ក្រុមយុវជន ព្រះសង្ឃ និងសង្គមស៊ីវិល សោកស្តាយដែលអាជ្ញាធរខណ្ឌចំការមន រាជធានីភ្នំពេញ បានរារាំងមិនឱ្យរៀបចំពិធីខួប៤ឆ្នាំនៃការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី នៅបរិវេណស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ជាប់ស្តុបបូកគោ រាជធានីភ្នំពេញ នៅថ្ងៃទី ៨ ខែកក្កដានេះ ព្រមទាំងឃាត់ខ្លួនយុវជនម្នាក់ដែលពាក់អាវយឺតមានរូបលោកកែម ឡី ។
នៅព្រឹកនេះ សមត្ថកិច្ចខណ្ឌចំការមន ក៏បានចាប់ខ្លួនបុរសម្នាក់ឈ្មោះខាន់ ចាន់ថន ដែលពាក់អាវយឺតដែលមានរូប និងទស្សនៈលោកបណ្ឌិតកែម ឡី ទៅសួរនាំនៅសង្កាត់បឹងត្របែកអស់រយៈពេលជាង១ម៉ោង មុនពេលដោះលែងវិញ ប៉ុន្តែពួកគេបានដកហូតយកអាវយឺត និងនិមិត្តសញ្ញាដែលមានរូបថតលោកកែម ឡី ទៀតផង។
ដោយឡែកក្រុមយុវជន ព្រះសង្ឃ និងមន្ត្រីសង្គមស៊ីវិល ត្រូវបានក្រុមអាជ្ញាធរ និងសន្តិសុខខណ្ឌរុញច្រានចេញពីបរិវេណស្ថានីយ៍ប្រេងឥន្ធនៈ ក្រោមលេសរក្សាសណ្តាប់ធ្នាប់សាធារណៈ និងតាមការស្នើសុំរបស់ម្ចាស់ស្ថានីយ៍។
ប៉ុន្តែក្រុមយុវជន ព្រះសង្ឃ និងសង្គមស៊ីវិល បានចាត់ទុកសកម្មភាពរារាំងនេះ ជាការបំបិទសិទ្ធិសេរីភាពពលរដ្ឋ ក្នុងការរៀបចំពិធីតាមបែបព្រះពុទ្ធសាសនា ដែលផ្ទុយទាំងស្រុងទៅនឹងច្បាប់បានចែង។
យ៉ាងនេះក្តី កាលពីថ្ងៃម្សិលមិញ រដ្ឋបាលខណ្ឌចំការមន បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយថានឹងចាត់វិធានការច្បាប់មិនឱ្យមានការជួបជុំចាប់ពីថ្ងៃទី ៨ខែកក្កដា ដល់ថ្ងៃទី ១០ខែកក្កដា ដើម្បីរៀបចំពិធីខួបគម្រប់៤ឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅបរិវេណស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ រាជធានីភ្នំពេញនោះឡើយ។
សេចក្តីប្រកាសព័ត៌មាននេះ បានលើកឡើងថាវិធានការនេះធ្វើឡើងស្របតាមការស្នើសុំរបស់ម្ចាស់ស្ថានីយប្រេងឥន្ធនៈមកអាជ្ញាធរខណ្ឌចំការមន ឱ្យជួយចាត់វិធានការនានា ដើម្បីធានានូវប្រក្រតីភាពនៃការប្រកបអាជីវកម្ម សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងធានានូវហានិភ័យអគ្គិភ័យជាដើម។ ក្រៅពីនេះ ក៏យោងតាមស្មារតីច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី គឺត្រូវធ្វើឡើងនៅទីលានប្រជាធិបតេយ្យ ព្រមទាំងស្របតាមសេចក្តីណែនាំរបស់រដ្ឋាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយក្រសួងសុខាភិបាលបានសម្រេចបិទមិនឱ្យមានការជួបជុំគ្រប់ប្រភេទនៅទូទាំងប្រទេសផងដែរ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលបានឃ្លាំមើលព្រឹត្តិការណ៍នេះ លោក ស៊ឹង សែនករុណា មើលឃើញថា ការឃាត់ខ្លួនបុរសឈ្មោះ ខាន់ ចាន់ថន ដោយគ្រាន់តែគាត់ពាក់អាវមានរូប និងពាក្យស្លោកលោកបណ្ឌិត កែម ឡី គឺជារឿងមិនសមហេតុផល ព្រមទាំងជាការដើរផ្ទុយទៅនឹងច្បាប់ជាតិ និងអន្តរជាតិផងដែរ។
បន្ថែមពីនេះ លោកបន្តថា ការរារាំងក្រុមយុវជន និងព្រះសង្ឃមិនឱ្យធ្វើពិធីគោរពវិញ្ញាក្ខន្ធលោកបណ្ឌិត កែម ឡី នៃគម្រប់ខួប៤ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិតនៅពេលនេះ ក៏ជារឿងមិនអាចទទួលយកបានដែរ ដោយថាជាការបំបិទសិទ្ធិសេរីភាពពលរដ្ឋ និងជាការបង្ហាញទៅអន្តរជាតិក្នុងរូបភាពកាន់តែអាក្រក់ចំពោះការគោរពសិទ្ធិមនុស្សនៅកម្ពុជាថែមទៀតផង។
អត្ថបទរបស់អង្គការលីការដូនៅថ្ងៃនេះក្រុមយុវជន ដែលរួមមានក្រុមយុវជនខ្មែរថាវរៈ ក្រុម Not1More និងសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរព្រមទាំងក្រុមព្រះសង្ឃ បានបង្ខំចិត្តសូត្រមន្តឧទ្ទិសកុសលជូនលោកបណ្ឌិតពីចម្ងាយប្រមាណ ១០០ ម៉ែត្រពីទីតាំងស្ថានីយប្រេង ឥណ្ធនៈ ជាកន្លែងលោកបណ្ឌិតកែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ដោយសារតែអាជ្ញាធរមិនអនុញ្ញាតឱ្យពួកគេធ្វើពិធីនៅបរិវេណស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច។
ក្រុមយុវជននិងព្រះសង្ឃប្រមាណ២០អង្គនិងនាក់ ក៏សម្រេចទៅបន្តដំណើរទៅស្រុកកំណើតរបស់លោកបណ្ឌិត កែម ឡី នៅខេត្តតាកែវតែម្តង ក្រោយពេលអាជ្ញាធររារាំងពួកគាត់ ដើម្បីទៅធ្វើពិធីគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត នៅគេហដ្ឋានរបស់លោកនាស្រុកកំណើតតែម្តង។
បន្ថែមពីនេះ ការប្រារពន្ធខួប៣ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី កាលពីឆ្នាំមុន អាជ្ញាធរ បានឃាត់ខ្លួនពលរដ្ឋ ៧នាក់ អស់រយៈពេលពីរថ្ងៃ នៅពេលដែលអ្នកទាំងនោះព្យាយាមចូលទៅរំលឹកខួបនៃការស្លាប់របស់លោកបណ្ឌិត។
ប្រភពដដែលបន្តថា អ្នកទាំងនោះរួមមាន លោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ ដែលអ្នកទាំងពីរ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងឃុំខ្លួនរយៈជាងប្រមាណ៤ខែ មុនពេលដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។ ចំណែក លោក រ៉ៃយ៉ា ត្រូវបានតុលាការកាត់ទោសកំបាំងមុខ ឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ប៉ុន្តែអនុវត្តទោសតែ៤ ខែ១៨ ថ្ងៃ ដោយទោសនៅសល់ត្រូវព្យួរទាំងអស់។ បច្ចុប្បន្នយុវជនកែម ឡី និយមទាំងពីរក៏បានភៀសខ្លួនទៅរស់នៅក្រៅប្រទេសផងដែរ។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ទាំងកណ្តាលថ្ងៃ និងកណ្តាលក្រុងភ្នំពេញនៅក្នុងស្តាម៉ាត ស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៦។
ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នេះ គឺកើតឡើងតែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកបានបកស្រាយទៅនឹងរបាយការណ៍របស់អង្គការអន្តរជាតិខ្លូបលវីណេស(Global Witness) ដែលបានលាតត្រដាងអំពីអាណាចក្រអាជីវកម្មត្រកូលហ៊ុន ដោយក្តោបក្តាប់ជំនួញស្ទើរតែអស់នៅស្រុកខ្មែរក្នុងតម្លៃទឹកប្រាក់រាប់រយលានដុល្លារសហរដ្ឋអាមេរិក។
ឃាតកម្មនេះ ភរិយាលោកបណ្ឌិតកែម ឡី គឺអ្នកស្រី ប៊ូ រចនា គ្មានសង្ឃឹមទទួលបានយុត្តិធម៌ពិតឡើយ ដរាបណាប្រទេសកម្ពុជាមិនទាន់មានការផ្លាស់ប្តូរពិតប្រាកដនោះ៕