34 C
Phnom Penh

សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ច្រានចោលការរកឃើញរបស់ស្ថាប័នអង្គការសហជីពចំនួន៣ ពាក់ព័ន្ធបំណុលរបស់កម្មករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានលើកឡើងថា អ្វីដែលរកឃើញក្នុងរបាយការណ៍សិក្សាលើវិស័យមីក្រូហិរញ្ញវត្ថុចំពោះក្រុមកម្មករពីសំណាក់ក្រុមអង្គការ សហជីពចំនួន៣ ថាធ្វើឡើងខ្វះលក្ខខណ្ឌបែបវិទ្យាសាស្ត្រ និងមានភាពលម្អៀងព្រមទាំងខ្វះការយល់ដឹងពីវិស័យមីក្រូហិរញ្ញវត្ថុ និងមិនអាចទុកចិត្តបាន ជាពិសេសគ្មានព័ត៌មានគ្រប់គ្រាន់ដែលអាចផ្ទៀងផ្ទាត់ឡើងវិញបានជាដើម។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អះអាងថា ការផ្តល់ប្រាក់កម្ចីរបស់ខ្លួនឱ្យទៅអតិថិជន ជាការចូលរួមចំណែកយ៉ាងសកម្មដើម្បីកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយមិនមែនជាការធ្វើឱ្យកូនបំណុលវ័ណ្ឌកទៅដោយបំណុលនោះឡើយ។

ការច្រានចោលនេះ ធ្វើឡើងក្រោយពេល កាលពីថ្ងៃទី៣០ ខែមិថុនា សម្ព័ន្ធសហជីពកម្ពុជា (CATU) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL) និងអង្គការលីកាដូ បានចេញផ្សាយរបាយការណ៍ដាក់ចំណងជើងថា «ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក»។

របាយការណ៍នេះបានសម្ភាសកម្មករ ១៦២នាក់ក្នុងរោងចក្រ ៣ ដែលបានព្យួរការងារទាំងស្រុង ឬដោយផ្នែក ចន្លោះពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២០។

បើតាមរបាយការណ៍ដដែលបង្ហាញថា បញ្ហានេះ បង្កើតឱ្យមានវិបត្តិរំលោភសិទ្ធិមនុស្សជាច្រើន ដែលនាំឱ្យពួកគាត់ជួបការលំបាកខ្លាំងក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារនិងធ្វើឱ្យការកាន់កាប់ដីធ្លីរបស់ពួកគាត់ត្រូវរងសម្ពាធយ៉ាងខ្លាំងពីសំណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។

ក្រុមអង្គការនិងសហជីពដដែលថាបញ្ហានេះ ប្រសិនបើគ្មានកម្មវិធីសម្រាលបន្ទុកបំណុលភ្លាមៗទេ នោះកម្មករ កម្មការិនីទាំងនេះ នឹងត្រូវប្រឈមនឹងការលក់ដីឬផ្ទះ កាត់បន្ថយការបរិភោគអាហារ ឬខ្ចីប្រាក់កម្ចីកាន់តែច្រើនឡើង ដើម្បីយកទៅសងបំណុលដែលមានស្រាប់។

ទោះបីជាយ៉ាងនេះក្តី ក្នុងរបាយការណ៍នេះបញ្ជាក់ថាការរកឃើញនេះសម្រាប់តែកម្មករជាង១៦០នាក់ ក្នុងរោងចក្រចំនួន៣នោះប៉ុណ្ណោះមិនបានតំណាងឱ្យកមុ្មកររាប់សិបម៉ឺននាក់ និងរោងចក្រនៅទូទាំងប្រទេសនោះឡើយ។

យ៉ាងនេះក្តី សមាគមមីក្រូហិរញ្ញវត្ថុនៃកម្ពុជាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អះអាងថា ខ្លួននឹងបន្តសិក្សាតាមដានបន្ថែមទៅលើស្ថានភាពវិវត្តនៃវិស័យកាត់ដេរ ព្រមទាំងជំរុញដល់សមាជិកខ្លួនទាំងអស់ ឱ្យបន្តការជួយសម្រាលដល់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ តាមរយៈការរៀបចំឥណទានឡើងវិញ និងតាមលទ្ធភាពផ្សេងៗទៀត។

ជាមួយគ្នានេះ សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអះអាងទៀតថាខ្លួនបានរៀបចំឥណទានឡើងវិញ ដល់អតិថជនជាងពីរសែននាក់ ក្នុងទំហំឥណទានជាង១ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩នេះផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស