង់ទ្រាយធំជាលើកដំបូងនៅសមុទ្រចិនខាងត្បូង អមដោយ យន្តហោះទម្លាក់គ្រាប់បែក B-52 ។

ដំណើរមកដល់របស់នាវាផ្ទុកយន្តហោះ USS Nimitz និងUSS Ronald Reagan អមដោយយន្តហោះB-52 ដែលមកដល់តំបន់សមុទ្រចិនខាងត្បូង គឺបន្ទាប់ពីកងទ័ពជើងទឹកចិន បានធ្វើសមយុទ្ធរយៈពេល៦ថ្ងៃហើយទើបបានបិទបញ្ជប់កាលពីថ្ងៃអាទិទ្យទី៥ ខែកក្កដា។

ប៉ុន្តែបើតាមសារព័ត៌មាន Japan Times សមយុទ្ធរបស់កងទ័ពអាមេរិក ដែលធ្វើឡើងមុនស្ថានការណ៍មកដល់នេះ គឺបានធ្វើប្រតិបត្តិការសមយុទ្ធតាំងពីថ្ងៃសៅរិ៍ទី៤ ខែកក្កដា ប៉ុន្តែយន្តហោះ B-52 ដែលមកចូលរួមសមយុទ្ធនេះ គឺនៅព្រឹកថ្ងៃទី៧កក្កដានេះ ។

យន្តហោះនេះបានហោះចេញពីមូលដ្ឋានទ័ពនៅ Louisiana ទឹកដីអាមេរិក គឺភ្លាមៗក្រោយពីបានចូលរួមនៃការធ្វើព្យុះហយាត្រាជាមួយនឹងយន្ដហោះចម្បាំង B-1 B-2 និងយន្តហោះចម្បាំងដទៃទៀតក្នុងទីក្រុងញ៉ូវយ៉ក កាលពីថ្ងៃបុណ្យឯករាជ្យជាតិអាមេរិក ៤កក្កដា។

នៅពេលយន្តហោះ B-52 ពេលមកដល់ភ្លាម មេបញ្ជាការកងទ័ពជើងអាកាស Christopher Duff នៃកងទ័ពអាកាស B-52 បាននិយាយថា  យន្ដហោះនេះត្រូវដាក់ពង្រាយនឹងបើកធ្វើសមយុទ្ធនាំមុខដែលគេហៅថាជាបេសកកម្មវាយលុកទ្រង់ទ្រាយធំ។

យន្តហោះ B-52 មួយគ្រឿងត្រូវហោះអមដោយយន្តហោះប្រតិកម្ម F-16 យ៉ាងតិច ៦គ្រឿង ដែលហោះការពារ។ សមយុទ្ធរបស់សហរដ្ឋអាមេរិកដែលមានទ្រង់ទ្រាយដ៏ធំ កើតឡើងចំពេល សមាគមអាស៊ាន សម្ដែងការព្រួយបារម្ភជាខ្លាំង ជាពិសេស ប្រទេសក្នុងសមាគមនេះដែលដែនទឹក និងដីកោះរបស់ពួកគេត្រូវបាន កងទ័ពចិន ចូលកាន់កាប់។

សហរដ្ឋអាមេរិក ក្នុងនាមប្រទេសមហាអំណាចយោធាតែងតែប្រកាសថា ក្រុងវ៉ាស៊ីនតោន មានសិទ្ធគ្រប់គ្រាន់នូវការអនុវត្តតាមច្បាប់សមុទ្រអន្តរជាតិឆ្នាំ១៩៨២ ក្នុងការបើកបរនាវាចរណ៍ឆ្លងកាន់សមុទ្រចិនខាងត្បូង ឬក៏ធ្វើសកម្មភាពយោធានៅតំបន់នោះ។

ទោះជាបែបនេះក្ដី ស្ថានការណ៍នៅសមុទ្រចិនខាងត្បូងកាន់តែផុយស្រួយហើយនៅពេលនេះ ព្រោះប្រទេសចិនបានដាក់គោលដៅ កាន់កាប់សមុទ្រចិនខាងត្បូងអោយបានច្រើនបំផុត ដើម្បីជាប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។

អ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijian បានអះអាងថាសមយុទ្ធរបស់អាមេរិកពេលនេះគឺជាការបង្ហាញ សាច់ដុំយោធាដោយមកបំផ្លាញស្ថេរភាពតំបន់តែប៉ុណ្ណោះ។ តែលោកអួតអាងថា ចិនប្រជាមានិតនឹងមិនឃ្លប់ខ្លាច អាមេរិកឡើយ។

ស្របពេលដែលអួតអាងដូចនេះ អ្នកនាំពាក្យ Zhao Lijian បែរជាចង់អោយអាមេរិក ដកខ្លួនចេញពីជម្លោះនៅសមុទ្រចិនខាងត្បូង ហើយសុំទុកឱកាស អោយក្រុងប៉េកាំងមានពេលគ្រប់គ្រាន់ដើម្បីចរចាជាមួយភាគីពាក់ព័ន្ធទាំងអស់នៃសមាគមអាស៊ាន។ ប្រទេសក្នុងតំបន់ដែលមានជម្លោះជាមួយចិន ករណីសមុទ្រចិនខាងត្បូងបានកើនដល់៥ប្រទេសគឺវៀតណាម ហ្វីលីពីន ព្រូយណេ ម៉ាឡេស៊ី ហើយចុង គឺប្រទេសឥណ្ឌូនេស៊ី។

វិលមករក សកម្មភាពរបស់កងយន្តហោះ B-52 វិញ គឺក្រុមយន្ដហោះទម្លាក់គ្រាប់បែកនេះ ធ្លាប់បានធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូង   រយៈ២ឆ្នាំមកនេះ ចំនួន ៣លើក មកហើយ ប៉ុន្តែទើបលើកនេះទេ ដែល B-52 មកចូលរួមជាមួយនាវាផ្ទុកយន្តហោះ ដ៏ធំទាំង២គ្រឿងនេះ។

ការធ្វើសមយុទ្ធនៃកងយន្តហោះ B-52  និងនាវាផ្ទុកយន្តហោះនោះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិក កាលពីសប្ដាហ៍មុន បានសម្ដែងការព្រួយបារម្ភពីការប្រព្រឹត្តទៅនៃសមយុទ្ធរបស់ចិនរយៈពេល៦ថ្ងៃនៅតំបន់កោះប៉ារ៉ាសែលដែលចិនអះអាងថាជារបស់ខ្លួន តែវៀតណាម ក៏អះអាងថាជារបស់ខ្លួនដែរ។ ប្រទេសសង្គមនិយមមួយនេះបានគំរាមថាក្រុងហាណូយនឹងប្ដឹងចិនទៅតុលាការយុត្តិធម៌អន្តរជាតិ។

សម្រាប់ប្រទេសនៅអាស៊ីអាគ្នេយ៍ដែលអះអាងពីកម្មសិទ្ធិត្រួតគ្នានឹងចិន គឺវៀតណាម និងហ្វីលីពីន បានចេញកំណត់ទូតតវ៉ា ៣លើកមកហើយក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២០នេះ ដោយបានផ្ញើទៅរដ្ឋាភិបាលចិន ពីអំពើដែលចិនប្រើប្រាស់នាវាដេញបុក ទូកនេសាទរបស់    ប្រជាជននៃប្រទេសទាំងពីរនេះ។

តែសម្រាប់អាមេរិកយល់ថាតំបន់ដែលចិនធ្វើសមយុទ្ធកងទ័ពរបស់ខ្លួនគឺជាចំណុច នៃការបង្កជម្លោះដែនទឹកច្បាស់ណាស់នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៌។

តែអ្នកសង្កេតការណ៍យល់ថា ការបញ្ជូន យន្តហោះទម្លាក់គ្រាប់បែក B-52 មកធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូងរួមគ្នានឹង នាវាផ្ទុកយន្តហោះ ដ៏ធំទាំងពីរគ្រឿងនេះ ត្រូវបានគេមើលឃើញថាក្រុងវ៉ាស៊ីនតោន បានផ្ញើសារធ្ងន់ខ្លាំងណាស់ទៅប្រាប់ក្រុងប៉េកាំង ថាសមុទ្រចិនខាងត្បូង ត្រូវតែជាផ្លូវនាវាចរណ៍អន្តរជាតិ ស្របតាមច្បាប់សមុទ្រអន្តរជាតិឆ្នាំ១៩៨២៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស