38 C
Phnom Penh

មន្ត្រីស្ថានទូតអាមេរិកនៅកម្ពុជា២នាក់ និងពលរដ្ឋខ្មែរ៣នាក់ រកឃើញ​ឆ្លងជំងឺកូវីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០៥នាក់ លើជនជាតិខ្មែរ៣នាក់ និងមន្ត្រីជាន់ខ្ពស់កាទូតនៃស្ថានទូតអាមេរិកប្រចាំកម្ពុជាជាជនជាតិអាមេរិកាំងចំនួន២នាក់ ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៧ ខែកក្កដាបានឱ្យដឹងថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន០៥នាក់ រួមមានបុរសជនជាតិខ្មែរចំនួន០២នាក់ ស្ត្រីជនជាតិខ្មែរ០១នាក់ និងបុរសជនជាតិអាមេរិកាំងចំនួន០២នាក់។

ប្រភពដដែលបន្តថា ករណីជនជាតិខ្មែរ០៣នាក់ ដែលរកឃើញថាវិជ្ជមាននៃជំងឺកូវីដ-១៩ រួមមានបុរសអាយុ ៣៤ឆ្នាំ និងកូនប្រុសបង្កើតអាយុ៥ឆ្នាំ មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ ក្រោយពេលត្រឡប់មកពីសហរដ្ឋអាមេរិក។ ដោយឡែក ស្ត្រីខ្មែរអាយុ៦០ឆ្នាំ រស់នៅសហរដ្ឋអាមេរិក ក៏រកឃើញថាវិជ្ជមានជំងឺកូវីដ១៩នេះ បន្ទាប់ពីបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរ នៅប្រទេសចិន                មកដល់ប្រទេសកម្ពុជាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

បច្ចុប្បន្នពួកគាត់ទាំងបីនាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានីភ្នំពេញ។

តាមជើងហោះហើរនេះ មានអ្នកដំណើរសរុបចំនួន ៧៧នាក់ ដោយមានស្រី្ត ២៦នាក់ ក្មេងតូច ២នាក់ កុមារ ៤នាក់ និងបុរស ៤០នាក់ លទ្ធផលពីការធ្វើតេស្ត អវិជ្ជមានកូវីដ-១៩ទាំងអស់ ប៉ុន្តែពួកគេត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក៣កន្លែងផ្សេងគ្នា។ 

រីឯមន្ត្រីស្ថានទូតអាមេរិក២នាក់ដែលរកឃើញ វិជ្ជមានកូវីដ១៩ ក្រសួងសុខាភិបាលអះអាងថា ពួកគេជាមន្ត្រីការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដែលកាន់វីសាប្រភេទ A ហើយត្រូវបានដាក់ស្នាក់នៅបន្ទប់ដាច់ដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ក្នុងរាជធានីភ្នំពេញ។ លទ្ធផលពីការធ្វើវិភាគវត្ថុសំណាករបស់ពួកគាត់ទាំងពីរនាក់ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។

ក្រសួងបន្តថា ជនជាតិអាមេរិកទាំងពីរនាក់នេះ បានធ្វើដំណើរពីសហរដ្ឋអាមេរិក បន្តជើងហោះហើរលេខ KE 689 នៅកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយមានអ្នកដំណើរតាមជើងហោះហើរមួយនេះសរុបចំនួន៩១នាក់។

សម្រាប់អ្នកដំណើរដែលមានលទ្ធផលតេស្តអវិជ្ជមាន ត្រូវបានដាក់ដាច់ឡែកនៅមណ្ឌលចត្តាឡីស័កទ័ពអាកាស រាជធានីភ្នំពេញចំនួន១០នាក់ និង៧៩នាក់ទៀត ត្រូវបានដាក់ឱ្យស្នាក់នៅសណ្ឋាគារមួយក្នុងសង្កាត់បឹងកេងកង១។

គិតត្រឹមថ្ងៃទី១៧ ខែកក្កដានេះ កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩សរុបចំនួន ១៧១នាក់ ក្នុងនោះស្ត្រី ៤២នាក់ និងបុរស ១២៩នាក់។ ក្នុងចំណោមអ្នកជំងឺ១៧១នាក់ កម្ពុជាបានព្យាបាលជាសះស្បើយ សរុបចំនួន ១៣៣នាក់ ហើយនៅសល់អ្នកជំងឺ៣៦នាក់ទៀតកំពុងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងសម្រាកព្យាបាលនៅបន្ទប់ដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស