38 C
Phnom Penh

ខណៈតៃវ៉ានធ្វើសមយុទ្ធបាញ់គ្រាប់ពិត ស្រាប់តែនាវាស៊ើបការណ៍របស់ ចិន បើកចូលគៀក​នឹងនាវាសមយុទ្ធរបស់តៃវ៉ាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កោះតៃវ៉ាន់ដែល បានផ្ដាច់ខ្លួន ដោយសារសង្រ្គាមស៊ីវិលនៅឆ្នាំ១៩៤៩ពី ប្រទេសចិន នៅពេលនេះបានក្លាយជា ដែនកោះមួយ ត្រូវគេមើលឃើញថា ហ៊ានប្រឈមមុខនឹងការបង្កសង្រ្គាម ពីសំណាក់ មហាយក្សចិន បើទោះបី ចិនមានប្រជាជនជិត ១ពាន់ ៤រយលាននាក់ និងមានកងទ័ពប្រយុទ្ធជាង២លាននាក់ក៏ដោយ។

នៅថ្ងៃទី១៦កក្កដានេះ សារព័ត៌មាន Taiwan News បានចុះផ្សាយថា កោះតៃវ៉ាន់កំពុងធ្វើសមយុទ្ធយ៉ាងសម្បើម ហើយប្រធានាធិបតី អ្នកស្រីសាយ អ៊ឹងវិន បានធ្វើជាអធិបតីនៅក្នុងល្បែងសង្គ្រាមរយៈពេលប្រាំថ្ងៃដោយបាញ់គ្រាប់ពិតនៅកណ្ដាលទីក្រុង TAICHUNG។ សមយុទ្ធនេះ ប្រព្រឹត្តទៅដោយកងទ័ពជើងគោក ជើងទឹក និងជើងអាកាស។

សមយុទ្ធយោធារបស់តៃវ៉ាន់នោះ មានឈ្មោះថា ហានគួង «Han Kuang» ត្រូវបានធ្វើឡើងនៅតំបន់ឆ្នេរក្បែរទីក្រុង តៃជុង (Taichung) ស្ថិតនៅចំកណ្ដាលកោះតៃវ៉ាន់ និងមានការចូលរួមពីកងទ័ព ៨ពាន់នាក់ ព្រមទាំងយន្ដហោះចម្បាំង F-16 រួមទាំងរថក្រោះជាច្រើនគ្រឿង ដែលបានបាញ់គ្រាប់ពិត កម្ទេចចំគោលដៅ។

នៅក្នុងសមយុទ្ធនេះអាជ្ញាធរ តៃវ៉ាន់បានអូសនាវាចម្បាំងមួយគ្រឿងដែលបំពាក់ដោយមីស៊ីលបាញ់ក្នុងទឹកដែលនេះជាលើកទីមួយហើយអំឡុងពេល១៣ឆ្នាំចុងក្រោយដែលពួកគេបង្ហាញគ្រាប់ពិតនៃមីស៊ីលក្នុងពេលសមប្រយុទ្ធ។

ក្រសួងការពារជាតិតៃវ៉ាន់ បានប្រាប់សារព័ត៌មានអន្ដរជាតិនានាដោយអួតអាងថាមីស៊ីលនោះមានទម្ងន់ដ៏មហិមា ដែលបញ្ឆេះដោយភ្លើងអេឡិចត្រូនីច របស់នាវាមុជទឹក គឺវាមានប្រសិទ្ធភាពបាញ់ចំគោលដៅល្អណាស់។

នៅក្នុងកំឡុងពេលនៃការធ្វើសមយុទ្ធរូបភាពដ៏គួរឱ្យព្រឹព្រួចនេះ សេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន Channel News Asia បានចុះផ្សាយថា ចិនបានបញ្ជូននាវាស៊ើបការណ៍ចំនួនពីរគ្រឿងសំដៅ មកឆ្នេរខាងកើតនៃកោះតៃវ៉ាន់។ បន្ទាប់មកនាវាចម្បាំងរបស់តៃវ៉ាន់បានចេញទៅឃ្លាំមើល និងធ្វើឱ្យញញើតដល់ក្រុមនាវិករបស់ចិន ហើយនាវាទាំងពីរនោះ ក៏បើកសំដៅចាកចេញទៅយ៉ាងលឿនវិញ។

តែនៅពេលជាមួយគ្នានេះ បើតាមSouth China morning postក្នុងពេលដែលតែវ៉ាន់កំពុងតែបើកការសមយុទ្ធនោះ គេសង្កេតឃើញមានយន្ដហោះស៊ើបការណ៍អាមេរិកមួយគ្រឿង បានហោះមកក្បែរខេត្ត     ក្វាងទុង (Guangdong) នៃភាគខាងត្បូងប្រទេសចិន ក្រោមក្របខណ្ឌនៃប្រតិបត្តិការ ដ៏កម្រមួយ ដែលគេជឿជាក់ថាមានគោលបំណងតាមឃ្លាំមើលសកម្មភាពយោធានានា នៅក្នុងតំបន់។

យន្ដហោះស៊ើបការណ៍អាមេរិក E-8C បានបង្ហាញខ្លួននៅចំងាយប្រហែល ១១០គីឡូម៉ែត្រពីតំបន់ឆ្នេរ នៅថ្ងៃចន្ទសប្ដាហ៍នេះ ពោលគឺចំថ្ងៃតែមួយដែលកោះតៃវ៉ាន់បាន ចាប់ផ្ដើមការធ្វើសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំ។ មុននឹងហោះមកក្បែរខេត្តក្វាងទុង យន្ដហោះ E-8C បានស្ថិតនៅឯមូលដ្ឋានទ័ពអាកាស Kadena ក្នុងប្រទេសជប៉ុន និងបានហោះហើរពីលើទីក្រុងតូក្យូ ផងដែរ។

តែយ៉ាងណាសមយុទ្ធនេះធ្វើឡើងក្រោយពីមួយសប្ដាហ៍ដែល សហរដ្ឋអាមេរិកបានប្រកាសយល់ព្រមជាផ្លូវការហើយ ក្នុងការជួយអភិវឌ្ឍសមត្ថភាព គ្រាប់មីស៊ីល Patriot សម្រាប់វាយប្រហារពីផ្ទៃដីទៅលើអាកាស ឲ្យកោះតៃវ៉ាន់។

បើតាម Taiwan News.com អ្នកស្រីប្រធានាធិបតី សាយ អ៊ឹងវិន បានហៅសមយុទ្ធនេះថាជាការការពារដែនកោះរបស់ខ្លួន ពីការឈ្លានពានជាយថាហេតុណាមួយ ពីសំណាក់កងកម្លាំងខាងក្រៅ ដែលទំនងអ្នកស្រីចង់និយាយយោងទៅលើប្រទេសចិន។

អ្នកស្រីប្រាប់កងទ័ពទាំងនោះថា«Han Kuang គឺជាសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ ដែលផ្ដល់ឱកាសកងទ័ពទាំងអស់វាយតម្លៃ និងអភិវឌ្ឍសមត្ថភាពប្រយុទ្ធរបស់ខ្លួន ក៏ដូចជា ការបង្ហាញពីការប្ដេជ្ញាចិត្ត ការពារដែនកោះរបស់ខ្លួន ពីការឈ្លានពានជាយថាហេតុណាមួយ ពីសំណាក់កងកម្លាំងខាងក្រៅ»

ការធ្វើសមយុទ្ធនៃដែនដីកោះមួយនេះចំពេលដែលចិនរងនូវការដាក់សម្ពាធពីប្រទេសក្នុងសមាគមអាស៊ាន និងកោះតៃវ៉ាន់ ដែលចោទចិនថាបានឈ្លានពានយកដែនកោះរបស់ពួកគេ។

ជាងនេះទៅទៀត ចិនក៏ រងសំពាធដ៏ខ្លាំង សំណាក់កងទ័ពសហរដ្ឋអាមេរិកដែលបានដាក់ពង្រាយនាវាផ្ទុកយន្តហោះដ៏ធំចំនួន២គ្រឿងអមដោយនាវាចម្បាំងជាច្រើនគ្រឿងនៅសមុទ្រចិនខាងត្បូង ជាទីតាំងដែលចិន មានផែនការចូលកាន់កាប់កោះរបស់ប្រទេសមួយចំនួនថែមទៀត។

អំឡុងពេលជាង២សប្ដាហ៍មកនេះវត្តមានកងទ័ពរបស់ចិនពុំឃើញមកកាន់សមុទ្រចិនខាងត្បូងទៀតនោះទេ។ ប៉ុន្តែគេសង្កេតឃើញកងនាវាកងទ័ពអាមេរិក ធ្វើសកម្មភាពយ៉ាងសកម្ម។

ទាំងកោះ តៃវ៉ាន់ ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម បានគាំទ្រវត្តមានកងទ័ពអាមេរិក ដែលដាក់ពង្រាយនៅសមុទ្រចិនខាងត្បូង។ ក្នុងព្រឹត្តិការណ៍នេះ អាជ្ញាធរកោះតៃវ៉ាន់ប្រកាសថានឹង បញ្ជូនទ័ពម៉ារីនរាប់រយនាក់ថែមទៀតទៅកាន់ដែនកោះរបស់ខ្លួននៅសមុទ្រចិនខាងត្បូង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស