អង្គការអន្តរជាតិមួយបានលើកឡើងថា រដ្ឋាភិបាលលោកហ៊ុន សែន គប្បីមានវិធានការជាក់លាក់ជុំវិញបញ្ហាប្រាក់បំណុលរបស់ពលរដ្ឋអំឡុងវិបត្តិជំងឺកូវីដ១៩ ដើម្បីធានាដល់សុវត្ថិភាពកូនបំណុលពីហានិភ័យផ្សេងៗ ពិសេសការបង្ខំចិត្តលក់ផ្ទះសម្បែង និងដីធ្លី ដើម្បីយកប្រាក់សងបំណុលគេ។
អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ Human Right Watch លើកឡើងថា គ្រួសារដែលជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវប្រឈមនឹងការលក់ដី និងផ្ទះសម្បែងដែលពួកគេធ្លាប់រស់នៅ ដើម្បីបានប្រាក់សងទៅម្ចាស់បំណុល ដោយសារពលរដ្ឋកំពុងរងផលប៉ះពាល់ដោយវិបត្តិជំងឺកូរ៉ូណា ឬកូវីដ១៩។
អង្គការ Human Right Watch បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៤ ខែកក្កដា ដោយលើកឡើងថា រដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជាគួរធ្វើអន្តរាគមន៍បញ្ឈប់ជាបន្ទាន់នូវការប្រមូលបំណុល និងការប្រាក់ចំពោះអ្នកខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងឡាយ។
ក្នុងសេចក្តីថ្លែងការណ៍នោះ នាយករងអង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិប្រចាំអាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បានលើកឡើងថា ប្រជាជនកម្ពុជាជាច្រើនបារម្ភខ្លាចបាត់បង់ដីធ្លីផ្ទះសម្បែងរបស់ខ្លួនច្រើនជាងការខ្លាចឆ្លងវីរុសកូវីដ១៩ ដោយសារពួកគេមិនអាចសងប្រាក់កម្ចីទៅម្ចាស់បំណុលបាន។ ដោយឡែកវិធានការរបស់រដ្ឋាភិបាលកាលពីពេលកន្លងមកវិញ មិនបានជួយដល់ពួកគេឱ្យបានពេញលេញនោះឡើយ។
លោកបន្តថា រដ្ឋាភិបាលកម្ពុជាគួរតែបញ្ជាឱ្យមានការផ្អាក ឬពន្យារពេលសងបំណុល និងអត្រាការប្រាក់របស់ពលរដ្ឋដែលរងគ្រោះដោយសារជំងឺរាតត្បាតកូវីដ១៩ជាបន្ទាន់ ហើយគប្បីចាត់វិធានការចំពោះរាល់ស្ថាប័នហិរញ្ញវត្ថុដែលមិនអនុវត្តតាមបញ្ជានេះតែម្តង។
ទោះបីជាយ៉ាងនេះក្តី កាលពីថ្ងៃទី ២៧ ខែមីនា ធនាគារជាតិនៃកម្ពុជាបានចេញ សារាចរណែនាំ ស្តីពីការរៀបចំឡើងវិញនូវប្រាក់កម្ចីក្នុងអំឡុងពេលផលប៉ះពាល់នៃវិបត្តិ Covid-19។ បន្ថែមពីនេះ ធនាគារជាតិលើកទឹកចិត្តដល់ស្ថាប័នហិរញ្ញវត្ថុឱ្យយកចិត្តទុកដាក់ដល់បញ្ហាប្រឈមរបស់អតិថិជនដែលកំពុងរងផលប៉ះពាល់ជាក់ស្តែង ជាពិសេសកម្មករក្នុងវិស័យកាត់ដេរ។
យ៉ាងនេះក្តី កាលពីថ្ងៃទី៣០ ខែមិថុនា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ សង់ត្រាល់ អង្គការលីកាដូ និងសម្ព័ន្ធសហជីពកម្ពុជា ហៅថា CATU បានចេញរបាយការណ៍រួមគ្នាមួយ ដោយផ្អែកលើការស្ទង់មតិជាមួយកម្មករកាត់ដេរចំនួន ១៦២នាក់ មកពីរោងចក្រចំនួន៣ ដែលរងផលប៉ះពាល់ពីវិបត្តិ កូវីដ១៩។
ក្រុមអង្គការនិងសហជីពដដែលថាបញ្ហានេះ ប្រសិនបើគ្មានកម្មវិធីសម្រាលបន្ទុកបំណុលភ្លាមៗទេ នោះកម្មករ កម្មការិនីទាំងនេះ នឹងត្រូវប្រឈមនឹងការលក់ដីឬផ្ទះ កាត់បន្ថយការបរិភោគអាហារ ឬខ្ចីប្រាក់កម្ចីកាន់តែច្រើនឡើង ដើម្បីយកទៅសងបំណុលដែលមានស្រាប់។
ឆ្លើយតបការរកឃើញរបស់ក្រុមអង្គការ សហជីពនេះ កាលពីថ្ងៃម្សិលមិញ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានច្រានចោលចំពោះរបាយការណ៍នោះ ដោយថាជារបាយការណ៍ ខ្វះលក្ខណៈបែបវិទ្យាសាស្ត្រ មានភាពលម្អៀង ព្រមទាំងខ្វះការយល់ដឹងពីវិស័យមីក្រូហិរញ្ញវត្ថុ និងមិនអាចទុកចិត្តបាន ជាពិសេសគ្មានព័ត៌មានគ្រប់គ្រាន់ដែលអាចផ្ទៀងផ្ទាត់ឡើងវិញបានជាដើម។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អះអាងថា ការផ្តល់ប្រាក់កម្ចីរបស់ខ្លួនឱ្យទៅអតិថិជន ជាការចូលរួមចំណែកយ៉ាងសកម្មដើម្បីកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយមិនមែនជាការធ្វើឱ្យកូនបំណុលវ័ណ្ឌកទៅដោយបំណុលនោះឡើយ។
ជាងនេះទៀតក្នុងស្ថានភាពវិបត្តិកូវីដ១៩ខាងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាក៏បានជួយសម្រួលដល់បញ្ហាប្រឈមរបស់ពលរដ្ឋ ក្នុងនោះកូនបំណុលជាង ២៣ម៉ឺននាក់ក្នុងអំឡុងកូវីដ១៩ តាមរយៈការរៀបចំប្រាក់កម្ចីឡើងវិញ ក្នុងទំហំឥណទានជាង ១ពាន់លានដុល្លារ។ ការរៀបចំប្រាក់កម្ចីឡើងវិញនេះ ភាគច្រើនកូនបំណុលស្នើឱ្យផ្អាកបង់ទាំងប្រាក់ដើម និងប្រាក់ការ ឬស្នើសុំបង់តែការប្រាក់រយៈពេលចន្លោះពី ៣ខែ ទៅ ៦ខែ ៕