31.8 C
Phnom Penh

សហជីពជាង២០ស្ថាប័ន ដាក់លិខិតស្នើរដ្ឋាភិបាលបើកប្រាក់អតីតភាពការងារឆ្នាំ២០១៩ និងឆ្នាំ២០២០ ដល់កម្មករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសហជីពចំនួន២១ស្ថាប័ន បានដាក់លិខិតស្នើទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ទៅនិយោជកឱ្យបើកប្រាក់អតីតភាពការងារឆ្នាំ២០១៩ និងឆ្នាំ២០២០ ដល់កម្មករនិយោជិតនៅក្នុងពេលជំងឺកូវីដ-១៩នេះ។

កិច្ចអន្តរាគមន៍នេះធ្វើឡើងនៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ដោយក្រុមសហជីពមិនចំណុះរដ្ឋាភិបាល និងកម្មកររាប់សិបនាក់ បានយកញ្ញត្តិទៅដាក់ទៅខុទ្ទកាល័យលោកហ៊ុន សែន ហើយមន្ត្រីអ្នកទទួលញ្ញត្តិក៏បានទទួលយកញ្ញត្តិនោះដែរ។ មន្រ្តីរូបនោះអះអាងខ្លួនថានឹងឆ្លើយតបបញ្ហានេះតាមនីតិវិធី។ ការសម្រេចសុំកិច្ចអន្តរាគមន៍ទៅលោក ហ៊ុន សែន បន្ទាប់ពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្មានការឆ្លើយតបលើសំណើររបស់ពួកគាត់ ដែលបានស្វែងរកកិច្ចអន្តរាគមន៍ ពីស្ថាប័នសាមីមួយនេះ កាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅ។

ទោះបីជាយ៉ាងនេះក្តី ក្រុមមេដឹកនាំសហជីពអះអាងថា ប្រសិនបើគ្មានដំណោះស្រាយសមស្របណាមួយសម្រាប់ពួកគាត់ និងកម្មករនិយោជិតទេ ពួកគាត់នឹងបន្តទាមទារលើបញ្ហានេះ បន្ថែមទៀត ដោយមានទាំងការយុទ្ធនាការទាមទារក្នុងបណ្តាញសង្គមជាដើម។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពេលដាក់ញ្ញត្តិនៅព្រឹកថ្ងៃច័ន្ទនេះ ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ថា ប្រាក់អតីតភាពការងារ គឺសំខាន់ណាស់ សម្រាប់កម្មករនៅអំឡុងពេលជួបវិបត្តិសេដ្ឋកិច្ចដោយសារបញ្ហាជំងឺកូវីដ១៩នេះ ដើម្បីយកទៅដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ ពិសេសការសងបំណុលទៅធនាគារ និងឯកជនផងដែរ។

ជំងឺកូវីដ១៩ត្រូវបានរកឃើញថាកើតមាននៅក្នុងប្រទេសកម្ពុជាតាំងពីចុងខែមករា ឆ្នាំ២០២០ ដែលបណ្តាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ពិសេសកម្មករទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធរាប់សិបម៉ឺននាក់បាត់បង់ការងារធ្វើ គ្មានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។

តួលេខរបស់ក្រសួងការងារបង្ហាញថា មកទល់ថ្ងៃទី៩ខែកក្កដា រដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិង បុគ្គលិកក្នុងវិស័យសេវាកម្ម ដែលព្យួរការងារចំនួន១២លើករួចមកហើយដល់មនុស្សចំនួន ២២ម៉ឺននាក់(២២៣,១៤៨) សម្រាប់រោងចក្រ សហគ្រាស ឬក្រុមហ៊ុនចំនួន ៧២៣។ ប៉ុន្តែរដ្ឋាភិបាលមិនដែលបានលើកឡើងពីបញ្ហាប្រាក់អតីតភាពការងាររបស់កម្មករនោះឡើយ។

យ៉ាងនេះក្តី ស្ថិតនៅក្នុងស្ថានភាពលំបាកនេះ មានរោងចក្រជាច្រើននៅមិនទាន់បានផ្តល់ប្រាក់អតីតភាពការងារឆ្នាំចាស់ និងឆ្នាំថ្មី ជូនកម្មករនៅឡើយទេ ខណៈពួកគេបារម្ភថាប្រាក់អតីតភាពទាំងនោះអាចនឹងបាត់បង់ទាំងស្រុង ក្រោមលេសនៃវិបត្តិជំងឺកូវីដ១៩នេះ ដែលនឹងធ្វើឱ្យជីវភាពកម្មករកាន់តែប្រឈម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស