ឧកញ៉ាម្នាក់ និងអភិបាលរងខេត្តបាត់ដំបង ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួន ដោយចោទប្រកាន់ពាក់ព័ន្ធនឹងរឿងជម្លោះដីធ្លីមួយកន្លែងនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង ប្រាប់ក្រុមអ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាមកាលថ្ងៃម្សិលមិញថា ឧកញ៉ា សន ថន ត្រូវបានចោទប្រកាន់ពីបទផ្ដើមគំនិតក្នុងបទបំផ្លាញដោយចេតនា និងកេងបំបាត់ដោយទុច្ចរិត និងអំពើសូកប៉ាន់។
ដោយឡែក អភិបាលរងខេត្តបាត់ដំបង លោក ស៊ូ អារ៉ាហ្វាត់ ត្រូវបានចោទប្រកាន់ពីបទបំផ្លាញដោយចេតនា និងបទកេងបំបាត់ដោយទុច្ចរិត និងបទស៊ីសំណូកផងដែរ។ ប្រភពដដែលបន្តថា អ្នកទាំងពីរត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
កាលពីថ្ងៃទី៣ ខែកក្កដា ក្នុងកិច្ចប្រជុំនៅទីស្ដីការគណៈរដ្ឋមន្រ្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់មន្ត្រីថា ដល់ពេលវះកាត់ជនខិលខូចឃុបឃិតគ្នារំលោភយកដីរដ្ឋ និងដីពលរដ្ឋនៅខេត្តបាត់ដំបង ព្រមទាំងនៅតំបន់ផ្សេងទៀត។
ជាមួយគ្នានេះលោក ក៏ប្រាប់ទៅក្រសួងពាក់ព័ន្ធ និងអាជ្ញាធរ ត្រូវដកហូតដីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ពីបុគ្គលលោក សង ថន មករក្សាទុក និងធ្វើជាការបែងចែកទៅប្រជាពលរដ្ឋក្នុងគោលដៅសម្បទានសង្គមកិច្ចទៀត។
បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រី ទទួលស្គាល់ថាកន្លងមក មានតែអ្នកមានអំណាច និងអ្នកមានទ្រព្យច្រើនប្រើអ្នកតូចតាចអោយទៅកាប់រុករានទន្រ្ទានយកដីអោយខ្លួន។ រីឯចំពោះក្រុមជនខិលខូចដែលទៅទន្រ្ទានយកដីរដ្ឋ ដោយក្នុងមួយយប់ធ្វើបានខ្ទមពី១០ ទៅ២០ ហើយលោកហ៊ុន សែន ក៏បានដឹងនឹងកំណត់អត្តសញ្ញាណ និងមុខសញ្ញារួចរាល់អស់ហើយដែរ។ លោកបញ្ជាក់ថា បើរកឃើញថាអ្នកទាំងនោះបានប្រព្រឹត្តិមែននោះគឺនឹងត្រូវចាប់ខ្លួនតែម្តង។
បុរសខ្លាំងនៅកម្ពុជារូបនេះ បន្ថែមថា ចំពោះការបែងចែកដីជូនប្រជាពលរដ្ឋ គឺក្រសួងពាក់ព័ន្ធ និងអាជ្ញាធរត្រូវធ្វើអោយបានហ្មត់ចត់ត្រឹមត្រូវ ហាមដាច់ខាតឆ្លៀតកេងចំណេញយកចំណែកខ្លួនពីការបែងចែកដីជូនពលរដ្ឋ គឺត្រូវទទួលទោសជាកំហិត។
លោក ហ៊ុនសែន បញ្ជាក់សារជាថ្មីដល់មន្រ្តី អ្នកមានអំណាច និងអ្នកមានទ្រព្យធនស្តុកស្តម្ភទាំងឡាយ ល្មមចេះឆ្អែត និងចេះគ្រប់គ្រាន់ហើយ ដោយឈប់ធ្វើបាបប្រជាពលរដ្ឋតទៅទៀត ខណៈសង្គមស៊ីវិលមើលឃើញថាបញ្ហានេះមិនមែនទើបតែកើតឡើងនោះទេ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ កាលពីថ្ងៃទី៧ខែកក្កដា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក៏ទទួលស្គាល់ដែរថា មានមន្ត្រីធំៗ បានសម្រុកទៅចាប់ដីនៅខេត្តមណ្ឌលគិរី ដែលធ្វើឱ្យមានរឿងស្មុគ្រស្មាញពិបាកដោះស្រាយ ហើយកន្លងមកមានទាំងការយកឈ្មោះលោកទៅប្រើប្រាស់ ដើម្បីយកដីនៅខេត្តភាគឦសានមួយនេះទៀតផង។
បញ្ហាទាំងនេះ ដែលលោកបានផ្តាំផ្ញើទៅមន្ត្រីខ្លួនឱ្យពង្រឹងប្រព័ន្ធនៃការគោរពច្បាប់ ដើម្បីកសាងយុត្តិធម៌សង្គម ដោយថាសង្គមដែលស៊ីវិល័យទៅបានគឺជាសង្គមគោរពច្បាប់ និងមានយុត្តិធម៌សង្គមពេញលេញផងដែរ៕