26 C
Phnom Penh

ក្រសួងអះអាងថាជំងឺគ្រុនឈាមនិងគ្រុនចាញ់ថយចុះខ្លាំងបើប្រៀបទៅនឹងឆ្នាំមុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាលអះអាងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០ ស្ថានភាពជំងឺគ្រុនឈាម និងជំងឺគ្រុនចាញ់នៅកម្ពុជា មានការថយចុះច្រើនគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩។

ក្នុងសេចក្តីប្រកាសព័ត៌មានពីរដាច់ដោយឡែកពីគ្នា របស់ក្រសួងសុខាភិបាលកាលពីថ្ងៃម្សិលមិញបានបញ្ជាក់ថា រយៈពេល៦ខែដើមឆ្នាំនេះអ្នកឆ្លងជំងឺគ្រុនឈាមមានចំនួនជាង៣ពាន់ករណី (៣ ៣៣៩) ដោយស្លាប់៤នាក់ ស្មើ០,០៣ភាគរយ។  ចំនួនេះក្រសួងថា មានការថយចុះរហូតដល់ទៅ៨៨ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។

ដោយឡែកស្ថានភាពជំងឺគ្រុនចាញ់វិញ គឺមានអ្នកជំងឺជាង៤ពាន់៥រយនាក់ ដែលកើតឡើងក្នុងរយៈពេល៦ខែដើមឆ្នាំនេះប៉ុន្តែគ្មានអ្នកស្លាប់ ហើយក្រសួងសុខាភិបាលអះអាងថាចំនួននេះគឺថយចុះ៧០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ផងដែរ។

ទោះបីជា ស្ថានភាពនៃជំងឺគ្រុនឈាមនិងគ្រុនចាញ់បានថយចុះយ៉ាងច្រើននៅក្នុងឆ្នាំ២០២០ក៏ដោយ  ប៉ុន្តែក្រសួងថាករណីជំងឺទាំងពីរនេះ បន្តកើតមាន លើប្រជាពលរដ្ឋដោយភាពរាយប៉ាយខ្ពស់និងរាយប៉ាយដោយដុំៗ នៅតាមទីតាំងភូមិសាស្ត្រផ្សេងៗពីគ្នា។

លិខិតដដែលបន្តថា ជាក់ស្តែង ចំពោះជំងឺគ្រុនឈាម គឺមានកើតឡើងជាលក្ខណៈរាយប៉ាយដុំៗនៅតាមភូមិប្រជុំជនមួយចំនួន ពិសេសនៅភ្នំពេញ ខេត្តព្រះសីហនុ ប៉ៃលិន សៀមរាប កណ្តាល កំពង់ធំ តាកែវ មណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ។ 

ដោយឡែកជំងឺគ្រុនចាញ់វិញ បន្តកើតឡើងដោយភាពរាយប៉ាយខ្ពស់ គឺមាននៅតាមទីតាំងភូមិសាស្ត្រឬតំបន់មានព្រៃ-ភ្នំ ក្រៅពីនៅខេត្តមណ្ឌលគិរី រតនគិរី ក៏មានកើតឡើងនៅក្នុងខេត្តកំពង់ស្ពឺ ពោធិ៍សាត់់ និងស្ទឹងត្រែង។

បញ្ហានេះ ក្រសួងសុខាភិបាលបន្តជំរុញឱ្យពលរដ្ឋគ្រប់រូបត្រូវបន្តចូលរួមអនុវត្តសកម្មភាពនានាតាមវិធានការពារនានារបស់រដ្ឋាភិបាល និងការណែនាំរបស់មន្ត្រីជំនាញ។

វិធានប្រយុទ្ធប្រឆាំងនឹងជំងឺទាំងពីរប្រភេទនេះ ក្រសួងណែនាំពលរដ្ឋថា សូមកុំភ្លេចយកមុងជ្រលក់ថ្នាំទៅតាមពេលចូលព្រៃភ្នំ ទៅតំបន់ប្រឈមចម្លងជំងឺគ្រុនចាញ់ ដោយត្រូវសំរាន្តក្នុងមុងជ្រលក់ថ្នាំជាប្រចាំ។ ប្រសិនអ្នកសង្ស័យខ្លួនកើតជំងឺគ្រុនចាញ់ ត្រូវស្វែងរកសេវាពិនិត្យសុខភាព និងព្យាបាលជំងឺដែលនៅជិតអ្នកបំផុត។

រីឯការប្រយុទ្ធប្រឆាំងនឹង ជំងឺគ្រុនឈាមវិញពលដ្ឋម្នាក់ៗត្រូវមានកាតព្វកិច្ចចូលរួមទទួលខុសត្រូវលើការងារទាំងអស់ដូចជា ការលុបបំបាត់ភ្នាក់ងារ ឬប្រភពចម្លងរួមមានបំបាត់ជម្រកមូសខ្លា និងដង្កូវទឹកជាដើម ។

ក្រសួងថា ក្នុងករណីសង្ស័យសមាជិកក្នុងគ្រួសារ ពិសេសកូនតូចៗកើតជំងឺគ្រុនឈាម ត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យណាដែលនៅជិតផ្ទះបំផុត ដើម្បីទទួលបានសេវាធ្វើរោគវិនិច្ឆ័យ ឬ ព្យាបាលជំងឺបានទាន់ពេលវេលា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស