29.3 C
Phnom Penh

អាជ្ញាធរខេត្តកោះកុងព្រមានចាត់វិធានការច្បាប់ លើអ្នកលក់ដីតំបន់ការពារធម្មជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរខេត្តកោះកុង បានប្រកាសព្រមានចាត់វិធានការច្បាប់ចំពោះជនទាំងឡាយណាដែលបានចូលរួមប្រព្រឹត្តិសកម្មភាពលក់ដូរ ឬទិញ ដីតំបន់ព្រៃការពារ តំបន់ព្រៃធម្មជាតិ ដែលផ្ទុយទៅនឹងច្បាប់។

ក្នុងសេចក្តីជូនដំណឹងរបស់របស់រដ្ឋបាលសាលាខេត្តកោះកុងកាលពីថ្ងៃទី១៤ ខែកក្កដា ដែល The Cambodia Daily ទើបទទួលបាននៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសមិនទទួលស្គាល់ការទិញ ឬលក់ដី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ ឬតំបន់អភិរក្សជាដើម។

ការប្រកាសនេះ បន្ទាប់ពីអាជ្ញាធរជាប់ព្រំដែនថៃមួយនេះរកឃើញថា តំបន់ការពារធម្មជាតិ និងគម្របព្រៃឈើស្ថិតក្នុងស្រុកមួយចំនួនក្នុងខេត្តកោះកុង កំពុងរងការកាប់ទន្ទ្រាន និងធ្វើអាជីវកម្មលក់ដូរយ៉ាងអនាធិបតេយ្យ។

រដ្ឋបាលខេត្តកោះកុងបានឱ្យដឹងថា នៅតាមបណ្តាភូមិឃុំជាពិសេសស្រុកបុទុមសាគរ ស្រុកកោះកុង ស្រុកគិរីសាគរ ស្រុកថ្មបាំង និងតំបន់មួយចំនួនទៀត មានការទិញលក់ដីស្ថិតក្នុងតំបន់ការពារធម្មជាតិ ដីសហគមន៍ និងគម្របព្រៃឈើយ៉ាងអនាធិបតេយ្យ។

សេចក្តីជូនដំណឹងដដែលលើកឡើងថា ការទិញលក់ដីធ្លីដោយមិនមានការចូលរួមចុះពិនិត្យ និងវាស់វែងត្រឹមត្រូវពីមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ដោយគ្រាន់តែមានការផ្តិតមេដៃរវាងអ្នកលក់ និងអ្នកទិញ គឺជាទង្វើខុសច្បាប់ ហើយអាជ្ញាធរខេត្តកោះកុងប្រកាសចាត់ទុកសកម្មភាពទិញលក់ដីទាំងនោះជាមោឃៈ និងបដិសេធចោល។

មិនតែប៉ុណ្ណោះអាជ្ញាធរ ព្រមានចាត់វិធានការច្បាប់លើជនទាំងនោះថែមទៀតផង ព្រោះបញ្ហានេះអាច នឹងប្រឈមការផ្តន្ទាទោសទៅតុលាការតាមផ្លូវច្បាប់។

កាលពីថ្ងៃទី៣ខែកក្កដា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ជាអោយកាត់ឆ្វៀលដីជូនពលរដ្ឋរស់នៅក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋដែលបានមកអាស្រ័យផល និងមកធ្វើផ្ទះរស់នៅតំបន់ទាំងនោះ ជាច្រើនឆ្នាំមកហើយ។

លោកបន្តថា ការសម្រេចដូចនេះ ព្រោះកន្លងមក រដ្ឋមានតែដីក្នុងផែនទីទេ តាមពិតមានពលរដ្ឋខ្លះបានកសាងលំនៅដ្ឋានរស់នៅបង្កើតកូនចៅរាប់សិបឆ្នាំមកហើយនៅលើទីតាំងដីទាំងនោះ។ លោកថា នេះជាការដោះស្រាយកង្វល់ជូនពលរដ្ឋពិតប្រាកដ ដោយមិនត្រូវទុក ពលរដ្ឋអោយភ័យខ្លាច អត់ឃ្លាន រត់ទៅចំណាកស្រុកគេតទៅទៀត។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីក៏បានស្នើមិនឱ្យពលរដ្ឋពង្រីកឬរុករានដីព្រៃបន្ថែមទៀតឡើយ ព្រោះត្រូវការរក្សាទុកព្រៃសហគមខ្លះនៅជិតៗនោះដើម្បីជាប្រយោជន៍សហគមរស់នៅផងដែរ។

លោកបញ្ជាទៅ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី ត្រូវដោះស្រាយអោយដាច់ស្រេចក្នុងតែប៉ុន្មានខែខាងមុខ ដើម្បីចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋ ហើយកិច្ចការនេះត្រូវធ្វើអោយបានហ្មត់ចត់និងត្រឹមត្រូវបំផុត។ ទោះបីជាយ៉ាងនេះក្តី លោកហ៊ុន សែន ក៏បានព្រមានដល់ជនឆ្លៀតឱកាសពីការបែងចែកនឹងទទួលដីធ្លីនេះ ថានឹងត្រូវមានទោសប្រសិនបើរកឃើញថា ពួកគេបានកេងចំណេញពីសេចក្តីសម្រេចនេះ។

ជាមួយគ្នានេះ លោកទទួលស្គាល់ថា មានតែអ្នកមានអំណាច និងអ្នកមានទ្រព្យជាច្រើនប្រើអ្នកតូចតាចអោយទៅកាប់រុករានទន្រ្ទានយកដីអោយខ្លួន ហើយក្រុមជនខិលខូចដែលទៅទន្រ្ទានយកដីរដ្ឋ ក្នុងមួយយប់ពួកគេធ្វើបានខ្ទមពី១០ទៅ២០។

បុរសខ្លាំងនៅកម្ពុជា បញ្ជាក់ថា លោកបានដឹងអំពីបញ្ហានេះ និងបានកំណត់អត្តសញ្ញាណឬមុខសញ្ញាពួកគេរួចអស់ហើយដែរ។ លោកអះអាងថាប្រសិនបើការស្រាវជ្រាវរកឃើញថាពួកគេទាំងនោះបានប្រព្រឹត្តិបែបនេះមែន គឺនឹងត្រូវចាប់ខ្លួនតែម្តង។

ប៉ុន្តែតាំងពីថ្ងៃទី៣ខែកក្កដា ក្រោយពេលលោកហ៊ុន សែន ព្រមានរួចមកគេនៅមិនទាន់ឃើញរដ្ឋាភិបាលចាត់វិធានការលើមន្ត្រីឬអ្នកមានប្រាក់ ពាក់ព័ន្ធករណីនេះនៅឡើយទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស