38 C
Phnom Penh

រដ្ឋាភិបាលសម្រេចផ្តល់ការឈប់សម្រាក៥ថ្ងៃ ដើម្បីសងជំនួសថ្ងៃបុណ្យចូលឆ្នាំដែលមិនបានឈប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានប្រកាសឯកភាព ជាផ្លូវការហើយក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ ថ្ងៃដើម្បីសងថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះដែលមិនបានឈប់សម្រាកដោយបញ្ហាវិបត្តិជំងឺកូវីដ១៩។ 

ថ្លែងនៅថ្ងៃអង្គារទី១៣ ខែ កក្កដា ២០២០ នេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការអោយ កម្មករ – និយោជិត និងមន្រ្តីរាជការ បានឈប់សម្រាករយៈពេល៥ថ្ងៃ ដោយគិតចាប់ពី១៧ដល់ថ្ងៃទី២១ ខែសីហា ២០២០ ដើម្បីជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ២០២០ ដែលត្រូវបាពន្យារពេលកាលខែមេសាកន្លងមកនេះ ក្រោមហេតុផលបង្ការការឆ្លងរីករាលដាលជំងឺកូវីដ១៩ ខណៈពលរដ្ឋនៅតាមទីក្រុងឬទីប្រជុំជននាំគ្នាសម្រុកទៅលេងស្រុកកំណើតនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ទោះបីជាយ៉ាងនេះក្តី លោកហ៊ុន សែន ស្នើឱ្យក្រសួងសុខាភិបាល, ក្រសួងទេសចរណ៍, ក្រសួងសាធារណការ និងដឹកជញ្ជូនអាជ្ញាធរដែនដី ព្រមទាំងក្រសួងស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់សហការ និងពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាព វិធានការសុខាភិបាល និងអនាម័យបន្ថែមទៀត។

ជាងនេះទៀត ធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដោយតម្រូវឲ្យអនុវត្តដាច់ខាតតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេលឈប់សម្រាកចំនួន ៥ថ្ងៃ ក្នុងខែសីហា ខាងមុខនេះ។

នៅថ្ងៃនេះដែរ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ លើមនុស្សចំនួន៩នាក់ថ្មីទៀត ដោយពួកគេទាំងនោះទើប                   ត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីថ្ងៃទី១០ ខែកក្កដា។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៤ ខែកក្កដា ឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន៩នាក់ថ្មីនោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្នុងរាជធានីភ្នំពេញ។

ដោយឡែកអ្នករួមដំណើរ ៧០នាក់ទៀត ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូវ័ន្តមួយក្នុងរាជធានីភ្នំពេញ។

ប្រភពដដែលបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៦៥នាក់ ។ ក្នុងចំនួនអ្នកជំងឺ១៦៥នាក់ មានអ្នកជំងឺចំនួន១៣៣នាក់ត្រូវបានព្យាបាលជាសះស្បើយ ពោលគឺនៅសល់អ្នកជំងឺចំនួន៣២នាក់ទៀតប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស