សកម្មជនការពារព្រៃឈើនៅខេត្តរតនគិរី ដែលត្រូវបានគេព្រួតវាយរហូតសន្លប់នៅមុខអាជ្ញាធរកាលពីសប្តាហ៍មុននោះ បានអំពាវនាវឲ្យ លោកហ៊ុន សែន ជួយរកយុត្តិធម៌ដើម្បីបញ្ចៀសនូវអំពើអាក្រក់បែបនេះកើតឡើងទៅលើអ្នកការពារព្រៃឈើបន្តទៀត។
ថ្លែងក្នុងសន្និសិទសារព័ត៌មាននៅរាជធានីភ្នំពេញនាថ្ងៃទី១៦ខែកក្កដា សកម្មជនការពារព្រៃឈើមកពីខេត្តរតនគិរី លោក ឆន ផល្លា បញ្ជាក់ថា លោកត្រូវបានពលរដ្ឋមួយក្រុមព្រួតគ្នាវាយនៅមុខអាជ្ញាធរឃុំ អាជ្ញាធរស្រុក ក្នុងវេទិកាសាធារណៈមួយកាលពីថ្ងៃទី៨ ខែកក្កដា រហូតដល់សន្លប់ ប៉ុន្តែគ្មានអាជ្ញាធរណាជួយអន្តរាគមន៍ឡើយ បើទោះបីជាលោករត់រកអាជ្ញាធរឱ្យជួយក៏ដោយ។
លោកអះអាងថា ក្នុងវេទិកាសាធារណៈនោះលោកបានឡើងថ្លែងអំពីភាពអសកម្មរបស់អាជ្ញាធរ ក្នុងការបើកដៃឱ្យជនល្មើសចូលកាប់បំផ្លាញព្រៃឈើ និងស្នើឱ្យអាជ្ញាធរជួយចាត់វិធានការលើក្រុមជនល្មើស ត្បិតលោកបានដាក់ពាក្យប្តឹងពួកគេតាំងពីឆ្នាំ២០១៧ ប៉ុន្តែ បណ្តឹងនោះនៅតែត្រូវបានធ្វើមិនដឹងមិនឮ។
ក្រោយមកក៏មានមនុស្សមួយក្រុមបានព្រួតគ្នាវាយលោករហូតដល់សន្លប់ និងបានយកទូរស័ព្ទមួយគ្រឿងរបស់លោកទៅបាត់ថែមទៀត។ ក្នុងពេលព្រួតវាយនោះលោក ឆន ផល្លា អះអាងថាខ្លួនបានរត់ទៅរកអភិបាលស្រុកលំផាត់ លោក នូ ថេរ ឱ្យជួយ ប៉ុន្តែបានត្រឹមតែការគំរាមចាប់ខ្លួនលោកដាក់គុកពីអភិបាលស្រុកលំផាត់រូបនោះប៉ុណ្ណោះ ប្រសិនបើលោកនៅតែមិនព្រមបញ្ឈប់សកម្មភាពប្តឹងជនល្មើសរឿងបំផ្លាញធនធានធម្មជាតិបន្តទៀត។
បញ្ហានេះ លោក ឆន ផល្លា ស្នើទៅលោក ហ៊ុន សែន ជួយរកយុត្តិធម៌ឱ្យលោក និងស្នើឱ្យក្រសួងគ្រប់ស្ថាប័នចុះទៅពិនិត្យនៅកន្លែងកើតហេតុនោះផ្ទាល់ ត្បិតលោកគ្រាន់តែចូលរួមចំណែកជួយការពារព្រៃឈើ ដូចការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រីកាលពីពេលកន្លងមក ដោយឱ្យពលរដ្ឋទាំងអស់ចូលរួមការពារព្រៃឈើ និងធនធានធម្មជាតិសម្រាប់មនុស្សតជំនាន់ក្រោយ។
កាលពីថ្ងៃទី ៩ ខែកក្កដា លោកហ៊ុន សែន បានប្រាប់ទៅពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាការពារបរិស្ថានធម្មជាតិឲ្យបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លូនយើងផង សហគមន៍ផង និងជីវិតសត្វព្រៃគ្រប់ប្រភេទផង ព្រមទាំងប្រព័ន្ធជីវៈចម្រុះជាច្រើនផងដែដែលជាសម្បត្តិរបស់មនុស្សជាតិនៅគ្រប់ជំនាន់។
យ៉ាងនេះក្តីក្រុមអ្នកស្រលាញ់ព្រៃឈើ ស្រលាញ់បរិស្ថាន កន្លងមកគេសង្កេតឃើញថាតែងសស្រាក់សស្រាំ ក្នុងការចូលរួមការពារធនធានធម្មជាតិរហូតមកទាំងការចុះល្បាតព្រៃ ការប្រមូលព័ត៌មានជាដើម ប៉ុន្តែមន្ត្រីរដ្ឋាភិបាលតាំងពីថ្នាក់ក្រសួងរហូតដល់ថ្នាក់មូលដ្ឋានតែងរារាំងឬគំរាមកំហែង ដល់ប្រជាសហគមន៍ សកម្មជនព្រៃឈើ ក្រោមលេសថាសកម្មភាពពួកគេធ្វើឡើងដោយខុសច្បាប់ ឬប្រឆាំងរដ្ឋាភិបាលជាដើម។
មិនតែប៉ុណ្ណោះសកម្មភាពរបស់សកម្មជនការពារព្រៃឈើ ក៏ត្រូវរងការវាយដំ ការប្រមាថអាយុជីវិត និងការធ្វើទុក្ខបុកម្នេញពីសំណាក់ជនល្មើស ព្រមទាំងអាជ្ញាធរឥតស្រាកស្រាន្ត។
ក្រុមអ្នកឃ្លាំមើលបញ្ហាព្រៃឈើយល់ឃើញថាមន្ត្រីថ្នាក់ក្រោមតែងដើរបញ្រ្ចាស់ប្រសាសន៍ ឬបញ្ជា ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ជានិច្ច។ ដោយឡែក លោកនាយករដ្ឋមន្ត្រីវិញ ក៏ហាក់ស្ងៀមស្ងាត់ទៅនឹងរាល់សកម្មភាពធ្វើទុក្ខបុកម្នេញដល់អ្នការពារធនធានធម្មជាតិទាំងនោះរហូតមក ដែលធ្វើឱ្យឥទ្ធិពលប្រសាសន៍ឬបទបញ្ជារបស់លោកលែងមានតម្លៃបន្តិចម្តងៗ ដោយសារមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន។
បញ្ហានេះ ក៏មានការចោទសំណួរថា តើការប្តេជ្ញាចិត្តការពារធនធានធម្មជាតិនិងឱ្យពលរដ្ឋគ្រប់រូបចូលរួមការពារព្រៃឈើ ឬធនធានធម្មជាតិកន្លងមកនោះ គ្រាន់តែជាការប្តេជ្ញាចិត្តលេងៗ ឬ គ្រាន់តែនិយាយឱ្យល្អមើលប៉ុណ្ណោះ?