41.3 C
Phnom Penh

លិខិតជូនការីនិពន្ធអំពីខួបបួនឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លិខិតជូនការីនិពនៈ ខួប៤ឆ្នាំនៃមរណៈភាពលោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី ១០ កក្កដា ២០១៦ – ១០ កក្កដា  ដោយលោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រពន្ធ័ផ្សព្សាយឯករាជ្យ (CCIM)

ថ្ងៃនេះជាថ្ងៃរំលឹកវិញ្ញាណក្ខន្ធលោកបណ្ឌិតកែម ឡី ដែលត្រូវបានឃាតករសំលាប់កាលពី៤ឆ្នាំមុននៅស្តុប កែម ឡី ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែយើងក៏មិនបានបំភ្លេចចោលនូវគុណបំណាច់របស់អ្នកស្នេហាជាតិជាច្រើនរូបទៀតដែលត្រូវបានគេសំលាប់ក្នុងហេតុផល       ស្រដៀងគ្នានឹងលោកបណ្ឌិតកែម ឡី ដែរ។ ពួកគាត់ទាំងនោះមានព្រះ អង្គសម ប៊ុនធឿន លោកជា វិជ្ជា លោកឈុត វុទ្ធី និងអ្នកដទៃទៀតដែលសុទ្ធតែជាសកម្មជននយោបាយ សិទ្ធិមនុស្ស បរិស្ថាន សហជីព ដីធ្លី និងមនុស្សជាច្រើនទៀត។ ហើយមូលហេតុនៃការសំលាប់នេះគឺដោយសារតែសកម្មភាពរបស់ពួកគាត់បំរើប្រយោជន៍ខ្មែរ។

ដូច្ហេះ ខ្ញុំចោទជាសំណួរថា តើនរណាសំលាប់ពួកគាត់?

ចំលើយគឺក្រុមឃាតករប្រាកដជាសត្រូវរបស់ខ្មែរ ព្រោះគេបានសំលាប់អ្នកដែលបានបំរើផលប្រយោជន៍របស់ខ្មែរ។

ក្រៅពីសំណួរដូចខាងលើ យើងនៅមានចំងល់ច្រើនណាស់ដែលត្រូវចោទជាសំណួរដើម្បីស្វែងរកចំលើយពិតប្រាកដ ដូចជា ថាតើក្រុមឃាតករនោះមានមុខមាត់យ៉ាងដូចម្តេច? ហើយកំពុងធ្វើអ្វី? នៅឯណា? ហើយហេតុអ្វីបានជារដ្ឋាភិបាលនៃរបបលោកហ៊ុន សែន មិនចាប់ឃាតករទាំងនោះបាន?

បច្ចុប្បន្ននេះ គេពិបាករកចំលើយជាក់លាក់សំរាប់សំណួរទាំងអស់នេះណាស់ តែចំលើយប៉ាន់ស្មានបែបប្រាកដនិយមមួយគឺ ប្រហែលជាឃាតករទាំងនោះមានអំណាចខ្លាំងណាស់នៅប្រទេសកម្ពុជា។ តែពេលដែលយើងប៉ាន់ស្មានចំលើយបែបនេះ វារឹតតែធ្វើអោយយើងឆ្ងល់ថែមទៀត ព្រោះលោកហ៊ុន សែន ធ្លាប់បានប្រកាសហើយថា គ្មាននរណាមានអំណាចខ្លាំងជាងគាត់ទេ ហើយបើនរណាចង់ធ្វើអ្វីដោយគ្មានការយល់ព្រមពីគាត់ លុះត្រាតែអ្នកនោះក្បាលពាសដែក។

អញ្ចឹង តើយុត្តិធម៌អាចនឹងមានទេសំរាប់លោកបណ្ឌិតកែម ឡី និងអ្នកស្លាប់ដទៃទៀត?

ខ្ញុំនៅតែមានជំនឿថា យុត្តិធម៌នឹងកើតមាន អោយតែប្រជាពលរដ្ឋខ្មែរនៅតែបន្តទាមទារ។ ខ្ញុំលើកឧទាហរណ៍អំពីរបបខ្មែរក្រហមដែលសំលាប់ប្រជាពលរដ្ឋខ្មែរប្រមាណជាង២លាននាក់។ កាលណោះ របបខ្មែរក្រហមមិនខ្វល់រកយុត្តិធម៌ និងមិនអនុញ្ញាតិអោយមានពិធីគោរពវិញ្ញាណក្ខន្ធដល់អ្នកស្លាប់ទាំងនោះទេ ពីព្រោះរបបយង់ឃ្នងមួយនេះជាឃាតករសំលាប់អ្នកស្លាប់ទាំងអស់នោះ។

ប៉ុន្តែជាច្រើនឆ្នាំក្រោយរបបខ្មែរក្រហមដួលរំលំគឺនៅពេលប្រទេស          កម្ពុជាបង្កើតបានរដ្ឋាភិបាលថ្មីមួយតាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ក្នុង ឆ្នាំ១៩៩៣ ទើបរដ្ឋាភិបាលថ្មីនោះបានព្រមព្រៀង               អោយបង្កើតតុលាការពិសេសមួយដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហមដែលពាក់ពន្ធ័នឹងអំពើឃោរឃៅនៃការសំលាប់ពលរដ្ឋខ្មែរ។ ជាមួយគ្នានេះ ខ្ញុំជឿថា យើងនឹងទទួលបានការផ្លាស់ប្តូរដោយសន្តិវិធីនៅប្រទេសកម្ពុជាក្នុងពេលអនាគត។

ចំពោះការរារាំងសកម្មជនក្នុងប្រទេសកម្ពុជាមិនអោយរៀបចំពិធីរំលឹកវិញ្ញាណខន្ធ័លោកបណ្ឌិតកែម ឡី ដោយរបបលោកហ៊ុន សែននោះ ខ្ញុំមិនមានអ្វីភ្ញាក់ផ្អើលទេ ព្រោះវាជារឿងដែលតែងតែកើតឡើងដដែលៗ។

ប៉ុន្តែ ខ្ញុំក៏បានសង្កេតឃើញរបៀបធ្វើការស្រដៀងគ្នាដែលធ្លាប់ធ្វីឡើងដោយរបបផ្តាច់ការផ្សេងៗដើម្បីបិទបាំងការពិតដែលខ្លួនបានប្រព្រិត្តិ ដូចជារដ្ឋាភិបាលកុម្មុយនិស្តវៀតណាមដែលហាមមិនអោយពលរដ្ឋខ្មែរកម្ពុជាក្រោមធ្វើពិធីបុណ្យរំលឹកវិញ្ញាណក្ខន្ធ លោកឧកញ្ញ៉ា សឺន គុយ ឬ របបខ្មែរក្រហមមិនអោយមានពិធីបុណ្យរំលឹកវិញ្ញាណក្ខន្ធ                អ្នកដែលស្លាប់នៅក្នុងសម័យនោះជាដើម។

ឆ្លៀតក្នុងឧិកាសនេះ ខ្ញុំសូមធ្វើការអំពាវនាវដូចតទៅ៖

ទី១) សូមពលរដ្ឋខ្មែរបន្តគាំទ្រនិងរំលឹកគុណ្យអ្នកទាំងឡាយណាដែលបានតស៊ូ និងលះបង់ដើម្បីជាតិខ្មែរ ដូចជារូបបណ្ឌិតកែម ឡី ជាដើម ហើយប្រឆាំងរាល់ការបំផ្លាញស្មារតីតស៊ូរបស់ពួកគាត់ ដូចជាការសាបព្រោះទ្រឹស្តីថា ការស្លាប់ដូចលោកបណ្ឌិតកែម ឡី ដូចលោកឧកញ្ញ៉ាសឺន គុយ ឬការជាប់គុករបស់អ្នកតស៊ូដទៃទៀតគឺអត់ប្រយោជន៍។

ទី២) សូមប្រជាពលរដ្ឋខ្មែរហៅភ្លើងស្តុបដែលជាកន្លែងគេសំលាប់លោកបណ្ឌិត កែម ឡី ថាជា ស្តុបកែម ឡី ដើម្បីជាការរំលឹកអំពីទីតាំងដែលឃាតករបាញ់សំលាប់គាត់

ទី៣) សូមប្រជាពលរដ្ឋខ្មែរចូលរួមគាំទ្រសេរីភាពបញ្ចេញមតិនិងការហ៊ាននិយាយការពិត ដូចអ្វីដែលលោកបណ្ឌិតកែម ឡី បានធ្វើ និងចូលរួមប្រឆាំងអំពើបំផ្លាញជាតិខ្មែរគ្រប់ទំរង់ មានជាអាទិ៍ អំពើហិង្សា ការគំរាមកំហែង និងការលាបពណ៌។ លោកបណ្ឌិតកែម ឡី ក៏ធ្លាប់ទទួលរងការលាបពណ៌ពីនាក់នយោបាយខ្មែរម្នាក់ដែរ ដែលចោទលោកបណ្ឌិតថា ជាជនបង្កប់របស់គណបក្សប្រជាជនកម្ពុជា។

ជាទីបញ្ចប់ ខ្ញុំសូមរំលឹកខ្មែរគ្រប់និន្នាការនយោបាយ រួមទាំងអ្នកគាំទ្រគណបក្សកាន់អំណាចផងថា ពួកយើងទាំងអស់គ្នាសុទ្ធតែជាជនរងគ្រោះនៃរបបដឹកនាំបច្ចុប្បន្ន ព្រោះយើងកំពុងរស់ក្នុងភាពក្រីក្រ រស់ក្រោមការគំរាមកំហែង និងបំភិតបំភ័យ និងរស់ដោយគ្មានយុត្តិធម៌សង្គម និងសេវ៉ាសាធារណៈប្រកបដោយគុណភាព ដូចជា វិស័យសុខាភិបាលជាដើម។

ដូច្នេះ យើងត្រូវជូតទឹកភ្នែក រួចបន្តដំណើរទៅមុខ តាមបណ្តាំលោកបណ្ឌិតកែម ឡី ដើម្បីជំរុញអោយមានការផ្លាស់ប្តូរដោយវិជ្ជមាន ដើម្បីអោយកម្ពុជាក្លាយជាសង្គមមួយដែលខ្មែរអាចរស់នៅប្រកបដោយ                      សេចក្តីថ្លៃថ្នូរនិងសេរីភាពពេញលេញ។ 

សូមអរព្រះគុណ និងសូមអរគុណ!

នេះជាទស្សនៈផ្ទាល់របស់ ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រពន្ធ័ផ្សព្សាយឯករាជ្យ (CCIM) ហើយ                   ទស្សនៈរបស់លោក មិនឆ្លុះបញ្ជាំងទស្សនៈរបស់សាព័ត៌មាន The Cambodia Daily នោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស