33 C
Phnom Penh

នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្សប្រុសស្រីជាង៣០នាក់ ពាក់ព័ន្ធបើកអាជីវកម្មផ្លូវភេទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាណាព្យាបាលរស់នៅខេត្តព្រះសីហនុ សម្តែងការគាំទ្រចំណាត់ការ របស់សមត្ថកិច្ចជំនាញនគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបានបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងលួចលាក់បើកធ្វើអាជីវកម្មផ្លូវភេទ របស់ជនបរទេសចំនួន ៣កន្លែង មានទីតាំងនៅប្លុកភ្នំខៀវ ស្ថិតក្នុងសង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ដោយបានឃាត់ខ្លួនជនបរទេសជាង៣០នាក់។

ក្រុមប្រជាពលរដ្ឋនៅក្នុងខេត្តនេះក៏បានស្នើដល់ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បន្តសកម្មភាពចុះបង្ក្រាបបនពេស្យាដូចគ្នានេះ ឲ្យបានច្រើនទីតាំងថែមទៀត និងត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពយូរអង្វែង ដោយមិនត្រូវធ្វើសកម្មភាព ដូចវែកចកកណ្តាលបឹង ឬកណ្តាលទន្លេនោះទេ។ 

ចំណែកក្រុមមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស នៅក្នុងខេត្តព្រះសីហនុ អះអាងថា នៅមានទីតាំងបនពេស្យា ដែលកំពុងបើកធ្វើអាជីវកម្មផ្លូវភេទនេះជាច្រើនកន្លែងទៀត កំពុងធ្វើសកម្មភាព នៅចំណុចប្លុកភូមិថ្មី ក្បែរកំពង់ផែស្វយ័តក្រុងព្រះសីហនុជាដើម។

ពួកគេ ក៏បានសំណូមពរដល់សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ឲ្យបន្តយុទ្ធនាការចុះបង្ក្រាប ឬបិទទីតាំងប្រកបរបរផ្លូវភេទ នៅក្រុងទេសចរណ៍មួយនេះ ឲ្យបានដូចភ្លៀងរលឹម និងត្រូវអនុវត្តឲ្យមានតម្លាភាព និងមានប្រសិទ្ធភាពយូរអង្វែង។

ទាក់ទិនបញ្ហានេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា នៅម៉ោងប្រមាណជាង៩យប់ ថ្ងៃទី១៦ ខែកក្កដា កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ និងលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានឆ្មក់ចូលបង្រ្កាបទីតាំងបើកធ្វើអាជីវកម្មផ្លូវភេទ ឬបនពេស្យា ខុសច្បាប់ ចំនួន៣ទីតាំង ក្នុងផ្ទះសំណាក់យីហោ យិង ប៊ិន, ពូ អៀក និង អ៊ី ចាន់ ស្ថិតក្នុងក្រុម៣ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ត្រង់ប្លុកតំបន់ភ្នំខៀវ ដោយឃាត់ខ្លួន ជនបរទេសចំនួន ៣១នាក់ ក្នុងនោះមានបុរសចំនួន ១៦នាក់ និងស្រីចំនួន ១៥នាក់។

លោកបន្តថា ចំពោះអ្នកជាប់ពាក់ព័ន្ធទាំង៣១នាក់នេះ គឺមានជនជាតិចិន, វៀតណាម និងជនជាតិរុស្សី។ ហើយថា យុទ្ធនាការនេះ សមត្ថកិច្ចបានដកហូតសម្ភារជាវត្ថុតាង សម្រាប់បម្រើសេវាផ្លូវភេទមួយចំនួនធំថែមទៀតផង។

សមត្ថកិច្ចបន្តថា បច្ចុប្បន្ន ជនសង្ស័យពាក់ព័ន្ធបទល្មើសលួចបើកអាជីវកម្មផ្លូវភេទទាំង៣១នាក់  ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងឈានដល់កសាងសំណុំរឿងបញ្ចូនអ្នកជាប់ពាក់ព័ន្ធពិតប្រាកដ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ  ដើម្បីបន្តអនុវត្តនីតិវិធីតាមច្បាប់។

យ៉ាងណាក៏ដោយចុះ គិតត្រឹមល្ងាចថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ថា មានអ្នកជាប់ពាក់ព័ន្ធបទល្មើសលួចបើកធ្វើអាជីវកម្មផ្លូវភេទខាងលើនេះ ចំនួនប៉ុន្មាននាក់ ដែលនឹងត្រូវកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការផ្តន្ទាទោសនៅឡើយទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស