27 C
Phnom Penh

លោក ហ៊ុន សែន ថា ការនាំចូលជ្រូកពីក្រៅ ជាការសម្លាប់អ្នកចិញ្ចឹមក្នុងស្រុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន លើកឡើងថាការបណ្តោយឱ្យមានការនាំសាច់ ជ្រូកពីក្រៅប្រទេសចូលមកកម្ពុជាជាការសម្លាប់អ្នកចិញ្ចឹមជ្រូកនៅក្នុងស្រុកតែម្តង។

ថ្លែងក្នុងពិធីពិនិត្យមជ្ឈមណ្ឌលបង្កាត់ពូជត្រី ចិញ្ចឹមត្រីនិងកង្កែបជាក់ស្តែង ព្រមទាំងសំណេះសំណាលជាមួយកសិករនៅខេត្តព្រៃវែងនៅថ្ងៃទី១៤ ខែកក្កដានេះ លោកហ៊ុន សែន អះអាងថា លោកបានច្រានចោលសំណើរនាំជូ្រករស់ចូលពីប្រទេសថៃ មកកម្ពុជាចំនួន១លានក្បាល ពីសំណាក់ក្រុមហ៊ុនមួយដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងសម្រាប់នាំចេញបន្តទៅកាន់ប្រទេសវៀតណាម ។

លោកបញ្ជាក់ថា ការច្រានចោលនេះដើម្បីការពារកសិករចិញ្ចឹមក្នុងស្រុក ព្រោះប្រសិនបើយល់ព្រមឲ្យមានការនាំចូលជ្រូក១លានក្បាលនោះមកកម្ពុជាមែន ស្មើនឹង សម្លាប់កសិកររបស់ខ្មែរ ដែលកំពុងតែខិតខំចិញ្ចឹមជ្រូកនាពេលបច្ចុប្បន្ន។ លោកបន្ថែមថា ប្រសិនជាកម្ពុជាត្រូវការនាំចូលជ្រូក គឺអនុញ្ញាតឱ្យនាំចូលនៅពេលកម្ពុជាមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់តែប៉ុណ្ណោះ។  ប៉ុន្តែបើការផ្គត់ផ្គង់តម្រូវការក្នុងស្រុកគ្រប់គ្រាន់ហើយ គឺមិនចាំបាច់នាំចូលពីគេទៀតឡើយ។

លោក ហ៊ុន សែន អះអាងថាកម្ពុជានៅមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម ក្នុងនោះដីជាង ៤លានហិកតា សម្រាប់ដាំដុះដំណាំស្រូវ និងដំណាំផ្សេងទៀត នៅតែមានតម្រូវការខ្ពស់។

ជាមួយគ្នានោះលោកបានជំរុញឱ្យស្ថាប័នពាក់ព័ន្ធ ខិតខំជួយដល់កសិករ ដោយថា ការផ្តល់ចំណេះជំនាញកសិកម្ម ជារឿងសំខាន់ណាស់សម្រាប់ពលរដ្ឋ ពោលគឺសំខាន់ជាងការផ្តល់អំណោយផ្សេងៗទៅទៀត ខណៈដែលវប្បធម៌ផ្តល់អំណោយឱ្យពលរដ្ឋនេះ មន្ត្រីគណបក្សប្រជាជនកម្ពុជា និងមន្ត្រីរដ្ឋាភិបាលរបស់លោកហ៊ុន សែន តែងនិយមប្រើពិសេសនៅក្នុងរដូវកាលជិតបោះឆ្នោតមកដល់។

កាលពីថ្ងៃទី២ ខែមិថុនា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសារាចរណែនាំថ្មីមួយ ស្ដីពីការបង្កើនយុទ្ធនាការជំរុញផលិតកម្មកសិកម្មនៅកម្ពុជា។

ក្រសួងកសិកម្មបញ្ជាក់ថា វិស័យកសិកម្មពិត ជាត្រូវឈរនៅក្នុងអាទិភាពមួយខ្ពស់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាវិបត្តិកូវីដ១៩ ពិសេសពាក់ព័ន្ធនឹងការបង្កើនផលិតកម្មស្បៀង អាហារ អង្ករ ត្រី សាច់ ឱ្យបានគ្រប់គ្រាន់ សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន សាទរចំពោះវិធានការយកចិត្តទុកដាក់លើវិស័យកសិកម្មពីសំណាក់រដ្ឋាភិបាល ប៉ុន្តែលោកយល់ឃើញថាដើម្បីឱ្យផែនការនេះអាចសម្រេចទៅបាន ស្ថាប័នពាក់ព័ន្ធត្រូវមានយន្តការច្បាស់លាស់និងតាមដានជាប្រចាំចំពោះមន្ត្រីចុះអនុវត្ត ព្រមទាំងបើកឱកាសក្នុងការចូលរួមឱ្យបានកាន់តែទូលំទូលាយ ទាំងដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការសង្គមស៊ីវិលជាដើម។

បន្ថែមពីនេះ ក្រសួងកសិកម្មផ្ទាល់គប្បីមានការពិភាក្សាជាមួយកសិករផ្ទាល់ អំពីបញ្ហាប្រឈមក្តី ពីតម្រូវការចាំបាច់ក្តី ដោយមានទាំងការបណ្តុះបណ្តាលបច្ចេកទេសជូនពួកគាត់ ផ្តល់ទុន រៀបចំប្រព័ន្ធធារាសាស្ត្រឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់។

មន្រ្តីសង្គមស៊ីវិលរូបនេះ ក៏ចង់ឃើញយន្តការជួយដល់កសិករជំរុញលើវិស័យកសិកម្មនេះធ្វើឡើងជាប់ជាប្រចាំ ដើម្បីធានាដល់ការលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចប្រជាពលរដ្ឋកាន់តែប្រសើរ មិនមែនធ្វើឡើងតែពេលមានបញ្ហាកូវីដ១៩នោះឡើយ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស