អាណាព្យាបាលរស់នៅខេត្តព្រះសីហនុ បានបន្តព្រួយបារម្ភអំពីបទល្មើសគ្រឿងញៀន ដែលជនល្មើសអាចធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងមូលដ្ឋាននេះ ចាប់ពីទីប្រជុំជន រហូតដល់ទីជនបទ។
ពលរដ្ឋ ឬអាណាព្យាបាលមានចម្ងល់ថា ហេតុអ្វីបានជាសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបមិនចេះអស់សោះ។ ក្នុងនោះ បង្ក្រាបឬចាប់បាន តែអ្នកសេព ឬជក់ និងអ្នកចែកចាយតូចតាចតែប៉ុណ្ណោះ រីឯមេក្លោងធំ នៅពីក្រោយបទល្មើសគ្រឿងញៀនេះ ទាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងកម្លាំងនគរបាលខេត្តនេះ ចាប់មិនដែលបានម្តងណាទេ។
ពួកគេ បានស្នើដល់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយដាក់បទបញ្ជាមកកម្លាំងសមត្ថកិច្ចក្រោមឱវាទ ឲ្យពង្រឹងកម្លាំងការចុះអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាព ដែលប្រមុខដឹកនាំរាជរដ្ឋាភិបាល បានដាក់ចេញ ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព។
ពលរដ្ឋរស់នៅខេត្តព្រះសីហនុ បានអះអាងថា គោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាព ដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ឲ្យអនុវត្តកន្លងមក គឺរដ្ឋបាលខេត្តព្រះសីហនុ អនុវត្តមិនទាន់មានលទ្ធផលល្អទេ។
គេសង្កេតឃើញខេត្តទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ បានកើតមានបទល្មើសចោរលួច ឆក់ ប្លន់ ចាប់ជំរិតមនុស្សទារប្រាក់ និងបទល្មើសគ្រឿងញៀន បានបន្តធ្វើសកម្មភាពពេញបន្ទុក ឬជារៀងរាល់យប់ថ្ងៃ ចាប់ពីទីប្រជុំជន បន្តរីករាលដាលរហូតដល់ទីជនបទ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការលីកាដូ (Licho) និងសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ ក៏ទទួលស្គាល់ថា បទល្មើសចោរឆក់ ប្លន់ ចាប់ជំរិតមនុស្សទារប្រាក់ និងបទល្មើសគ្រឿងញៀនជាដើម ពិតជាបន្តធ្វើសកម្មភាព គួរឲ្យព្រួយបារម្ភ ដូចប្រជាពលរដ្ឋលើកឡើងពិតមែន។
លោក ស្រេង វ៉ាន់លី អ្នកសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តព្រះសីហនុ បានឲ្យដឹងថា ជាបន្តបន្ទាប់មកនេះ ឃើញកម្លាំងសមត្ថកិច្ច នៃកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្តព្រះសីហនុ បានចុះបង្ក្រាប និងចាប់ជនសង្ស័យនៃបទល្មើសទាំងនេះ បានជាច្រើនករណី បញ្ជូនទៅកាន់តុលាការផ្តន្ទាស។ ប៉ុន្តែជាក់ស្តែង បទល្មើខាងលើនេះ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ ហើយសមត្ថកិច្ចបង្ក្រាបមិនចេះអស់នោះទេ។
ដោយឡែក ចំពោះបទល្មើសគ្រឿងញៀនវិញ លោក ស្រេង វ៉ាន់លី បញ្ជាក់ថា សមត្ថកិច្ចបង្ក្រាបបានតែអ្នកជក់ និងអ្នកចែកចាយតូចតាចទេ រីឯមេខ្លោងធំនៅពីក្រោយបទល្មើសគ្រឿងញៀនវិញ សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ បង្ក្រាប់មិនដែលបានម្តងណាឡើយ។
ទាក់ទិនបញ្ហានេះទាំង លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ សុទ្ធតែបានអះអាងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មិនទ្វេសប្រហែស លើការងារបញ្ជូនកម្លាំងចុះប្រចាំការ និងល្បាតនៅតាមគោលដៅនានា ទាំងយប់ថ្ងៃ ប្រយោជន៍ដើម្បីការពារសន្តិសុខ ជូន ពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគទុនឲ្យមានសុវត្ថិភាព។
លោក ហេង ប៊ុនទី និងលោក ជួន ណារិន្ទ ជាបន្តបន្ទាប់មកនេះ ធ្លាប់បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមជួយផ្តល់ព័ត៌មាន ដែលសង្ស័យទាក់ទងបទល្មើសផ្សេងៗ មកកម្លាំងសមត្ថកិច្ច ឲ្យបានឆាប់ ដើម្បីបញ្ជូនកម្លាំងចុះជួយអន្តរាគមន៍ ឬសង្គ្រោះជនរងគ្រោះ ឲ្យបានទាន់ពេល។
ទូរសព្ទ័ទាន់ហេតុការណ៍ របស់ស្នងការនគរបាលខេត្តព្រះសីហនុ ៖ ០៩៧ ៧៧៨ ០០០៨ ឬ ០៣១ ៣៧៤ ៩៨ ៤៨។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកក្កដាម្សិលមិញនេះ បានបញ្ជូនជនសង្ស័យប្រុស-ស្រីចំនួន០៨នាក់ ដែលជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់។
បទល្មើសនេះ ត្រូវកម្លាំងកងរាជអាវុធហត្តខេត្តព្រះសីហនុ ចុះបង្ក្រាប ពេលជនសង្ស័យ បានធ្វើសកម្មភាព០២ករណី ផ្សេងគ្នា ក្នុងខេត្តព្រះសីហនុ។
យុទ្ធនាការនេះ សមត្ថកិច្ចបានដកហូត វត្ថុតាងរួមមាន៖ ម្សៅថ្នាំញៀនចំនួន ២៥កញ្ចប់, ទូរស័ព្ទចំនួន ០៣គ្រឿង, ម៉ូតូ ចំនួន០១គ្រឿង, វិទ្យុទាក់ទងចំនួន ១៣គ្រឿង, អាវុធខ្លី០១ដើម ម៉ាក CF៩៨ គ្រាប់ចំនួន០៨, ប្រាក់រៀល ចំនួន២០០.០០០រៀល និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត៕