26 C
Phnom Penh

អ្នកខ្ចីលុយធនាគារសង់ផ្ទះ ឬអគារទុកជួលឱ្យចិននាខេត្តព្រះសីហនុបន្តបារម្ភខ្លាចចិនមិនវិលវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ ឬអ្នកមានដីធ្លី និងផ្ទះសម្រាប់ជួលជាពិសេសអ្នក ដែលទៅខ្ចីលុយធនាគារយកមកសង់ផ្ទះ និងសង់អគារ ទុកជួលឱ្យចិនបន្តបង្ហាញអារម្មណ៍ភ័យព្រួយខ្លាចអ្នកវិនិយោគទុនជនជាតិចិន មិនវិលមកត្រឡប់ខេត្តព្រះសីហនុវិញ។ រហូតមកទល់ពេលនេះ ពលរដ្ឋមួយចំនួននៅក្នុងខេត្តនេះបានជំពាក់បំណុលធនាគារវ័ណ្ឌក ដោយសារពួកគេបានខ្ចីលុយធនាគារយកទៅពង្រីកមុខរបរ ឬឃើញដំរីជុះ ចង់ជុះតាមដំរីនោះ។

ការចាកចេញរបស់ជនជាតិចិនរាប់ម៉ឺននាក់ ស្ងាត់បាត់ពីក្រុងព្រះសីហនុ រហូតមកទល់ពេលនេះ បានក្លាយជាប្រធានបទយ៉ាងក្តៅគគុកនៃការជជែកគ្នា របស់ក្រុមអ្នកមានដី និងផ្ទះ ទុកសម្រាប់ជួល ជាពិសេសក្រុមអ្នកខ្ចីលុយធនាគារ យកមកសង់ផ្ទះ និងអគារ ទុកជួលឱ្យចិន នៅតាមហាងផឹកស៊ី, ហាងកាហ្វេ និងតុគុយទាវជាដើម។

អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ថ្លែងថា ការចាកចេញ របស់ជនជាតិចិន កាលពីចុងឆ្នាំ២០១៩ ពិតជានាំឱ្យពលរដ្ឋ ដែលជាម្ចាស់អចលនទ្រព្យ អ្នកមានដីធ្លី និងផ្ទះ បម្រុងជួល ឬក៏ជួលរួចហើយ មានការព្រួយបារម្ភ ខ្លាចចិន មិនវិលមកខេត្តព្រះសីហនុវិញ ហើយពួកគាត់ នៅតែបន្តបាត់បង់ប្រាក់ចំណូល។

អ្នកស្រីបន្តថា ចំពោះអ្នកដែលព្រួយបារម្ភខ្លាំងជាងគេ នៅខេត្តព្រះសីហនុ រាល់ថ្ងៃនេះ គឺក្រុមមនុស្ស ដែលទៅខ្ចីលុយពីធនាគារ យកទៅទិញដីទុក ឬសង់ផ្ទះ និងសង់អគារស្កឹមស្កៃ ទុកជួលឱ្យជនជាតិចិន ព្រោះតែកន្លងមកអាជីវករចិន បានរត់ចោលផ្ទះជួល ឬដីជួល ដែលពួកគាត់បានជួលរួច និងបម្រុងជួល បានប្រាក់ចំណូលប្រចាំខែខ្ពស់នោះ។

សម្រាប់ប្រជាពលរដ្ឋមួយចំនួន ដែលបានទៅខ្ចីលុយពីធនាគារ មកពង្រីកមុខរបរ ឬជំនួញ បានរអ៊ូរទាំ និងទទួលស្គាល់ថា ពួកគាត់កំពុងតែភ័យព្រួយ ដេកមិនលក់ បក់មិនល្ហើយទេ ឬបាយមិនចូល ដោយសារពួកគាត់បានខ្ចីលុយពីធនាគារ យកទៅវិនិយោគសង់អគារ ឬផ្ទះ ទុកជួលឱ្យជនជាតិចិនរស់នៅ និងបើកធ្វើអាជីវកម្មផ្សេងៗ ប៉ុន្តែពួកគាត់ ព្រួយបារម្ភខ្លាចពេលចិនចាកចេញ ហើយចិន មិនវិលចូលក្រុងព្រះសីហនុ ឬក៏ចិនវិលវិញដែរ ប៉ុន្តែពួកគេ ឈប់ជួលសំណង់ អគារ របស់គាត់ទៀត ដែលនាំឱ្យពួកគាត់ បន្តជំពាក់បំណុលធនាគារវ័ណ្ឌកដដែលនោះ។

ការព្រួយបារម្ភ រហូតឈានដល់ពលរដ្ឋរស់នៅក្រុងព្រះសីហនុខ្លះ បាយមិននឹក ទឹកមិនស្រេកខាងលើនេះ គឺកើតឡើងក្រោយពេលដែល ជនជាតិចិន រាប់ពាន់ ឬរាប់ម៉ឺននាក់ បានចាកចេញពីក្រុងទេសចរណ៍មួយនេះ កាលពីចុងខែសីហា ឆ្នាំ២០១៩ ក្រោយពេលរដ្ឋាភិបាលកម្ពុជា បិទល្បែងតាមប្រព័ន្ធអ៊ិនធឺណេត ឬហៅថា Game Online។

ជាងនេះទៅទៀត ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញប្រកាសស្ដីពីការកំណត់ប្រភេទមុខរបរ និងការងារ ដែលត្រូវហាមឃាត់ ចំពោះជនបរទេស ចំនួន១០ប្រភេទ ហាមមិនឱ្យជនបរទេស បើកធ្វើអាជីវកម្មនៅកម្ពុជា។

ទោះជាបែបនេះក្តី មន្ត្រីនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានប្រាប់កាសែតក្នុងស្រុកថា នៅឆមាទី២ ឆ្នាំ២០២០នេះ  សង្កេតឃើញវត្តមានអ្នកវិនិយោគ និងភ្ញៀវទេសចរជនជាតិចិន បានធ្វើដំណើរចូលមកក្រុងព្រះសីហនុ ជាបណ្តើរៗឡើងវិញហើយ។

លោកថា វត្តមានជនជាតិចិនខាងលើនេះ ឃើញមានចំនួនរាប់ពាន់នាក់ ដោយធ្វើដំណើរតាមជើងហោះហើរផ្ទាល់ពីប្រទេសចិន ចូលមកព្រលានយន្តហោះអន្តរជាតិកេងកង នៃខេត្តព្រះសីហនុ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស