តើពាក្យយួនជាពាក្យប្រកាន់ពូជសាសន៍ឬ?

ក្នុងសប្តាហ៍នេះ យើងខ្ញុំសូមលើករឿងប្រើពាក្យពេចន៍ក្នុងភាសាខ្មែរ សំដៅហៅជនជាតិមួយ ដែលបរទេសមកប្រាប់ខ្មែរពេលបច្ចុប្បន្ននេះ កុំឲ្យប្រើដើម្បីហៅគេ។ ព្រោះតែមានមិត្តអ្នកស្តាប់និងទស្សនាកម្មវិធីផ្សាយ The Cambodia Daily ធ្វើសំណូមពរឲ្យជួយពន្យល់ពាក្យពេចន៍នោះហើយយើងខ្ញុំយល់ថាវាជាផ្នែកមួយនៃសេចក្តីរាយការណ៍ សេចក្តីពិពណ៌នាអំពី ផ្នត់គំនិតអ្នកដឹកនាំ យួន ចំពោះជនជាតិខ្មែរផង យើងខ្ញុំសូមពិនិត្យមើលពាក្យថា យួន ថាតើពាក្យនេះមានកំណើតពីសតវត្សណាមក មានឫសគល់ពីតំបន់ណា មានន័យដូចម្តេច ហើយសំដៅទៅលើអ្នកណា។

យើងខ្ញុំសូមបញ្ជាក់ជូនថា យើងខ្ញុំមិនមែនអ្នកប្រាជ្ញអក្សរសាស្រ្តទេ ប៉ុន្តែយើងខ្ញុំព្យាយាម ប្រឹងប្រែងស្រាវជ្រាវ សិក្សាបន្ថែម រួមផ្សំនឹងការរៀនសូត្រអក្សរសាស្រ្តខ្មែរពីដើមៗមកផង មកលាតត្រដាង ចែករំលែកជាចំណេះដឹងទាំងអស់គ្នា ហើយនឹងពិគ្រោះពិភាក្សាជាមួយគ្នាផង។ យើងខ្ញុំបានជម្រាបកន្លងមកថា អ្នកឈ្នះជាអ្នកសរសេរប្រវត្តិសាស្រ្តទៅតាមអ្វីដែលគេចង់ឲ្យយើងដឹងប៉ុណ្ណោះ។ ឧទាហរណ៍ដូចជាអត្ថបទមួយអំពីប្រវត្តិសាស្រ្តប្រទេសយៀកណាម ផ្សាយក្នុងព្រឹត្តិប័ត្រមូលនិធិអាស៊ី Asia Foundation ឆ្នាំ២០២០នេះ ដើម្បីប្រាប់បស្ចិម ប្រទេស គេអត់និយាយមួយម៉ាត់អំពីការវាយលុកលុយ កាន់កាប់រាជាណាចក្រ ចម្ប៉ា មួយទាំងមូលក្នុងផែនការ ជម្រុញទៅទិសខាងត្បូង យួនហៅថា ណាមតៀន (Nam Tien)។ គេមិនទាំងរំឭកអំពីប្រាសាទបុរាណ ស្តេចចាមសង់ពេញស្រុកយួននោះឡើយ។ ទោះជាដូចម្តេចក្តី យើងនៅតែគិតដូចទស្សនវិទូ និង កវីបារាំងល្បីល្បាញមួយរូប គឺលោក Voltaire ឈ្មោះដើម  François-Marie d’Arouet  ហើយយើងសូមស្រង់សំដីល្អៗរបស់លោកខ្លះដែលនិយាយនៅឆ្នាំ១៧២៩ មានដូចជា ថា៖

“យើងត្រូវធ្វើគារវកិច្ចចំពោះអ្នកនៅរស់; ចំពោះអ្នកស្លាប់ យើងត្រូវតបស្នងតែនឹងការពិតប៉ុ ណ្ណោះ។” “ជនណាដែលអាចធ្វើឲ្យអ្នកជឿរឿងមិនសមហេតុផល ជននោះអាចធ្វើឲ្យអ្នកប្រ ព្រឹត្តអំពើសាហាវយង់ឃ្នង។” “បុរសម្នាក់ៗ ត្រូវមានកំហុសចំពោះអ្វីល្អៗដែលខ្លួនមិនបានធ្វើ។”

តាមឯកសារប្រវត្តិសាស្រ្តចងក្រងដោយអ្នកនិពន្ធបស្ចិមប្រទេសជនជាតិខ្មែរចាប់ផ្តើមស្គាល់ជនជាតិយួនបន្តិចម្តងៗក្នុងសតវត្សទី១៦ ពីអំឡុងឆ្នាំ១៥០០តមក ហើយស្គាល់យួនច្បាស់ គឺនៅក្នុងរជ្ជកាលព្រះបាទ ជ័យ ជេដ្ឋា ទី២ គ្រងរាជ្យនៅក្រុងឧដុង្គមានជ័យ ពីឆ្នាំ១៦១៨ ដល់១៦២៨ ជារាជបុត្រាព្រះបាទ ស្រី សុរិយោពណ៌ ហៅព្រះ បរម រាជា ទី៤ ឬ ទី៧ និងសម្តេចព្រះរាជិនី ស្រី សុជាតិ។ រជ្ជាកាលព្រះបាទ ជ័យ ជេដ្ឋា ទី២ ជាសម័យកាលដែលខ្មែរជាច្រើនចងចាំ ព្រោះថាជាសម័យដែលខ្មែរអស់ទឹកដីហៅថា កម្ពុជាក្រោម ភាគខាងត្បូងប្រទេសយៀកណាមសព្វថ្ងៃ។ ជនជាតិខ្មែរមិនសូវស្គាល់ជនជាតិយួនច្បាស់ដូចជនជាតិចាមទេ ព្រោះថា ស្តេចចាមច្បាំងនឹងស្តេចយួនគ្រប់ជំនាន់អស់រយៈកាល៤០០ឆ្នាំ រហូតធ្លាក់រាជធានី វិជ័យ ក្រោមស្នាដៃស្តេច ឡេ ថាញ់តុង នៅឆ្នាំ១៤៧១។

ម្ចាស់ ឬ ស្តេចយួនក្នុងរជ្ជកាលព្រះបាទ ជ័យ ជេដ្ឋា ទី២ គឺស្តេចនៃរាជវង្ស ង្វៀង ព្រះនាម ង្វៀង ភឹកង្វៀង គ្រប់គ្រងនគរ អណ្ណាម ដែលមានរាជបុត្រីព្រះនាម ង្វៀង ភឹក ង៉ុកវ៉ាន់។ ព្រះ បាទ ជ័យ ជេដ្ឋា ទី២ រៀបអភិសេកជាមួយរាជបុត្រី ង្វៀង ភឹក ង៉ុកវ៉ាន់ ឆ្នាំ១៦១៨ ហើយក៏ផ្តល់សិទ្ធិឲ្យជនជាតិយួនបោះទីតាំងលំនៅដ្ឋាននៅ បារៀ ឬជាខ្មែរហៅថា ព្រះសួគ៌ា ជាយតំបន់ព្រៃនគរ។ ឆ្នាំ១៦២៣ អនុញ្ញាតឲ្យជនជាតិយួននៃរាជវង្ស ង្វៀង សង់ប៉ុស្តិ៍គយរដ្ឋាករនៅព្រៃនគរ ដើម្បីហូតយកពន្ធដារលើទំនិញនាំចេញចូលនាំចេញ។ ជនជាតិយួនចុះមករស់នៅតំបន់ដែនដីសណ្តរទន្លេមេគង្គកាន់តែច្រើនឡើងៗ។ គេយកតំបន់នោះកាន់កាប់ផ្តាច់តែម្តងទៅ ហើយស្តេចខ្មែរក្រោយមក ក៏មិនបានទាមទារយកវិញ រហូតដល់ព្រះបាទ អង្គ ឌួង ទើបមានបញ្ជូនទាហានទៅដណ្តើមកម្ពុជាក្រោម ប៉ុន្តែ ទាហានខ្មែរដកថយមកវិញ បន្ទាប់ពីព្រះបាទ អង្គ ឌួង ចូលទិវង្គត។ រាជបុត្រីស្តេចយួន ដែលរៀបអភិសេកនឹងព្រះបាទ ជ័យ ជេដ្ឋា ទី២ បានផ្លាស់ព្រះនាមពី ង្វៀង ភឹក ង៉ុកវ៉ាន់ មកជា អង្គ ចូវ ទាំងពីរព្រះអង្គ មានរាជបុត្រីមួយអង្គជាមួយគ្នា ព្រះនាមអង្គ ណា ក្សត្រិយ៍ ដែលរៀបអភិសេកនឹងព្រះបាទ បទុមរាជា ទី១ សោយរាជ្យពី១៦៤០ ដល់ ១៦៤២។

ព្រះបាទ ជ័យ ជេដ្ឋា ទី២ មានរាជបុត្រាមួយអង្គជាមួយអ្នកម្នាង ស៊ុក ព្រះនាម ធម្មរាជា ទី២ ឬ ពញា តូ ឬ ចៅពញា តូ។ ព្រះអង្គមានរាជបុត្រាមួយអង្គ ព្រះនាម អង្គ ទង រាជា ឬ ពញា នូ ឬ ចៅពញា នូ ជាមួយអ្នកម្នាង ថោង។ អ្នកម្នាង ពុស្សា ជាជនជាតិលាវពីរាជណាចក្រ ឡានសាង អភិសេកជាមួយព្រះបាទ ជ័យ ជេដ្ឋា ទី២ មានរាជបុត្រាមួយអង្គព្រះនាម អង្គ ចន្ទ ដែលមានព្រះនាមផ្សេងៗ ដូចជា ពញា ចន្ទ ចៅពញា ចន្ទ រាមាធិបតី ទី១ ហើយនិងព្រះចៅ ឬ ស៊ុលតន អ៊ីប្រាហ៊ីមមកដល់យុគសម័យសតវត្សទី១៧ជនជាតិខ្មែរស្គាល់ជនជាតិយួនកាន់តែច្បាស់ ពីព្រោះ ស្តេចខ្មែរមានរៀបអភិសេកជាមួយរាជបុត្រីស្តេចយួន មានកូន មានចៅ ឈាមជ័រលាយឡំគ្នាពីត្រឹមនោះមក។

ចំណែកឯពាក្យ យួន ដែលខ្មែរប្រើសំដៅហៅជនជាតិរស់ក្នុងដែនអា ណាចក្កស្តេច ង្វៀង បើខ្មែរគិតយកតាមប្រវត្តិវិទូខ្លះដែលថាជនជាតិយួនមានពូជអម្បូរឈាមជ័រពីជនជាតិ ម៉ុងហ្គល់ ដែលអធិរាជ គូប្លៃ ខាន់ បង្កើតរាជវង្សមួយនៅប្រទេសចិនឈ្មោះរាជវង្សយួននោះ យើងអាចចាត់ទុកជនជាតិយួនជាជនជាតិមកពីតំបន់ប៉ែកខាងត្បូងប្រទេសចិនជាប់ភាគខាងជើងប្រទេសយៀកណាមសព្វថ្ងៃ។ សេចក្តីរាយការណ៍របស់យើងខ្ញុំពីមុន មានបញ្ជាក់អំពីពាក្យដែលជនជាតិចិន ឬ ហាន់ ហៅជនជាតិភាគខាងត្បូងជាប់តំ បន់ទន្លេក្រហម ពីខេត្តយូណាន ហូរកាត់ក្រុងហាណូយ ថា បៃយ្វេ (Baiyue) ឬ ណានយ្វេ (Nanyue) ដែលអធិរាជចិនសំដៅជនជាតិ វៀត ភាគខាងត្បូង ដែលមានទឹកដីឈ្មោះ ណាមវៀត ដែលបង្រួមឲ្យខ្លីពីពាក្យដើមថា បាកវៀត (Bach Viet)។ ប៉ុន្តែ បើតាមការពន្យល់ពីអ្នក

ជំនាញខាងវប្បធម៌យួន បណ្ឌិត ង្វៀង ង៉ុកប៊ិក (Nguyen Ngoc Bich)អតីតនាយកផ្នែកភាសាយួននៃវិទ្យុអាស៊ីសេរី និងជាអតីតអនុព័ន្ធវប្បធម៌នៃស្ថានទូតសារណរដ្ឋយៀកណាមខាងត្បូងប្រចាំស.រ.អា លោកថា ពាក្យយួនអាចមកពីការប្រើពាក្យនិយាយក្លាយមកពីពាក្យថាងូយយៀន (Nguyen) យូរៗទៅក្លាយជា ញូវៀន រួចក្លាយជា យួនរហូតដល់សព្វថ្ងៃនេះទៅ។

ដោយឡែកពីនេះវិញ មានពាក្យយួនមួយដែលសំដៅដាក់ងារម្ចាស់ក្សត្រីយួន ហៅថា ហ៊ូ យ៉េន (huyen quan)។ ជនជាតិខ្មែរហៅជនជាតិ យួន ឬគិញថា យួន ជនជាតិចាមក៏ហៅយួនជនជាតិថៃក៏ហៅយួន ជនជាតិម៉ុងតាញ៉ាក៏ហៅថា យួន។ នៅប្រទេសយៀកណាម មានជនជាតិចំនួន៥៤ជនជាតិ ចាប់ពីភូមិភាគខាងជើងរហូតដល់ចុងខាងត្បូង។ ជនជាតិខ្មែរគេចាត់ ចូលជាអម្បូរ មន−ខ្មែរ ចាមជាអម្បូរ ម៉ាឡាយូ−ប៉ូលីនេស៊ី យួនឬគិញ ជាអម្បូរ វៀត−មួង។

ខ្ញុំសួរបណ្ឌិត ង្វៀង ង៉ុកប៊ិក ដើមទសវត្ស២០០០ ថាបើខ្ញុំប្រើពាក្យ យួន សំដៅលើលោក តើលោកមានអារម្មណ៍ថាខ្ញុំប្រមាថ មើលងាយលោក ឬដូចម្តេច? លោកឆ្លើយថា លោកគ្មានអារម្មណ៍ មិនយល់ថាខ្ញុំ ប្រមាថ មើលងាយ បន្ទាបបន្ថោកលោកឡើយ។ យើងមានមិត្តភក្តិយួនល្អៗមួយចំនួន ដែលគេគិតដូចបណ្ឌិត ង្វៀង ង៉ុកប៊ិក ដែរ។ ខ្ញុំបានស្រាវជ្រាវ សរសេរជាអត្ថបទខ្លះ ផ្សាយក្នុងកាសែតភាសាបរទេសមួយចំនួន ដើម្បីពន្យល់ជនជាតិបស្ចិមទិសថា ពាក្យថា យួន គឺខ្មែរប្រើរាប់សតវត្សមកហើយ សំដៅហៅជនជាតិមួយរស់នៅជាប់ព្រំដែនប៉ែកខាងកើតប្រទេសកម្ពុជា ព្រោះខ្មែរដឹងប្រវត្តិច្បាស់ថា គេជាជនជាតិមួយមកពីដែនដីចិនខាងត្បូង ចុះមកក្រោម យកទឹកដីលាវមួយផ្នែក យកទឹកដីចាមទាំងអស់ យកទឹកដីខ្មែរកម្ពុជាក្រោមធ្វើជារបស់គេ ហើយចាត់ទុកជនជាតិដើមម្ចាស់ទឹកដីជាជនជាតិភាគតិច។

ពាក្យ យួនយួនខ្លួនគេពីសម័យមុនមិនដែលខឹងសម្បារអ្វី តវ៉ា ទាមទារសុំឲ្យរដ្ឋាភិបាលខ្មែរកែច្បាប់ឲ្យ ឈប់ហៅគេយួននោះទេ បើខ្មែរហៅគេដូច្នោះនោះ ព្រោះគេដឹងថាគេជនជាតិហ្នឹងមែន។ ខ្ញុំពន្យល់បរទេសថា លោក អ្នកទាំងអស់ ទាំងយួន ទាំងជនបរទេសនៅបស្ចិមប្រទេស គួរតែអរគុណយើងខ្ញុំដែលហៅយួន ថាយួននោះ ព្រោះវាមានន័យជាជនក្នុងអម្បូរ មានពូជមានពង្សមួយ។ យើងហៅប្រទេសថា វៀតណាម ឬ យៀកណាម យើងហៅមនុស្សភាគច្រើនរស់នៅលើទឹកដីដឹកនាំប្រទេសនេះ ឬ គិញនោះ ថា យួន ដូចយើងហៅ ខ្មែរ ចាម ចិន អ៊ីដេ ជារ៉ាយ ជូរូ រ៉ូគ្លាយ អីចឹង។

ខ្ញុំពន្យល់ថា បើលោក អ្នកឲ្យខ្ញុំហៅយួនថាជនជាតិវៀតណាម ឬ យៀកណាមវិញ ប្រៀបឲ្យវាស្មើនឹងពាក្យបារាំងពីនាម Vietnam ទៅជាជនជាតិ vietnamien vietnamienne ស្មើនឹងពាក្យអង់គ្លេសពីនាម Vietnam ទៅជាជនជាតិ Vietnamese នោះ ទី១ ភាសាខ្មែរ គ្មានគុណនាមសម្រាប់ផ្លាស់ពាក្យយួនពីនាមប្រទេស ទៅជា យួននីស្ស ឬក៏ យួនន្ញៀង ឬ យួនន្យែន ដូចភាសាអង់គ្លេសនិងបារាំងនោះទេ។

ទី២ លោក អ្នកសម្របសម្រួល និយាយតម្រូវចិត្តពួកបដិវត្តកុម្មុយនិស្ត ដែលចង់បំបាត់វប្បធម៌សម័យមុន រំលាយអត្តសញ្ញាណជាតិសាសន៍ខ្ញុំជាមនុស្សជាតិមានដើមកំណើតលើទឹកដីជាម្ចាស់ទឹកដីរបស់ខ្លួន។

ទី៣ ហៅមនុស្សគ្រប់ជាតិសាសន៍ចំនួន៥៤លើទឹកដីវៀតណាម ឬ យៀកណាម ថាជនជាតិវៀតណាមនោះ ទាំងអស់នោះសុទ្ធតែជាមនុស្សអត់ពូជអម្បូរ វង្វេងជាតិ (កំណើត) មិនដឹងមានប្រភព ឫសគល់ពីណាមករស់នៅទីនោះ។ សួរថា តើធ្វើដូច្នោះវាក្លាយជាការប្រល័យពូជសាសន៍ដោយស្របច្បាប់ បន្លំភ្នែកពិភពលោកឬទេ? មេមនោគមន៍វិជ្ជារុស្ស៊ី Vladimir Lenin បង្រៀនថា៖ ពាក្យភូតកុហក់ និយាយប្រាប់គេយូរៗទៅ ក្លាយជាការពិតហើយ។ពលរដ្ឋខ្មែរ គួរយល់ដឹងប្រវត្តិពូជពង្សខ្លួននិងអ្នកជិតខាងរបស់ខ្លួនឲ្យបានច្បាស់ប្រាកដ កុំលង់លុះតាមការឃោសនា តាមរបាយរឿង ផាត់ពណ៌បំភ័ន្តភ្នែក ត្រចៀកខ្មែរ និយាយតាមគេថា គ្មានហេតុផលនោះ។ គេចង់ឲ្យជនជាតិនីមួយៗទទួលយកគេជាធំ បោះចោលអ្វីជារបស់ខ្លួនឲ្យអស់ម្តងបន្តិចៗដូចសម័យមុន។ ស្តេចយួនក៏ឈ្លោះគ្នាដែរ៖ ម្ចាស់ ទ្រិញ ត្រួតត្រានៅភាគជើង ហៅថា តុងក័ង ម្ចាស់ ង្វៀង និង ឡេ ត្រួតត្រាភាគកណ្តាល និង ភាគខាងត្បូងហៅថា អណ្ណាម និង កូស័ងស៊ីន។ គេឈ្លោះគ្នា ប៉ុន្តែ ចំណេញរហូត តើគេឆ្លាត ឬគេល្ងង់?

គេយកដី យកទឹក យកព្រៃព្រឹក្សាយើងអស់ទាំងនគរ ប៉ុន្តែគេនៅតែថា គេជាជនរងគ្រោះដោយសារខ្មែរ តើគេពូកែ ឬក៏គេអន់?

ក្នុងវចនានុក្រមសម្តេចសង្ឃ ជួន ណាត ដែលអ្នករៀនខ្មែរគ្រប់រូបជាច្រើនជំនាន់ចាត់ទុកថាជាកំពូលអ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរនោះ ពន្យល់ពាក្យ យួន ដូច្នេះ៖ ជា ជាតិមនុស្សអ្នកដែនតុងក័ង, ដែនអណ្ណាម, ដែនកូស័ងស៊ីន : យួនតុងក័ង, យួនអណ្ណាម, យួនកូស័ងស៊ីន; ពាក្យសាមញ្ញច្រើនហៅយួនតុងក័ងថា យួនហាណូយ, ហៅយួនអណ្ណាមថា យួនហ្វេ, ហៅយួនកូស័ងស៊ីនថា យួនព្រៃនគរ ។ 

ខ្មែរប្រើពាក្យ យួន ដើម្បីហៅជនជាតិ យួន គ្មានអ្វីខុសឆ្គងនោះទេ លើកលែងតែប្រើពាក្យផ្សេងៗ សំដៅប្រមាថកាតទាន បន្តុះបង្អាប់ មើលងាយជាតិសាសន៍មួយ ហើយខ្មែរក៏មានពាក្យជេរអាក្រក់ៗចំពោះជនជាតិមួយចំនួន រួមទាំងយួនផង មិនតិចប៉ុន្មានទេ ប៉ុន្តែ គួរកុំប្រើ។ អ្នកប្រាជ្ញខ្មែរត្រូវរៀនក្បួនពិពណ៌នា (narrative) ទៅពន្យល់បរទេសឲ្យស្តាប់ខ្មែរផង។

សប្តាហ៍ក្រោយ សូមជូនភាគទី៤ អំពី ផ្នត់គំនិតអ្នកដឹកនាំយួនចំពោះជនជាតិខ្មែរ ពីឆ្នាំ១៩៣០ មកទល់បច្ចុប្បន្ន។ ខ្ញុំ ហាស់ សាន The Cambodia Daily ពីរដ្ឋធានីវ៉ាស៊ិនតុន៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.