31 C
Phnom Penh

ហ្វីលីពីននិងតៃវ៉ាន់ប្រកាសគាំទ្រវត្តមានកងទ័ពអាមេរិកនៅសមុទ្រចិនខាងត្បូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បើទោះពិបាកនឹងការទស្សនទាយថា សង្រ្គាមនៅសមុទ្រចិនអាចនឹងផ្ទុះនៅពេលណាក៏ដោយតែពេលនេះ ស្ថានការណ៍យោធានៅតំបន់នោះ កំពុងធ្លាក់ក្នុងសភាពផុយស្រួយជាខ្លាំង។

ខណៈនេះ នាវាផ្ទុកយន្តហោះរបស់អាមេរិក ដ៏ធំចំនួន២គ្រឿង ដែលផ្ទុកយន្តហោះចម្បាំងជាងមួយរយគ្រឿង គឺនាវា USS Ronald Reagan និង USS Nimitz ត្រូវបានរាយការណ៍មកថា កំពុងបណ្ដែតខ្លួនលើផ្ទៃសមុទ្រចិនខាងត្បូង នៅឡើយ នៅក្បែរប្រជុំប៉ារ៉ាហ្សែល ដែលវៀតណាមអះអាងថា ចិនកំពុងមានមហិច្ឆតា កាន់កាប់កោះនៅតំបន់នោះថែមទៀត។

អ្នកសង្កេតការណ៍មើលឃើញថា នៅពេលនេះ អាមេរិកបានរំកិល នាវាចម្បាំងដល់ទីតាំងដែលចិនអះអាងថាជាដែនទឹករបស់ខ្លួនទៅហើយ។ ក្នុងន័យនេះ គឺពិតប្រាកដដែលថាសង្រ្គាមផ្ទុះឡើង ឬមិនផ្ទុះគឺអាស្រ័យទៅលើ ចិនទេដែលជាអ្នកបើកទ្វារសង្រ្គាម។

សមុទ្រចិនខាងត្បូង មានក្រឡាផ្ទៃ៣លានគីឡូម៉ែត្រក្រឡា និងមានកោះទាំងតូចទាំងធំ ចំនួន ២៥០ហោះ។ បើតាមសារព័ត៌មាន The National Interest  ក្នុងរយៈពេល ១០ឆ្នាំមកនេះ ចិនបាន វាតទីកាន់កាប់ ដែនកោះទាំងជិត៨០ភាគរយទៅហើយ ដោយដណ្ដើមយកពីប្រទេសជាប់ពាក់ព័ន្ធ មានដូចជា វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ នឹងតៃវ៉ាន់។

បើទោះជាខ្លួនមានសិទ្ធចូលកាន់កាប់កោះតំបន់ប្រជុំកោះស្កាបូរ៉ូ ទៅតាមសាលក្រមជ្ឈឹត្តការអន្តរជាតិនៅឆ្នាំ២០១៦ ប៉ុន្តែពុំហ៊ាននាំទ័ពចូលទៅកាន់កោះទាំងនោះទេ ដោយសារតែខ្លាចចិន។ តែនៅថ្ងៃទី១៤ កក្កដានេះ រដ្ឋាភិបាលហ្វីលីពីន បានប្រកាសគាំទ្រពេញទំហឹងនូវត្តមានកងទ័ពអាមេរិកនៅសមុទ្រចិនខាងត្បូង។នេះបើយោងតាមសារព័ត៌មាន របស់រស្ស៊ីSputnik ។

ក្រសួងការពារជាតិហ្វីលីពីន បានចេញសេចក្ដីថ្លែងការណ៍ ដែលមានខឹ្លមសារដូចនេះថា៖ យើងសូមគាំទ្រ ទាំងស្រុង តួនាទីសហរដ្ឋអាមេរិក ដែលប្ដេជ្ញាចូលខ្លួនមកកាន់ជម្លោះសមុទ្រចិនខាងត្បូង។

តែនៅពេលជាមួយគ្នានេះ ក្រុងម៉ានីលបានទទូចជាថ្មីម្ដងទៀតអោយក្រុងប៉េកាំង ពិនិត្យឡើងវិញ សាលក្រមនៃមជ្ឈឹត្តការអន្តរជាតិដែលផ្ដល់សិទ្ធិអោយហ្វីលីពីនចូលទៅកាន់កាប់ឡើងវិញកោះរបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូងនៅប្រជុំកោះស្កាបូរ៉ូនៅក្បែរដែនទឹក នៃប្រជុំកោះប៉ារ៉ាហ្សែល។

តាមប្រភពដដែលនេះ សេចក្ដីថ្លែងការណ៍របស់ ក្រសួងការពារជាតិហ្វីលីពីន បានធ្វើឡើងភ្លាមៗ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បាននិយាយថាអាមេរិកសច្ចាថានឹងមិនបណ្ដោយអោយចិន កាន់កាប់និងរំលោភបំពានបានឡើយដែនទឹកប្រទេសក្នុងតំបន់ ដោយចាត់ទុកថាទង្វើរបស់ចិនបានកំពុងបំពានលើដែនអធិបតេយ្យប្រទេសក្នុងតំបន់ ហើយកំពុងរំលោភច្បាប់សមុទ្រអន្តរជាតិឆ្នាំ១៩៨២ទៀតផង។
ស្របពេលនឹងគ្នានេះ សារព័ត៌មានតៃ វ៉ាន់ Taiwan Times បានចុះផ្សាយថា តៃវ៉ាន់មើលឃើញថា ចិន ជាអ្នកបង្កជម្លោះជាខ្លាំង វាតទីកាន់កាប់សមុទ្រខាងត្បូង ដោយមិនទុកអោយប្រទេសជាប់ពាក់ព័ន្ធរួមទាំងតៃវ៉ាន់ផងមានសិទ្ធការពារដែនកោះរបស់ខ្លួនឡើយ។

ក្រសួងការបរទេស តៃវ៉ាន់ចាត់ទុកថា វត្តមានកងទ័ពអាមេរិក អាចនឹងជួយរកដំណោះស្រាយ បានចំពោះជម្លោះដែនសមុទ្រចិនខាងត្បូងជាមួយនឹងប្រទេសចិន។ សម្រាប់តៃវ៉ាន់ប្រកាសថា កងទ័ពម៉ារីនរបស់ខ្លួន បានទៅដល់ហើយកោះរបស់តៃវ៉ាន់នៅសមុទ្រចិនខាងត្បូងគឺតាំងពីថ្ងៃទីមួយកក្ដដា។

មានសេចក្ដីរាយការណ៍មកថា ប្រទេសម៉ាឡេស៊ីក៏យល់ស្របនឹងហ្វីលីពីនផងដែរចំពោះរក្សាទុក វត្តមានកងទ័ពអាមេរិក នៅសមុទ្រខាងត្បូង។ បើដូចនេះមែន គឺប្រទេស២នៃសមាជិកអាស៊ាន សម្រេចទុកចិនជាអ្នកឈ្លានពាន និងជាសត្រូវ នឹងខ្លួនហើយចាប់ពីពេលនេះ។

តែនៅពេលជាមួយគ្នានេះ ចិននៅតែបង្ហាញសុទិដ្ឋិនិយមមួយ ថាអាស៊ាននឹងមិនហ៊ានកាត់ផ្ដាច់ចំណងមិត្តភាពនឹងចិនទេហើយអាមេរិកកំពុងខឹងសម្បារដែលអាស៊ានមានទំនាក់ទំនងល្អនឹងចិន ។

GLOBAL TIMESដែលជាសារព័ត៌មានបក្សកុម្មុយនីស្ដចិនបានអះអាងក្នុងវិចារណកថារបស់ខ្លួនថា ចិននិងតំបន់អាស៊ានមានការិកចម្រើនខ្លាំងណាស់ទាំងសេដ្ឋកិច្ច និងសហប្រតិបត្តិការទ្វេភាគីហើយសង្ឃឺមថាក្រមប្រតិបត្តិសមុទ្រកំពុងដំណើរការយ៉ាងរលូន។ដូចនេះ អាមេរិកចង់បង្កឱ្យរលកបែកបាក់សម្ព័ន្ធភាពអាស៊ាន-ចិនគឺមិនអាចទៅរួចទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស